ព្រះសីហនុៈ ​ក្រសួង​ទេស​ចរណ៍​ និង​ក្រុម​ហ៊ុន​កូកាកូ​ឡា​បានរៀបចំ​វគ្គ​បណ្តុះ​បណ្តាលស្តី ​ពី​ការអនុវត្ត​វិធាន​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូបអា​ហារនិង​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ និង​ផ្លូវទឹក​ដល់​អ្នកប្រតិ​បត្តិ​ករ​ទេស​ចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ​ខណៈ​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​ខេត្ត​ដែល​សម្បូរ​តំបន់​ទេស​ចរណ៍នេះ​ច្រើន។

កម្មវិធី​បណ្តោះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើឡើង​ដាច់ដោ​យឡែក​​ពីគ្នា​ខណៈ​កាលពី​ថ្ងៃទី ២៩​ ខែវិច្ឆិកា​ អ្នក​លក់​អាហារ​នៅ​តាម​ដងផ្លូវ​ចំនួន​ ៥៥​ នាក់ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ចំណេះ​ដឹង​ផ្នែកអនាម័យ និង​បដិ​សណ្ឋារ​កិច្ច។ ចំណែក​ថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួង​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី​សេវា​កម្ម​ដឹក​ជញ្ជូន​ផ្លូវ​ទឹក និង​ផ្លូវ​គោក ដែល​មាន​អ្នក​ចូល​រួម ៣៦ នាក់​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះសី​ហនុ បាន​ថ្លែង​ថា ការរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ទាំង​នេះ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួក​គាត់​ទទួលបាន​នូវ​ការ ការរៀបចំ​សណ្តាប់ធ្នាប់​ខ្លួនប្រាណ អនាម័យ និង​ការ​ផ្តល់នូវ​សេវាកម្ម​ទេសចរណ៍ឱ្យបាន​ត្រឹមត្រូវមិន​ថា ​អ្នកលក់​តាមរ​ទះ លក់​តាម​ហាង​តូច ធំ គឺចាំបាច់​ត្រូវតែ​ឱ្យមាន​អនាម័យ។

លោក​បានបន្តថា យើង​ដឹង​ស្រាប់​ហើយ​ថា​រាជរដ្ឋាភិបាល​កម្ពុជាប្រកាស​ឱ្យ​ខេត្ត​ព្រះសីហនុ ទទួល​ទេសចរអន្តរជាតិ​ចាក់​វ៉ាក់សាំង​ក៏ដូចជា​ទេសចរ​ជាតិ។ដូច្នេះ​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធា​ន​សុវត្ថិភាព​ទេសចរណ៍ ការពង្រឹង​អនាម័យ ការពាក់​ម៉ាស់ រក្សា​គម្លាតនិង​ការរៀបចំ​គុណភាព​និង​សេវាកម្ម។

លោក​ថា៖ «អ៊ីចឹង​ពាក់​ព័ន្ធ​ការគ្រប់​គ្រង​គោលដៅ​ទេសច​រណ៍​ទាំងមូ​លគឺ​យើង​បណ្តុះ​បណ្តាល​​អាជីវក​ម្មដែល​ធ្វើ​ការបម្រើ​សេវា​កម្មឬ​បុគ្គលិក​ដែល​បម្រើការ​នៅ​ហាងទាំង​ផ្នែក​ម្ហូបអាហា​រ សេវា​ស្នាក់នៅ ។ មិន​ត្រឹម​តែ​ភោជនីយដ្ឋា​ន អាហា​រដ្ឋា​ន​ដែល​គាត់​មាន​ទីតាំង​ត្រឹមត្រូវ​ទេ ទាំង​អ្នកល​ក់ដូរ​តាមរ​ទះ ក៏​យើង​ចាំបាច់​ត្រូវតែ​ឱ្យ​គាត់​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ដែរ…»​។

លោក​បាន​បញ្ជាក់ថា មានន័យថា​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ​ក៏ដោយក៏ត្រូវ​ស្លៀកពាក់​ឱ្យបាន​សមរម្យ ត្រូវមាន​មួក ស្រោមដៃ អនាម័យ​សំខាន់​ជា​ចម្បង ព្រោះ​ភ្ញៀវ​ទេសចរ​ក៏​គេ​ចង់​ភ្លក់​ម្ហូបអាហារ នៅតាម​ដងផ្លូវ​ដែរ។

លោក​បន្តថា ទន្ទឹមនេះដែរ មន្ទីរ​ទេសចរណ៍ខេត្ត ក៏បាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក និង​ផ្លូវគោក​ដល់​អ្នកធ្វើការ​លើ​ផ្នែក​នេះផងដែរ។

