ភ្នំពេញៈ កម្ពុជា​ និង​ឡាវ​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​តំបន់ និង​អន្តរជាតិ ខណៈ​ឡាវ សន្យា​ផ្តល់​កិច្ចសហការ​ដល់​កម្ពុជា​ ដើម្បី​ទទួលបាន​ភាពជោគជ័យ​លើ​ការដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំក្រោយ​។

ការប្តេជា​រវាង​ប្រទេស​ទាំង​ ២ ​នេះ​ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី​ឡាវ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ២៩ ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បានបញ្ជាក់​កាលពី​យប់​ថ្ងៃទី ២៩ វិច្ឆិកា​ថា លោក ផនខាំ វីផាវ៉ាន់ ​បាន​អបអរសាទរ​រូបលោក​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​រីកចម្រើន និង​បាន​ដកស្រង់​សម្ដី​លោក ផនខាំ វីផាវ៉ាន់ ថា លោក​បាន​ឃើញ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាងខ្លាំង ជាពិសេស​រាជធានី-ភ្នំពេញ មាន​ការប្លែក​មុខ​ប្លែកមាត់​យ៉ាងខ្លាំង​ផងដែរ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​អបអរសាទរ ចំពោះ​លោក ហ៊ុន សែន ដែល​បានទទួល​ជោគជ័យ​លើ​គ្រប់​វិស័យ​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ថ្មីៗ​នេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ការទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ [​លោក វីផាវ៉ាន់​] ក៏បាន​សម្ដែង​នូវ​ការគាំទ្រ នឹង​សន្យា​សហការ​ជាមួយនឹង​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ឱ្យ​ទទួលបាន​ភាពជោគជ័យ​»​។

ភាគី​ទាំង​ ២ បាន​ឯកភាព​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ត​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ជំរុញ និង​បញ្ចប់​ការងារ​ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក និង​បន្ត​ពិភាក្សាគ្នា ​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ក៏​ដូចជា​កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ក៏បាន​ឯកភាព​ជំរុញ​បន្ត​កិច្ចប្រជុំ​តាមរយៈ​យន្តការ​ដែលមាន​ស្រាប់ ជំរុញ​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​ធ្វើការ ធ្វើយ៉ាងណា​តាម​គោលដៅ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​សម្រេច​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និង​វិស័យ​ដទៃទៀត ដែលជា​សក្តានុពល សម្រាប់​ប្រទេស​ទាំង​ ២​។

ហ្វេសប៊ុក​ដដែល​លើកឡើង​ថា​៖ «​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ក៏​បាន​ស្នើសុំ​សម្ដេចតេជោ​ធ្វើយ៉ាងណា ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​តំបន់ និង​អន្តរជាតិ​។ ជាការ​ឆ្លើយតប សម្ដេចតេជោ​ក៏​បាន​គាំទ្រ​ចំណុច​ [​នេះ​] ​ដែល​ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ​បាន​លើកឡើង​»​។

ដោយឡែក​នៅក្នុង​ជំនួប​រវាង​លោក វីផាវ៉ាន់ និង​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា លោក ហេង សំរិន បាន​អបអរសាទរ ចំពោះ​សមិទ្ធផល​ដែល​កើតចេញពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​ដែល​ប្រទេស​ទាំង​ ២ កម្ពុជា-ឡាវ​សម្រេចបាន​នាពេល​កន្លងមក ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋ រដ្ឋាភិបាល និង​រដ្ឋសភា​។

លោក ហេង សំរិន បញ្ជាក់​ក្នុង​ហ្វេសប៊ុក​របស់លោក​ថា ទស្សនកិច្ច​របស់លោក វីផាវ៉ាន់ ​បាន​បន្ត​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា-ឡាវ​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទ្វេដង​ថែមទៀត​។

លោក​បន្តថា ស្ថាប័ន​នីតិប្បញ្ញតិ្ត​ប្រទេស​ទាំង​ ២ បាននិងកំពុង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ជាមួយ​គ្នា បើទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូវីដ​ ១៩ ក៏ដោយ តាមរយៈ​ការសន្ទនា​ផ្លាស់ប្តូរ​បទពិសោធ​អំពី​ការងារ​នីតិកម្ម ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ និង​មន្ត្រី​បច្ចេកទេស​នៃ​ស្ថាប័ន​ទាំង​ ២​។

លោក ហេង សំរិន បញ្ជាក់ថា​៖ «​រដ្ឋសភា​ទាំង​ ២ បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញ-ទៅមក​នៅក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​នៅលើ​វេទិកា​អន្តរសភា​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ផងដែរ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ថា កន្លងមក ឡាវ និង​កម្ពុជា​តែង​គាំទ្រ​គ្នា​ទៅវិញទៅមក​ទៅលើ​កិច្ចការ​តំបន់ ក៏ដូចជា​អន្តរជាតិ​នានា ទាំង​នយោបាយ សន្តិសុខ និង​ការទូត ហើយ​មូលដ្ឋាន​ដែល​រឹងមាំ​សម្រាប់​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​គឺ​មិនមាន​ការប្រែប្រួល​ទេ​។ លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ស្ថាប័ន និង​ស្ថាប័ន​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​យើង​ឃើញថា មាន​ភាពល្អប្រសើរ​ជា​ប្រទេស​ជិតខាង​ដែលមាន​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ យើង​ក៏​មិនដែល​ឃើញ​មាន​បញ្ហា​ជម្លោះ​ល្អក់កករ​អី​នឹង​គ្នា​រវាង​ប្រទេស​ទាំង​ ២ ​ទេ តែងតែ​គោរព​គ្នា​ទៅវិញទៅមក ឈរលើ​គោលការណ៍​សន្តិសហវិជ្ជមាន​ជាមួយ​គ្នា​»៕