កំពង់ធំៈ តុលាការខេត្ត​កំពង់ធំ កំពុង​ព​ន្លឿ​ន​ចំណាត់ការ​លើ​សំណុំរឿង​ចំនួន​ ៤០ ករណី​ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់​ ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​អាច​នឹង​ដកហូត​ដី​ជាង ៣ ៥០០ ហិកតា​​ ខណៈ​ ១ ករណីនៃ​សំណុំ​រឿង​នេះ មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ព្រះរាជអាជ្ញារងម្នាក់។

ជា​មួយគ្នា​នេះ នៅថ្ងៃ​ទី​ ៣០ វិច្ឆិកា មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសម្រេច​បញ្ជូន​ខ្លួន​​ពល​រដ្ឋ​​​ចំនួន​៧នាក់ ទៅតុលា​ការ ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃ លិចទឹកប្រមាណ៥០ហិកតា នៅ​ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈ​អាជ្ញាធរ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​​បឹង​ទន្លេសាបបាន​បន្ត​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ដើម្បី​រក​មេខ្លោងធំ។

លោក សូ សុ​វណ្ណា​រ៉េត អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ វិច្ឆិកា​ថា តុលាការ កំពុង​បន្ត​ព​ន្លឿ​ន​សំនុំរឿង​ចំនួន​ ៤០ ករណី បន្ទាប់ពី​មន្ត្រីនគរបាល​យុត្តិធម៌​ នៃ​ក្រសួងកសិកម្ម បា​នប​ញ្ចូ​ន​របាយការណ៍​មក​តុលាការ។

ដោយសារតែ​សំណុំរឿង​​នៃ​ការកាប់​ទន្ទ្រាន​ដីព្រៃលិចទឹក ក្នុងបឹងទន្លេសាប​ទាំងនេះ វា​មាន​លក្ខណខុសៗគ្នា ដូច្នេះ មាន​សំណុំ​រឿង​ខ្លះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបសួរ និង​សំណុំ​រឿង​ខ្លះ​ បាន​ជំនុំ​ជម្រះ​រួចហើយ ខណៈ​សំណុំ​រឿង​ខ្លះ ​ត្រូវបាន​លើក​លែង​​ការចោទប្រកាន់ ដោយ​អាស្រ័យ​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​នៃ​ករណី​ទាំងនោះ។

យ៉ាងណាក្តី​ ជាមួយនឹង​បទល្មើស​​ទាំងនេះ តុលាការ អាច​នឹង​សម្រេច​ដកហូត​ដី​ដែល​បាន​រំលោភបំពាន ត្រឡប់មកវិញ ប៉ុន្តែ​ករណី​ទាំងនេះ គឺ​ពុំទាន់​មាន​ការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​នៅឡើយ។

លោក សូ សុ​វណ្ណា​រ៉េត បាន​បញ្ជាក់ថា៖«យើង​កំពុង​ស្រង់​​ទិន្នន័យ​ថា មាន​ប៉ុន្មាន​រឿង ដែល​ត្រូវ​រឹបអូស​ដី​ប្រគល់ជូន​រដ្ឋ​វិញ។ តុលាការ ​មានការ​ព​ន្លឿ​ន​នីតិវិធី អត់​ពន្យារពេល​ទេ ដោយយោង​ទៅលើ​វិធានការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង។ ចៅក្រម​ស៊ើបសួរ ចៅក្រម​ជំនុំជម្រះ គាត់ មាន​នី​តី​វិធី​របស់គាត់»។

