ភ្នំពេញៈ ​តាមរយៈ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២១ ​នេះ​គឺ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំនេះ​មាន​ចំនួន ៩ ២០៣ ២៦២ ​នាក់ ជា​អ្វីដែល​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​ថា ជា​​តួលេខ​ខ្ពស់ ក្នុង​នោះ​អ្នក​ចុះឈ្មោះ​ថ្មី​មាន​ ៤៤២ ៤៤០ ​នាក់ ច្រើនជាង​បញ្ជី​កាលពី​ឆ្នាំមុន​ដែលមាន​ត្រឹមតែ​ជាង​ ៨,៨ ​លាន​នាក់​។

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំនេះ ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​សង្កាត់​ទូទាំងប្រទេស​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​បាន​បន្តថា ជា​លទ្ធផល​បណ្តោះអាសន្ន​គិត​ត្រឹម​ថ្ងៃទី​ ២៩ វិច្ឆិកា ឆ្នាំ​ ២០២១ ​មាន​អ្នក​ចុះឈ្មោះ​ថ្មី ៤៤២ ៤៤០ ​នាក់​។ អ្នក​ដែល​ត្រូវ​លុប​​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន​ ២១៥ ២៧៥ ​នាក់ អ្នកដែល​បាន​កែតម្រូវ​ទិន្នន័យ​មាន​​ចំនួន ១៨៤ ០៨១ ​នាក់ អ្នកផ្ទេរ​លំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន​ ១៤៤ ១២៦ ​នាក់​។

ដូច្នេះ លទ្ធផល​បណ្តោះអាសន្ន​ក្នុង​​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២១ ​មាន​​ចំនួន ៩ ២០៣ ២៦២ ​នាក់​។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បាន​ឱ្យ​​ដឹង​ដែរ​ថា បើតាម​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នេះ​គឺជា​តួលេខ​មួយ​ខ្ពស់បំផុត ដែល​មាន​ជិត​ ៩០ ​ភាគរយ​នៃ​ពលរដ្ឋ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ដល់​ថ្ងៃ​បោះឆ្នោត ហើយ​នៅ​លល់​ពី​នោះ​គឺជា​ពលរដ្ឋ​ដែល​បានធ្វើ​ចំណាក​​ស្រុក​ទៅ​ធ្វើការ​ និង​រស់នៅ​ក្រៅ​ប្រទេស​។

លោក​បន្តថា អ្វីដែល គ.ជ.ប កំពុង​អនុវត្ត​នៅពេល​នេះ គឺ​ស្រប​ទៅ​តាម​ច្បាប់ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​តួលេខ​នេះ គឺជា​តួលេខ​មួយ​ដែល​ គ.ជ.ប ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ធានាថា បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ នេះ​មាន​ភាពពេញលេញ និង​បច្ចុប្បន្នភាព​។

បើតាម​លោក សោម សូរីដា គិត​ត្រឹម​រយៈពេល​ ៤៩ ​ថ្ងៃ​មកនេះ ក្រុម​ចុះឈ្មោះ​បោះឆ្នោត​របស់​ គ.ជ.ប បាន​បំពេញ​កិច្ចការ​របស់ខ្លួន​ជាមួយ​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​បាន​ជិត​ ១ ​លាន​នាក់ បើទោះបី​មាន​ការរំខាន​ពី​ជំងឺ​កូវីដ​ ១៩ និង​ទឹកជំនន់​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ជិត ១ ​លាន​នាក់​នេះ ចុះឈ្មោះ​ប្រជាពលរដ្ឋ​ថ្មី​ចំនួន​ជាង​ ៤៤ ​ម៉ឺន​នាក់ លុបឈ្មោះ​ជាង​ ២១ ​ម៉ឺន​នាក់​ និង​កែតម្រូវ​ទិន្នន័យ​ជិត​ ២០ ​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​ផ្ទេរ​ចូល​ឃុំ សង្កាត់​ថ្មី​មាន​ចំនួន​ជិត​ ១៥ ម៉ឺន​នាក់​ជា​តួលេខ​មួយ​ធំ​»​។

លោក​ សោម សូរីដា បាន​បញ្ជាក់ថា បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​ ២០២១ ដែល​ គ.ជ.ប រៀបចំ​នេះ​ត្រូវ​បាន​ធានាឱ្យ​មាន​គុណភាព បច្ចុប្បន្នភាព និង​ទទួលយកបាន​សម្រាប់​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២​។

លោក តុប ឫទ្ធី អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​សេវាកម្ម​ច្បាប់​​ និង​បច្ចេកទេស​របស់​ គ.ជ.ប បាន​ថ្លែងថា នៅ​ឆ្នាំ​ ២០២០ មាន​ប្រជាពលរដ្ឋ​ដែល​ចុះឈ្មោះ​ថ្មី​ចំនួន ២០២ ៦១៤ ​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២១ នេះ ប្រជាពលរដ្ឋ​ដែលមាន​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៤៤២ ៤៤០ ​នាក់ ដែល​កើនឡើង​ប្រមាណ​ ២០០ ​ភាគរយ ។

