ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បានទទួល​សំណូមពរ ​និង​ដោះស្រាយ​ទំនាស់ ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ​បានចំនួន​ ៥៤៩ ករណី ​ក្នុង​ចំណោម​ទំនាស់​ និង​សំណូមពរ​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ចំនួន​ ៧២៣ ករណី ​ក្នុង​ខែវិច្ឆិកា។ ដោយឡែក ​នៅសល់ ​១៣៤ ករណី​ទៀត ​រដ្ឋបាល​ខេត្ត​កំពុង​បន្តសិក្សា​និង​រក​វិធី​ដោះ​ស្រាយ។

​លោក​ ស្រ៊ន សំរិទ្ធី ​អភិបាលរង ​និងជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ថ្លែង​នៅ​ថ្ងៃទី ៣០​ វិច្ឆិកា​ថា ​បន្ទាប់ពី​សម្រុក​ចុះ​ដោះ​ស្រាយ​បញ្ហា​នានា​ ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ជួបប្រទះ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខែវិច្ឆិកា​ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បានបើក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនាការ​ដោះ​ស្រាយ​ទំនាស់ ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​នៅ​ព្រឹក​ថ្ងៃទី ៣០​ ខែវិច្ឆិកា។

ជា​លទ្ធផល​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បានទទួល​ដោះស្រាយ​ទំនាស់ ​និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ សរុប​ចំនួន ​៧២៣ ករណី ​ក្នុងនោះ​ដោះ​ស្រាយ​បាន​ចំនួន ​៥៤៩ ករណី ​និង​នៅសល់​ ១៣៤ ករណី​ទៀត​ កំពុង​បន្ត​ដោះស្រាយ។ ជាមួយ​គ្នានោះ​អាជ្ញាធរ​នៅតែ​បន្ត​ទទួល​ដោះស្រាយ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បានជួប​ប្រទះ​ជាបន្ត​បន្ទាប់​ដដែល។

លោក​ថ្លែងថា​៖ «យើង​នៅតែ​បន្ត​ទទួល​ដដែល។ អានេះ​យើង​បូកសរុប​ខែ​ដំបូង ​ដែល​ឯកឧត្តម​អភិបាល​ខេត្ត​ លោក​ផ្តួចផ្តើម​ហ្នឹង ​គឺ​យើង​ប្រមូល​បញ្ហា​ប្រឈម ​ទំនាស់ ​សំណូមពរ​ហ្នឹង ​គឺ​សរុប​ទៅ​ ៧០០ ផ្លាយ។ សម្រាប់ ​១ ខែ​ដំបូង ​យើង​ដោះបាន ​៥៤៩ ​អ៊ីចឹង​នៅ​សេសសល់​ ១៣០ផ្លាយ​យើង​កំពុងតែ​បន្ត​សិក្សា ​បន្ត​ដោះស្រាយ​ដោយសារតែ​កិច្ចការ​ខ្លះ​ត្រូវការ​ពេលវេលា​ ភ័ស្តុតាង ​និង​សាក្សី»។

មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជក់ថា ​ក្នុង​ទំនាស់​ទាំងអស់​ ដែល​អាជ្ញាធរ​បានដោះ​ស្រាយ​ គឺ​ប្រមាណ​៨០ភាគរយ ​ជា​ទំនាស់​ដីធ្លី។ ចំណែក​ក្រៅពី​នោះ​គឺជា​សំណើ​និង​សំណូមពរ​ ព្រមទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​រដ្ឋប្បវេណី។ ក្នុង​ការចុះ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ​ក៏មាន​បញ្ហា​មួយចំនួន​ដែល​អាជ្ញាធរ​បាន​ព្យាយាម​ជួយ​ដោះ​ស្រាយ​សម្របសម្រួល​មិនបាន​សម្រេច​ផង​ដែរ។

លោក​ថ្លែងថា​៖ «យើង​គ្រាន់តែ​ជាអាជ្ញាកណ្តាល ​លើក​ជាសំណូមពរ​ឱ្យ​គាត់ ​ប៉ុន្តែ​ការសម្រេច​វិនិច្ឆ័យ​យើង​អត់មាន​សិទ្ធិ​ទេ។ អ៊ីចឹង​បើ​ពួក​គាត់​មិន​ទទួល​យក ​ចុងក្រោយ​គឺ​មានតែ​ទៅ​ខាង​សាលា​ដំបូង ​ប៉ុន្តែ​ចំណុច​នេះ​ក្នុង​នាម​អាជ្ញាធរ​យើង​មិន​ជំរុញ​គាត់​ទេ»។ ​

លោក​ ស្រ៊ន សំរិទ្ធី ​ប្រាប់ថា ​យន្តការ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នេះ​ជារឿង​ល្អ​មួយ​ ទោះ​បីជា​មិនល្អ​ឥតខ្ចោះ​ក៏​ដោយ។ មាន​ន័យថា ​សំណើ​សំណូមពរ​មួយចំនួន​ដែលបាន​កកស្ទះ​ក្នុង​ពេល​កន្លងមក ​ដែល​រដ្ឋបាល​ក្រុង​ស្រុក​ជាប់រវល់​មិនបា​នដោះ​ស្រាយ​យ៉ាង​ណា​នោះ ​តាមរយៈ​យន្តការ​ថ្មីនេះ​ គឺ​រដ្ឋបាល​ខេត្ត​បានជួយ​បន្ធូរបន្ថយ​ការងារ​មួយចំនួន ​ដែលជា​មួយ​គ្នានោះ​ក៏បាន​បំពេញ​ចិត្ត​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផង​ដែរ។

លោក ​ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក) ​នៅ​ថ្ងៃទី ៣០​ វិច្ឆិកា ​សម្តែង​ការសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​ដែលបាន​យកចិត្ត​ទុកដាក់​គិត​គូរ​ដល់​កង្វល់ ​និង​ញ្ហា​នានា ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​មូលដ្ឋាន​ក្នុង​អាណា​ខេត្ត​របស់​ខ្លួន។ លោក​ថា ​ការងារ​បែបនេះ​គួរតែ​ត្រូវបាន​អនុវត្តឱ្យ​បានគ្រប់​ខេត្ត ​ព្រោះ​ប្រជាពលរដ្ឋ​មិនមែន​មាន​បញ្ហា​តែ​នៅ​ខេត្ត​កំពង់ឆ្នាំង​តែ​មួយ​នោះ​ទេ។

លោក​ថ្លែងថា​៖ «ខ្ញុំ​មាន​ការសាទរ ​និង​គាំទ្រ​ទៅលើ​ចំណាត់ការ​ទាំងអស់​ហ្នឹង ​ហើយ​បញ្ហា​ដែល​ដោះស្រាយ​បាន​វា​ជារឿង​ល្អ​ហើយ ​ដែល​ធ្វើ​មិន​ឱ្យ​មាន​ភាព​អូសបន្លាយ​រ៉ាំរ៉ៃ។ បើ​ពលរដ្ឋ​គាត់​ទទួល​យកបាន​ អាហ្នឹង​ជាជារឿង​ដែល​យើង​សារទរ។ ចំណែក​រឿង​ដែល​មិន​ទាន់​អាចទទួល​យក​បាន ​បន្ត​ដោះស្រាយ​ទៀត​អ៊ីចឹង​ទៅ។ យើង​ឃើញថា ​បើ​គ្រប់​ខេត្ត​ធ្វើជា​ប្រព័ន្ធ​បែប​ហ្នឹង ​ជា​រឿង​ល្អ​ដែល​ពលរដ្ឋ​គាត់​ទន្ទឹង​រង់ចាំ​យូរ​ហើយ»៕