ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ហាមឃាត់​ការធ្វើ​ដំណើរ​របស់​អ្នកដំណើរ​ ឬ​អ្នកដំណើរ​ឆ្លងកាត់​ប្រទេស​ចំនួន​ ១០ ​នៅ​ទ្វីប​អាហ្វ្រិក ដើម្បី​ការពារ​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី ដែលមាន​ឈ្មោះ ថា អូមីក្រុង​ (Omicron) ចាប់ពី​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ នេះ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ២៩ វិច្ឆិកា ដោយ​បាន​លើកឡើងថា​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​រាយការណ៍​ពី​ការរកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.1.529 នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៃ​ទ្វីប​អាហ្វ្រិក ដែល​ត្រូវបាន​ប្រកាសថា ជា​ការព្រួយបារម្ភ​នៃ​ការរាលដាល​មេរោគ​កូវីដ​ ១៩ ប្រភេទ​បំប្លែង​ថ្មី​នេះ​។

លោក​បញ្ជាក់ថា​៖ «​ដោយបាន​ទទួល​ការឯកភាព​ [​ពី​] ​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រសួង​សុខាភិបាល​ក៏បាន​សម្រេច​ហាមឃាត់​អ្នកដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​ ១០ ​នៅ​ទ្វីប​អាហ្វ្រិក ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង​ ១០ ក្នុង​អំឡុងពេល​ ៣ ​សប្តាហ៍​មុន​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ទាំង​តាមផ្លូវ​អាកាស ទាំង​តាម​ផ្លូវគោក​មួយរយៈ​សិន​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លងចូល​កម្ពុជា​នូវ​មេរោគ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​នេះ​»​។

ប្រទេស​ទាំង​ ១០ ​ដែល​កម្ពុជា​ហាមឃាត់​អ្នកដំណើរ ឬ​អ្នកដំណើរ​ឆ្លងកាត់​នោះ រួមមាន Botswana, Eswatina, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola និង​ប្រទេស​ Zambia​។

ដោយឡែក អភិបាល​រាជធានី-ភ្នំពេញ​លោក ឃួង ស្រេង បាន​សម្រេច​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ​។ ប៉ុន្តែ​ត្រូវ​អនុវត្តតាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយ​អ្នក​ដែល​ល្មើស​នឹង​ការណែនាំ​នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​។

លោក​ ឃួង ស្រេង បញ្ជាក់​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា ថា​៖ «​ម្ចាស់​ទីតាំង ឬ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅ​មុខ​ច្រកចេញ-ចូល​ទីតាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង ស្របតាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​»​។

លោក​អភិបាល​បន្ថែមថា ម្ចាស់​ទីតាំង​ត្រូវអនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) របស់​ក្រសួង​ទេសចរណ៍ គោលការណ៍​ណែនាំ​របស់​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ គឺ​ការវាស់​កម្តៅ ការធ្វើ​អនាម័យ និង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាដើម​។

ជាមួយ​គ្នា​នេះ លោក​ ឃួង ស្រេង ក៏បាន​ប្រគល់​ភារកិច្ច​ដល់​គណៈបញ្ជាការ​ដឹក​នាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ-អង្គភាព​ជំនាញ​ពាក់ព័ន្ធ សហការ​ចុះ​ណែនាំ និង​ត្រួតពិនិត្យ ដើម្បី​ឱ្យ​ការអនុវត្ត​មាន​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ករណី​រកឃើញ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក ណាមួយ​មិន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​នេះ​ត្រូវ​ចាត់វិធានការ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត និង​អាច​ឈានទៅ​បិទ​ទីតាំង​ទាំងស្រុង​»​។

សម្រាប់​បុគ្គល​ល្មើស​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស​ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។

ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល អូរ៉េន-ឃែនស័រ នា​ព្រឹក​ថ្ងៃទី​ ៣០ វិច្ឆិកា លោក​ ឃួង ស្រេង បាន​ថ្លែងថា​៖ «​នៅពេល​ដែល​ខារ៉ាអូខេ ក្លិបកម្សាន្ត និង​រង្គសាល អាច​បើក​ប្រកបមុខរបរ​អាជីវកម្ម​ឡើងវិញ តែ​ត្រូវអនុវត្ត​នូវ​វិធានការ​សុខាភិបាល វិធានការ​៣​កុំ ៣​ការពារ និង​ SOP ឱ្យបាន​ត្រឹមត្រូវ​។ យើង​ហ៊ាន​ធ្វើ​កិច្ចការងារ​នេះ​នៅពេល​ដែល​យើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យើង​បាន​ ១០០%»​។

លោក​ ស្រេង បាន​បន្ថែមថា ប្រជាពលរដ្ឋ ពិតជា​មាន​មោទនភាព​ណាស់ ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​សម្រេច​យ៉ាង​ត្រឹមត្រូវ​ហើយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