លោក​បាន​បន្តថា រាល់​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ គ.ជ.ប តែងតែ​ប៉ាន់ស្មាន​ស្ថិតិ​ពលរដ្ឋ​គ្រប់​អាយុ ដោយ​ផ្អែក​​លើ​ប្រភព​ទិន្នន័យ​ចំនួន​ ៣ ​ដូចជា​ស្ថិតិ​ពលរដ្ឋ​របស់​ក្រសួង​​ផែនការ ស្ថិតិ​ពលរដ្ឋ ពី​ក្រសួង​​មហាផ្ទៃ និង​ស្ថិតិ​ពលរដ្ឋ​ដែល​យក​ចេញពី​បណ្តា​ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស​។

បើតាម លោក តុប ឫទ្ធី ចាប់ពី​​ឆ្នាំ​ ២០១៧ មកទល់​ពេល​នេះ តាម​ស្ថិតិ​ប៉ាន់ស្មាន​មាន​ពលរដ្ឋ ដែល​មាន​អាយុ​ ១៨ ​ឆ្នាំ​ដល់​ថ្ងៃ​បោះឆ្នោត​ជាង​ ១,៦ ​លាន​នាក់ ដោយ​រាប់ទាំង​ពលរដ្ឋ​​នៅក្នុង​ស្រុក និង​ធ្វើការ និង​រស់នៅ​ក្រៅប្រទេស​ដែល​មិន​​ទាន់​ចុះឈ្មោះ​ក្នុង​បញ្ជី​។

លោក​បាន​បញ្ជាក់ថា​៖ «​តួលេខ​ដែល​នៅ​សេសសល់ គ.ជ.ប មិនបាន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ ដែលមាន​សិទ្ធិ​បោះឆ្នោត​តាមច្បាប់​កំណត់​នោះទេ គ.ជ.ប នឹង​កំណត់ឱ្យ​ពួកគាត់​មក​ពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត​បាន​​សម្រាប់​ឆ្នាំ​ ២០២២ ​ខាងមុខ​»​។

ទោះជា​យ៉ាងណា លោក​ថា ពលរដ្ឋ​នៅក្នុង​ប្រទេស​ស្ទើរតែ​គ្រប់គ្នា​បាន​ទៅពិនិត្យ​ និង​ចុះ​​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២១ លើកលែងតែ​អ្នក​នៅ​ក្រៅ​ប្រទេស​​ និង​ពលរដ្ឋ​ដែលមាន​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩ ​និង​ពលរដ្ឋ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​ចំពោះ តួលេខ​ពលរដ្ឋ​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០២១ ចំនួន​ ៨៨ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​​ធ្លាប់មាន​នោះទេ កាលពីមុន​ពោលគឺ​ទើបតែ​ឆ្នាំនេះ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សៅ វ៉ាន់ដេត តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរការ​រៀបចំ​នៃ​ការពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំនេះ ដោយ​លោក​​អះអាងថា ប្រព្រឹត្ត​ទៅ​រលូន​ទោះបី​ប្រទេស​កម្ពុជា​ជួប​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្ដី​។

លោក ស្រី រី សុវណ្ណដាលីន តំណាង​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​បរិយាកាស​ល្អប្រសើរ ជាពិសេស​បច្ចេកទេស​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទទួល​បាន​នូវ​ការកោតសរសើរ​ពី​ពលរដ្ឋ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​លើ​គ្រប់​លក្ខខណ្ឌ​ដែល​កាន់តែ​ងាយស្រួល​។

លោកស្រី​ថ្លែងថា​៖ «​ទាំងនេះ​​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស គ.ជ.ប ដឹកនាំ​ការងារ​បានល្អ​»​។

យ៉ាងណាក្ដី លោក សំ សុគន្ធាមី នាយក​អង្គការ​និកហ្វិក​បាន​ថ្លែងថា ចំពោះ​ការពិនិត្យ​បញ្ជី​ និង​ចុះឈ្មោះ​បោះឆ្នោត​របស់​អ្នកមាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង​គឺមាន​ចំនួន​ច្រើន បើ​ធៀប​នឹង​ឆ្នាំមុន តែ​មិនទាន់​​គ្រប់​ទៅតាម​ផែនការ​របស់​ គ.ជ.ប នោះទេ​។ ប៉ុន្តែ​តាម​ការសាកសួរ​របស់​លោក​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​ថ្មី​មួយចំនួន មិនទាន់​បាន​សម្រេចចិត្ត​ថា នឹង​ទៅ​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ​នៅ​ឡើយ​ទេ​។

លោក​ថា​៖ «​ការទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ និង​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ច្រើន​នេះ​ដោយសារ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ និង​ទទួលបាន​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​របស់​អង្គការ​សង្គម​ស៊ីវិល គ.ជ.ប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​»៕