លោក​ថា៖ «ការជំរុញ​ដល់​វគ្គ​បណ្តុះបណ្តាល​ទាំងអស់​គ្រប់​សេវាកម្មដូចគ្នា គឺ​ធ្វើយ៉ាងណា​ឱ្យ​គាត់​យល់ដឹង​ពី​ការចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ហើយ​គាត់​ត្រូវតែ​ត្រួតពិនិត្យ​ភ្ញៀវ​ដែល​មក​ទិញ ឬ​ប្រើ​ប្រាស់​សេវាកម្ម​របស់គាត់​នូវ​កាត​ចាក់​វ៉ាក់សាំងឱ្យបាន​ត្រឹមត្រូវ»។

លោក​បន្តថា ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះអ្នកជំនាញ​បាន​ក៏​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​សមត្ថកិច្ច​ទៅលើការគ្រប់គ្រង​អាជីវកម្ម​សណ្តាប់ធ្នាប់និង​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក គោក ពាក់ព័ន្ធ​បច្ចេកទេស យានយន្ត ដើម្បី​ធ្វើយ៉ាងណា​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទាំង​សេវាកម្ម សុវត្ថិភាព​អនាម័យ។

សម្រាប់​លោក ប៊ី រតនា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​កូកា ​កូឡា​កម្ពុជាដែល​បាន​ចូលរួម​ផ្តល់​ការបណ្តុះ​បណ្តាល​ផ្នែក​ចំណី​ហារ អនាម័យ បាន​ថ្លែងថា​៖«ដោយសារ​​ចំណេះដឹង​អ្នកល​ក់ដូរ​នៅតាម​ដងផ្លូវ​មួយចំ​នួននៅ​មានកម្រិត​ទាក់ទង​វិស័យ​អនាម័យ ​ដូច្នេះ​យើង​ព្យាយាមបង្កើ​ន​ចំណេះដឹង​​របស់​ពួកគាត់​ឱ្យមាន​ស្តង់ដា​កម្រិត​ខ្ពស់​ក្នុង​គោលដៅ​​ទាក់​ទាញ​អតិថិជន​​ឱ្យបាន​ច្រើន​មក​ទី​រួម​ខេត្ត​ព្រះ​សីហនុ»​។

អាជីវករ​លក់ដូរ​លោក លី សុ​ភ័​ក្រ បាន​ថ្លែងថា ប​ន្ទាប់ពី​បាន​ចូលរួម​វគ្គ​បណ្តុះប​ណ្តាល​ហើយ ទទួល​បាន​នូវ​ចំណេះដឹ​ង​ជា​ច្រើន ទាក់ទង​លើ​វិស័យ​ទេសចរ​ណ៍ អនាម័​យ និង​បរិស្ថាន។

លោក​​ថា៖«ចំ​ណុចល្អ​ៗទាំងអស់​នេះខ្ញុំ​នឹង​យកទៅ​កែប្រែដើម្បី​​ឆ្លើយតប​តម្រូវ​ការដែល​អ​តិ​ថិ​ជន​កំពុង​ត្រូវការ​ប្រចាំគឺ​ខ្ញុំ​នឹង​កែតម្រូវ​ឡើង​វិញ​នូវ​ភាព​ខ្វះខា​ត​ទាំង​នោះ»​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសច​រណ៍​ខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹងថា​បន្ទាប់ពី​​រាជរដ្ឋា​ភិបាល​ប្រកាស​ឱ្យ​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​កាលពី​ថ្ងៃទី ១ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១​ ភ្ញៀវ​ទេសច​រដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ​មានការ​កើន​ឡើង​ដោយ​ក្នុង ​១ សប្តាហ៍​​ មាន​ភ្ញៀវទេសច​រប្រមាណ ​៣ ម៉ឺន​នាក់​។

លោក​ថា៖ «មាន​ភ្ញៀវ​ទេសច​រទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​​កើន​ឡើង​ដល់៣​ម៉ឺន​នាក់​ក្នុង១សប្តាហ៍​ជាពិសេស​រយៈពេល​ឈប់​សម្រាក ​៣​ ថ្ងៃ​ នា​ឱកាស​បុណ្យអុំ​ទូក​កន្ល​ង​ទៅ​មាន​ភ្ញៀវ​ទេសច​រ ១១ ម៉ឺន​នាក់​ដោយ​សារ​យើង​មាន​ហេដ្ឋារច​នាសម្ព័ន្ធ​ល្អប្រសើរ​ មាន​ឆ្នេរ​ស្អាត បន្ទប់​ទឹកស្អាត មានកា​រ​ធានាបា​ន​នូវ​សន្តិសុខ​សុវត្ថិ​ភាព ក៏ដូចជា ​សណ្តាប់​ធ្នាប់ នៅក្នុង​ទីក្រុង និង​តាម​បណ្តាល​ឆ្នេរ»៕​