បើតាម លោកសូ សុ​វណ្ណា​រ៉េត ភាគច្រើន​នៃ​សំណុំ​រឿងនេះ គឺមាន​ជន​ជាប់​ពាក់ព័ន្ធ​ជា​អញ្ញ​តិ​ជន ដែល​មិនសូវមាន​សាវតា​ច្បាស់លាស់ ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ ដែល​ត្រូវការ​ការស្រាវជ្រាវ​យ៉ាង​លម្អិត ខណៈ​ក្នុងចំណោម ៤០ ករណី​នោះ គឺមាន​មួយ​ករណី​តែប៉ុណ្ណោះ ដែល​បានធ្វើ​ការ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​មិនទាន់​បានចេញ​សាលក្រម​ជម្រះ​​ក្តី​នៅឡើយ ដែល​អ្នក​ត្រូវ​បាន​​ចោទប្រកាន់​នោះ គឺជា​ព្រះរាជ​អ​ជ្ញា​រង ខេត្តកំពង់ធំ​តែម្តង។

កាលពី​ថ្ងៃទី ២៩ វិច្ឆិកា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម បានឱ្យ​ដឹងថា ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់​ទាំង ៤០ ករណី គឺ​លើ​ផ្ទៃដី​ចំនួន​ជាង ៣ ៥០០ ហិកតា ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ ២០២១ ដែល​​ស្ថិតនៅ​ក្នុងស្រុក​ចំនួន៤ មាន​ក្រុង​ស្ទឹងសែន មាន ៣ ករណី ស្រុក​បារាយរណ៍​មាន​ចំនួន ២ ករណី ស្រុក​ស្ទោង មាន៦ ករណី និង​ស្រុក​កំពង់ស្វាយ មាន ១៩ ករណី។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ វិច្ឆិកា​ថា រដ្ឋបាលខេត្ត ក៏​កំពុង​រងចាំ​សេចក្តី​សម្រេច​​​ពី​តុលាការ ដើម្បី​មាន​ចំណាត់​ការបន្ត​ លើ​ផ្ទៃដី​ទាំង​ជាង៣ ៥០០ ហិកតា​នេះ ហើយ​ក្រុមការងារ​ខេត្ត ក៏​បន្ត​ស្រាវជ្រាវ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹកថ្មីៗបន្ថែមទៀត។

លោក​បញ្ជាក់ថា៖«ករណី​រំលោភថ្មីៗ ក្រៅ ពី ៤០ ករណី​នេះ យើង​ចេញ​វិធានការ​បង្ក្រាប​តែម្តង។ ឥឡូវ​យើង​កំពុងតែ​ចុះ​ស្រាវ​ជ្រាវ យើង​មិនទាន់​បានកំណត់​ទីតាំង​បានច្បាស់លាស់​នៅឡើយ ថា​មានការ​រំលោភ​បន្ថែមទៀត​ប៉ុន្មាន។ បញ្ហា​ទាំងនេះ យើង​អត់​បារម្ភ​ទេ រកតែ​ម្ចាស់​ឱ្យ​ឃើញ​មក ដី​ទាំងនោះ នឹង​ទៅជា​ដី​រដ្ឋ​វិញ​ហើយ»។

ជាមួយនឹង​ប្រតិបត្តិការ​នេះ លោក ងួន រតនៈ បាន​​បញ្ជាក់​ថា ថ្នាក់​ខេត្ត មិនទាន់​ធ្វើការ​ឃាត់ខ្លួន​ ជនណាម្នាក់​ក្នុង​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​ចលនា​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ​នៅបឹង​ទន្លេសាប​នៅ​ឡើយ​ទេ ខណៈ​លោក មិនទាន់​អាច​បញ្ជាក់​អំពី​ការរកឃើញ​ករណីថ្មីៗ ដែល​នឹងមាន​ទំហំ​ផលប៉ះពាល់​​ លើ​ផ្ទៃដី​កម្រិតណា​នោះដែរ ព្រោះ​ក្រុមការងារ កំពុង​បន្ត​ស្រាវជ្រាវ។

