បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលា ដំបូង​​ខេត្ត​នៅ​ថ្ងៃទី ៣០ វិច្ឆិកា ករណី​វាយ​ឪពុក​បង្កើត​រហូត​​ដល់​សន្លប់ ដោយសារ​ខឹង​ឪពុក​មិនឱ្យ​ទូរស័ព្ទ​លេង​ហ្គេម ប្រព្រឹត្ត​​នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោងក្នុង​ ស្រុកឯក​ភ្នំ ​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា។

លោក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន​នគរបាលខេត្ត បាត់ដំបង​ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៣០ វិច្ឆិកា ថា ជនសង្ស័យ​ឈ្មោះ វុ​ធ ណា​រី​ន ភេទ ប្រុស អាយុ ២៣ ឆ្នាំ។

ចំណែក​បុរស​ជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័​យ​ឈ្មោះ រឺ​ន សាវុធ ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ​ អ្នក​ទាំង២រស់នៅ​ក្នុងភូមិ-ឃុំ កើតហេតុ​ខាងលើ។

លោក​ប្រាប់ថា៖ «ជន​ម្នាក់នេះ​ ខ្ញុំ​បាន​កសាង​សំណុំរឿង ​បញ្ជូនទៅ​តុលាការ​។ ចំពោះ​រឿង​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​គ្រឿង​ញៀន​យ៉ាងណា​នោះ សមត្ថ​កិច្ច​ខ្ញុំ​មិនដឹង​ទេ​ ព្រោះ​​មិនមែ​នផ្នែក​ខ្ញុំ»។

លោក ​ឡុង យោធា​វីរៈ អធិការ​នគរបាល​ស្រុក ឯក​ភ្នំ​ និយាយប្រាប់ នៅ​រសៀល​ថ្ងៃទី ៣០ វិច្ឆិកា តាម​សាច់ញាតិ​របស់​ជនរង​គ្រោះ​ថា មុន​ពេល​កើតហេតុ​ វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​ ២៤ វិច្ឆិកា ជនសង្ស័យ​បាន​ត្រឡប់​មកពី​ដើរលេង​។

ពេល​ចូលដល់​ក្នុងផ្ទះ ជនសង្ស័យ​បាន​សុំ​ទូរស័ព្ទ​ពី​ឪពុក ​ដែល​ជនរងគ្រោះ​ ដើម្បី​លេង​ហ្គេម ​ប៉ុន្តែ​ត្រូវបាន​ឪពុក​ ​យក​ដៃ​ច្រាន​ទៅ​ផ្ទុប​នឹង​ជញ្ជាំង​ផ្ទះ។​

នៅ​ពេល​នោះ​ជន​សង្ស័យ​ បាន​ឈ្លោះ​ដោយ​ប្រើ​ពាក្យ​សម្តី​​មិន​សម​រម្យ​ទៅ​ជន​រងគ្រោះ​ជាឪពុក​ ហើយ​ក៏ធ្វើ​ឱ្យ​ជន​រងគ្រោះ​ខឹង​ក៏ស្រែក​ជេរ។

លោក​បន្តថា ក្រោយពី​ងើប​មកវិញ​ ស្រាប់តែ​ជនសង្ស័យ​ យក​ដំបង​ឈើ​ដែល​នៅក្បែរនោះ​ វាយ​លើ​ជនរងគ្រោះ​មិន​ដក​ដៃ​រហូត​ដួលសន្លប់​ ​ហើយក៏​រត់គេចខ្លួន​ ទៅ​ក្រុង​បាត់ដំបង។

ក្រោយ​កើតហេតុ​ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​សំរោង​ក្នុង ហើយ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ទាំង​យប់​នោះ​។

លោក យោធា​វីរៈ​និយាយ​ថា៖«បើតាម​សាច់ញាតិ​របស់​ជនរងគ្រោះ​និយាយ​ប្រាប់ថា ជន​សង្ស័យ​វ៉ៃ​ជនរងគ្រោះ​អត់ដ​កដៃ​ទេ។ ឯ​ជនរង​គ្រោះ ​ក៏​ត្រូវបាន​ក្រុម​គ្រួសារ​ ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ក្រោយ​កើតហេតុ​ដែរ»។

លោក​បន្ថែម​ថា​ ចំពោះ​ជនសង្ស័យ​វិញ​ បានរ​ត់ទៅ​លាក់ខ្លួន ​នៅ​ក្រុង​បាត់ដំបង​ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា ជន​សង្ស័យ​​ បាន​ត្រឡប់​ចូល​ផ្ទះ​វិញ ​ហើយក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ សំរោង​ក្នុង​ ចាប់ខ្លួន​តែម្តង​៕