ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាងចូវ ខេត្ត​ជឺជាំង ប្រទេស​ចិន ពីថ្ងៃ​ទី​ ៣-៥ ខែធ្នូ តប​តាម​ការអញ្ជើញ​របស់​លោក​ វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ចិន ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ ប្រាក់ សុខុន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ លោក វ៉ាង យី ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ផ្សេងៗ រួមមាន​វិស័យ​ការស្តារ​ឡើងវិញ ក្រោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និង​ការពារជាតិ ក៏ដូចជា បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់​អារម្មណ៍ និង​ក្តីបារម្ភ​រួម​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២ ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​ដ៏យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ជាក់លាក់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២»​។

កាលពី​ខែកញ្ញា​កន្លងទៅ លោក វ៉ាង យី បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២ ​ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ លោក​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​ប្រកាស​តាម​បណ្តាញ​ហ្វេសប៊ុក​របស់​លោក​នៅពេលនោះ​ថា ភាពជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់លោក​ វ៉ាង យី គឺជា​ចំណុច​ប្រវត្តិសាស្ត្រ​សំខាន់​មួយទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន​។ កម្ពុជា​ទន្ទឹងរង់ចាំ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ជា​អំណោយ​របស់​ចិន ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ កីឡា​ធំៗ​។ ជាពិសេស​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ឆ្នាំ ២០២៣​។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ វ៉ាង យី មក​កម្ពុជា នៅពេល​នោះ​ភាគី​ចិន ក៏បាន​ចុះហត្ថលេខា​ផ្តល់នូវ​សម្ភារ​មនុស្សធម៌ នៅក្នុង​វិស័យ​បោសសម្អាត​មីន និង​ផ្តល់​បរិក្ខារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​រវាង​ប្រទេស​ទាំង​ ២​។ ជាមួយគ្នា​នោះ​ផងដែរ ភាគី​កម្ពុជា និង​ចិន​ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូ​រវាង​ប្រទេស​ទាំង​ ២ និង​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​របស់​មូលនិធិ​ពិសេស មេគង្គ-ឡានឆាង​៕