ភ្នំពេញៈ មន្ត្រីយោធាផ្កាយ៣ម្នាក់ និងកូនប្រសាស្រីម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយមានអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្ទះល្វែងបុរីគឹមសាន្តស្ថិតក្នុងភូមិតាកេរ្តិ៍សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១។ នេះបើតាមសម្ដីអាជ្ញាធរមូលដ្ឋាន។
លោក ហង្ស មុនី អធិការខណ្ឌកំបូលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនោះឈ្មោះ ជា សុផល អាយុ ៦៤ ឆ្នាំ មានតួនាទីជានាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកនិងម្នាក់ទៀតជាកូនប្រសាស្រីរបស់គាត់ឈ្មោះ ខេន អាយុ ៣០ ឆ្នាំ ។
លោកបានបញ្ជាក់ថា៖ «ករណីគ្រោះអគ្គិភ័យនេះ បង្កឡើងពីការផ្ទុះឆ្លងចរន្តអគ្គិសនីពីទីសក្ការបូជាកុងម៉ា»។
បើតាមលោក មុនី ជនរងគ្រោះអាចថប់ដង្ហើមស្លាប់មុនពេលក្រុមពន្លត់អគ្គិភ័យនិងក្រុមសង្គ្រោះនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានទៅដល់និងជួយទម្លុះទ្វារផ្ទះរំដោះពួកគាត់ចេញពីក្នុងផ្ទះដែលរងការឆាបឆេះនោះព្រោះសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលមានភ្លើងឆាបឆេះសន្ធោសន្ធៅឡើង គេឃើញមានផ្សែងខ្មៅហុយចេញពីបន្ទប់ផ្ទះល្វែងនៃជនរងគ្រោះ។
លោក មុនី បានបន្ថែមថា៖«ពេលកម្លាំងពន្លត់អគ្គិភ័យ និងកម្លាំងសង្គ្រោះបឋមរបស់យើងទៅដល់និងជួយទម្លុះទ្វារផ្ទះ សមត្ថកិច្ចយើងឃើញពួកគាត់ទាំង២នាក់ឪពុកក្មេកនិងកូនប្រសាស្រីនោះសន្លប់ស្ដូកស្ដឹងទៅហើយ ប៉ុន្តែយើងបានព្យាយាម ដឹកនាំពួកគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជំនាញប្រាប់ថាពួកគាត់បានស្លាប់បាត់ទៅហើយ»។
ទោះយ៉ាងណា អគ្គិភ័យនេះ មិនបង្កការឆេះឆ្លងរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះទេ ដោយក្រុមសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ តាមលក្ខណៈបច្ចេកទេស ដោយប្រើប្រាស់ឡានពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងទឹកអស់ ជាង៣០ម៉ែត្រគុប។
ករណីគ្រោះអគ្គិភ័យ ស្លាប់ឪពុកក្មេក និងកូនប្រសាស្រី សរុបគ្នា ២ នាក់នេះ បានធ្វើឲ្យចំនួនជនរងគ្រោះស្លាប់ដោយករណីគ្រោះអគ្គិភ័យនៅក្នុងឆ្នាំ ២០២១ នេះ កើនឡើងដល់ ២០ នាក់ និងរងរបួស ៣៥ នាក់។ នេះបើយោងតាមទិន្នន័យ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍បូកសរុបគ្រោះអគ្គិភ័យទូទាំងប្រទេស ប្រចាំឆ្នាំ ២០២១ ដែលផ្ដល់ឲ្យដោយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃនារសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបង្ហាញថា គ្រោះអគ្គិភ័យនៅក្នុងឆ្នាំនេះ បានកើតឡើងចំនួន ៦៧០ លើក ដែលចំនួននេះមានការថយចុះ ២៦៧ លើក បើធៀបទៅនឹងឆ្នាំ ២០២០។
ទោះយ៉ាងណា របាយការណ៍នេះនៅតែបង្ហាញពីក្ដីព្រួយកង្វល់ ខណៈករណីគ្រោះអគ្គិភ័យនេះ នៅតែបន្តមានអត្រាស្លាប់និងរងរបួសជាច្រើននាក់ ពោលគឺអត្រាស្លាប់ដោយគ្រោះអគ្គិភ័យនៅក្នុងឆ្នាំនេះមានចំនួន២០និងអត្រារងរបួសមានចំនួន៣៥នាក់និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមានតូបលក់ដូរចំនួន២២០តូបនិងផ្ទះចំនួន ៤៧២ ខ្នងផងដែរ។
មូលហេតុដែលបង្កឲ្យមាន គ្រោះអគ្គិភ័យ ភាគច្រើនបង្កឡើងពីករណីទូស្សេចរន្តអគ្គិសនី ៣៩ ភាគរយ បង្កឡើងដោយភ្លើង ចង្ក្រានអុស ធ្យូង ហ្គាស និងភ្លើងធូប ទៀន ចំនួន ៣៨ ភាគរយ រីឯក្រៅពីនោះសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ហើយស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ។
លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានថ្លែងថា៖ «ករណីគ្រោះអគ្គិភ័យស្ទើរតែទាំងអស់នៅកម្ពុជាភាគច្រើនបង្កឡើងដោយសារភាពធ្វេសប្រហែសរបស់ម្ចាស់លំនៅឋាន ឬម្ចាស់សំណង់អគារ រោងចក្រ សហគ្រាស និងភូមិគ្រឹះ និងមួយផ្នែកទៀត បង្កឡើងដោយចេតនារបស់មនុស្ស [ជនល្មើស] »។
បើតាមលោក វន្ថា ក្នុងរដូវកាលនេះ ករណីគ្រោះអគ្គិភ័យងាយនឹងកើតឡើង ប្រសិនបើម្ចាស់គេហដ្ឋាន រោងច្រក និង គ្រឹះស្ថាននានា ខ្វះការប្រុងប្រយ័ត្ន ដោយបន្តប្រើប្រាស់នូវខ្សែបណ្ដាញអគ្គិសនីចាស់ៗ និងមានស្នាមដាច់រលាត់ ឬ ឧបករណ៍អគ្គិសនីចាស់ៗដោយខ្វះការត្រួតពិនិត្យ ។ជាពិសេសការដាំស្ល ដោយប្រើកំប៉ុងហ្គាសចាស់ៗ ប្រើអុសធ្យូង ហើយមិនបានពន្លត់វាឲ្យបានត្រឹមត្រូវ ក្រោយប្រើប្រាស់រួចទេនោះ៕