ក្រោយ​ពី​​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រី​មួយចំនួន ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​​ដកហូត​ដី​ជាង ២ ០០០ ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងចំណោម​ដីព្រៃ​រាប់ម៉ឺន​ហិកតា ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ​ថ្លែង​នៅ​ថ្ងៃទី ៣០ វិច្ឆិកា​ថា ប្រតិ​ប​ត្តិការ​នៃ​ការស្រាវជ្រាវ និង​បង្ក្រាប គឺ​នៅតែ​បន្តធ្វើ​ក្នុង​រយៈពេល​វែង​ទៀត ព្រោះតែ​តាម​ការរាយការណ៍ បានឱ្យ​ដឹងថា បទល្មើស​ទាំងនេះ គឺ​បាន​កើតមាន​គ្រប់​​ខេត្ត ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប។

អាជ្ញាធរ​គ្រប់​ថ្នាក់​ទាំងអស់ ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប គឺត្រូវធ្វើ​ការស្រាវជ្រាវ ឱ្យ​ដឹង​ពី​ទំហំ​នៃ​ការរំលោភបំពាន ដើម្បី​ឈាន​ទៅ​មានការ​​ដកហូត និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ជាពិសេស​នោះ គឺ​ស្រាវជ្រាវរ​កមេ​ក្លោ​ង​ធំ​នៃ​ការកាប់​ទន្ទ្រាន​នេះ។

លោក បានបញ្ជាក់ថា៖‍«ប្រតិបត្តិការនេះ មិនត្រូវបានបញ្ចប់ក្នុងពេលឥឡូវនេះទេ ហើយក៏មិនមែនធ្វើតែមួយថ្ងៃនេះដែរ គឺបន្ត​ធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ ថាអ្នកណា ដែលជាអ្នកពិតប្រាកដ ជាអ្នកនៅពីក្រោយខ្នងដី ហើយអ្នកណាជាអ្នក​ស៊ីឈ្នួល​គេឈូស អ្នកណាដែលជួលដីពីគេយកមកដាំដុះ»។

ចំពោះករណីដែលបានសម្រេច និងកំពុងមានចំណាត់ការក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនេះ លោកសៅ សុខា ​បញ្ជាក់​ថា ករណីទាំងនេះ គឺមិនទាន់ចប់នៅឡើយទេ ព្រោះចំណាក់​ការ​ក្នុងខេត្ត​ទាំង​ពីរ​នេះ គឺនៅតែបន្ត ពិសេសចំពោះបុគ្គល​ដែលជាប់​ពាក់ព័ន្ធ នឹងបទល្មើសទាំងនេះ បើទោះជាពួកគេ បានចូលសារភាពក៏ដោយ។

លោកបញ្ជាក់ថា៖‍«បើមានការចូលបង្ហាញខ្លួន ថា ខ្លួនបានប្រព្រឹត្តរំលោភទៅប្រាប់សាធារណៈជន​ បង្ហាញអាជ្ញាធរ ថាគាត់ បានធ្វើខុស នោះមិនមែនមានន័យថា ឱ្យគាត់រួចខ្លូននោះទេ គ្រាន់​តែ​បន្ថយទោស នោះចំពោះអ្នកដឹងខ្លួន កុំឱ្យ​គេពិបាកតាមរក ហើយបើគេតាមរក គឺអនុវត្តច្បាប់ ១០០ ភាគរយហើយ»។

ជាមួយនឹងសកម្មភាពជាបន្តបន្ទាប់នេះ នៅថ្ងៃទី ៣០ វិច្ឆិកា មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសម្រេច​បញ្ជូន​ខ្លួន​ជន​សង្ស័យ​​ចំនួន​៧នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃ លិចទឹកប្រមាណ៥០ហិកតា បន្ទាប់ពីធ្វើការសាកសួរ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី ២៩ វិច្ឆិកា។

ជនសង្ស័យដែលបានបញ្ជូនទៅតុលាការនេះ គឺត្រូវបានឃាត់ខ្លួន ត្រង់ចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈពួកគេ បានសារភាពថា ការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ គឺដើម្បីធ្វើស្រែ និង​បាន​ធ្វើ​ស្រែ​នៅទីនោះ ចំនួន​​បី​លើកមកហើយ។

តាមរបាយការណ៍របស់គណ:កម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើស ឬទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង ដែលបានផ្សព្វផ្សាយកាលពីថ្មីៗនេះ បានដឹងថា ក្នុងខេត្តនេះ​ មានការកាប់ទន្ទ្រានដីព្រៃលិចទឹកចំនួន ៤ស្រុក ដែល​មានផ្ទៃ​ដី​ប្រមាណ ១២ ២២៥,៨ ហិកតា ស្នើនឹង ២៩ ទីតាំង។

ក្នុង​នោះ​មានស្រុកមោងឫស្សី មានផ្ទៃដី ២២២៣,៧ហិកតា ស្ថិតក្នុងឃុំចំនួន ៥ ចំណែកស្រុកឯកភ្នំមានផ្ទៃដី ៣០៥៣ហិកតា ស្ថិតក្នុងឃុំចំនួន ៤ និងស្រុកថ្មគោល មានផ្ទៃដី ៨៣៥ហិក​តា ស្ថិតក្នុងឃុំចំនួន ៤ និង ស្រុកសង្កែ មានផ្ទៃដី ៦១១៤ហិកតា ស្ថិតក្នុងក្នុងឃុំចំនួន៤។

ដោយឡែកសម្រាប់ខេត្តសៀមរាប តាមសេចក្តីរាយការណ៍របស់មន្ទីរជំនាញ និងអាជ្ញាធរ ក្រុង ស្រុកទាំង៦ ដែល​មាន​ភូមិ​សាស្ត្រជាប់បឹងទន្លេសាប បាន​ឱ្យដឹង​ថា​ ក្នុង​ខេត្ត​នេះ បានកំណត់តំបន់១ តំបន់២ និងតំបន់៣ ព្រមទាំងបោះ​បង្គោល​ព្រំ​ប្រទល់​រួចមកហើយ ដែលមានប្រវែង ១៨៤គីឡូម៉ែត្រ។

តំបន់ទាំងនេះ នៅតែមានជនខិលខូចមួយចំនួន ចូល​ទៅកាប់ឆ្កាទន្ទ្រានរុករានព្រៃលិចទឹកបឹងទន្លេសាប ដោយ​មាន​ការ​ដុត​បំផ្លាញ ដើមី្បយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។

លោក ទៀ សីហា អភិបាលខេត្ត សៀមរាប បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យ និងស្រាវជ្រាវ លើករណីជនល្មើស ដែល​បាន​រំលោភទន្ទ្រានដីព្រៃលិចទឹក ឱ្យបានម៉ត់ចត់ និងឆាប់រហ័ស ។

លោក ​បញ្ជាក់​ថា៖«ក្រុមការងារទទួលបន្ទុក ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់​ដីព្រៃលិចទឹក​តំបន់បឹងទន្លេ​សាប…​ហើយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មានភារកិច្ចត្រូវរៀបចំថវិកា និងមធ្យោបាយ សម្រាប់ក្រុមការងារ​ចុះអនុវត្ត​ការងារ​ចុះ​ពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់បឹង ទន្លេសាប ដែល​ត្រូវ​ចាប់​អនុវត្ត​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ»។

កាលពីឆ្នាំ ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យ ដើម្បីកំណត់តំបន់ជុំវិញបឹងទន្លេសាប ដោយតំបន់១ តំបន់ ២ និងតំបន់ ៣ ហើយក្នុងតំបន់៣ គឺជាតំបន់មួយ ដែលបានកំណត់ដោយព្រំប្រទល់ច្បាស់លាស់ ព្រោះជាតំបន់ព្រៃលិចទឹក ដែល​ត្រូវ​បាន​ហាម​ឃាត់ដាច់ខាត់ការរំលោភបំពាន៕