ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​ពី​សកម្មភាព​ការងារ​ដែល​មន្ត្រី​បាន​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​ ២០២១ ដោយ​​ក្នុងនោះ​មាន​ផលិតផល​គ្មាន​​សុវត្ថិភាព​រាប់រយ​តោន និង​អាជីវកម្ម​មិនមាន​ភាពអនុលោម​តាមច្បាប់​រាប់រយ​កន្លែង​​ត្រូវបាន​បង្ក្រាប​។

កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក.ប.ប. បើក​កិច្ចប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ទូទាំង​ប្រទេស ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​ខ្លួន និង​លើកឡើង​ពី​បញ្ហា​ប្រឈម​ដែល​បាន​អនុវត្ត​កន្លងមក​ដើម្បី​ដាក់ចេញ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត​សម្រាប់​​ឆ្នាំ​ ២០២២ ​ខាងមុខ​។

របាយការណ៍​ប្រចាំឆ្នាំ​របស់ ក.ប.ប. ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​​បាន​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា បានឱ្យដឹងថា ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​គុណភាព​សុវត្ថិភាព​ផលិតផល​ទំនិញ មន្ត្រី​បាន​ចុះ​ពិនិត្យ​ទីផ្សារ​ទូទាំងប្រទេស​បាន​ចំនួន​ ៥៦៩ ​លើក​ដោយ​ដកហូត​ទំនិញ​មិន​មាន​ភាពអនុលោម​ចំនួន​ ៣៦ ​តោន និង​ ៤០០ ​គីឡូក្រាម​យកមក​កម្ទេចចោល​ហើយ​​បាន​រកឃើញ​ និង​ដកហូត​មក​បំផ្លាញចោល​នូវ​សារធាតុ​បាញ់​លើ​រុក្ខជាតិ​ធ្វើឱ្យ​ស្រស់​ និង​ឆាប់​លូតលាស់​គ្មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវបាន​ចំនួន​ ៧៨ ​ប៊ីដុង ស្មើនឹង ២ ៣៤០ ​លីត្រ​។

របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា មន្ត្រី​ក៏បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​បង្គា​ស្រស់​ដែល​មាន​ចាក់​បញ្ចូល​សារធាតុ​ CMC (​ចាហួយ​) ​ចំនួន​ ៧ ​តោន​ និង​ ១០០ ​គីឡូក្រាម និង​គ្រឿងក្នុង​ជ្រូក​ចំនួន​ ៣២០ ​គីឡូក្រាម​មក​កម្ទេចចោល ដោយបាន​ត្រួតពិនិត្យ​ និង​វិភាគ​គុណភាព​ទំនិញ​ចាំបាច់​ដែល​ត្រូវ​យកមក​ដាក់លក់​ និង​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បិទខ្ទប់​ (​តំបន់​ក្រហម​) ​នៅ​តាម​​បណ្ដា​ឃ្លាំង​ស្តុក​ និង​សិប្បកម្ម​នានា​ចំនួន​ ៤១ ​លើក​។

ចំពោះ​ការងារ​ពាក់ព័ន្ធ​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការក្លែងបន្លំ របាយការណ៍​​របស់ ក.ប.ប. បាន​ឱ្យដឹង​ដែរ​ថា មន្ត្រី​ទូទាំង​ប្រទេស​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​រង្វាស់​រង្វាល់ប្រេង​សាំង​នៅ​តាមបណ្តា​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​សរុប ១ ៦៦១ ​ស្ថានីយ​/​ដេប៉ូ ដោយ​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ចំនួន ៦៩៣ មិនមាន​ភាព​អនុលោម​ផ្នែក​គុណភាព​ (​សន្ទស្សន៍​អុបតាន​) និង​បរិមាណ​។ បន្ថែម​ពីនេះ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នេះ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មន្ត្រី ក.ប.ប បាន​ត្រួតពិនិត្យ​គុណភាព​អាល់កុល​ និង​ជែល​លាងដៃ​គ្រប់​ប្រភេទ​ដែលមាន​ផ្ទុក​សារធាតុ​មេតាណុល​នៅតាម​បណ្តា​ឃ្លាំង​ស្តុក​ទីផ្សារ និង​ឱសថស្ថាន​ហើយ​បាន​រកឃើញ និង​រឹបអូស​មក​កម្ទេចចោល​សារធាតុ​មេតាណុល​ចំនួន​ ១៩១ ៩៥៣​ ​លីត្រ​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ក្រៅពី​បង្ក្រាប​ និង​ដកហូត​ផលិតផល និង​បទល្មើស​ទាំងនេះ ក.ប.ប. ក៏បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ក្លែង​ម៉ាក​ និង​ការចរាចរ​ផលិតផល​ក្លែងក្លាយ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​មួយចំនួន​។

លើសពីនេះ ក.ប.ប បាន​កោះអញ្ជើញ​ក្រុមហ៊ុន​ចំនួន​ ១៥ ឱ្យមក​បំភ្លឺ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ ព្រមទាំង​បាន​សហការ​ចុះ​បង្ក្រាប​ទីតាំង​ផលិត កែច្នៃ និង​ឃ្លាំង​ស្តុក​ផលិតផល​ក្លែងក្លាយ​ចំនួន​ ១៤ ​លើក ដោយបាន​ឃាត់ទុក​ផលិតផល​ក្លែងក្លាយ​ចំនួន​ ១៣ ​តោន និង​ ៣១១ ​គីឡូក្រាម​។

លោក​បាន​បន្តថា​៖ «​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប. ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​បាន​រកឃើញ​បទល្មើស​ចំនួន​ ៦៨២ ​ករណី​ត្រូវបាន​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ​ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ​ និង​បទល្មើស​ចំនួន​ ៧ ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​»​។ យ៉ាងណា លោក ផាន អូន បាន​អះអាង​ថា បើទោះជា​លទ្ធផល​ការងារ​សម្រេច​បានល្អ​ក៏​ក្នុង​រយៈពេល​ ១ ​ឆ្នាំនេះ ក.ប.ប បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដោយសារ​តែ​កង្វះ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សុវត្ថិភាព​ម្ហូបអាហារ និង​កិច្ចការពារ​​ផលប្រយោជន៍​អ្នកប្រើប្រាស់ ដែល​នាំឱ្យ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន មិនទាន់​បាន​ល្អប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​សមត្ថភាព​វិភាគ​របស់​មន្ទីរពិសោធន៍​នៅមាន​កម្រិត និង​កំពុងស្ថិត​ក្នុងស្ថានភាព​រៀបចំ​ឱ្យមាន​​លក្ខណៈ​កាន់តែ​ប្រសើរ​ដើម្បី​ធានា​បាន​​នូវ​ការវិភាគ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការវាយតម្លៃ​ទទួលស្គាល់​តាម​ស្តង់ដា​អន្តរជាតិ​។ ចំណែក​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​របស់​អ្នកប្រើប្រាស់ អាជីវករ ផលិតករ ក៏​នៅ​​មាន​កម្រិត​»៕

វីដេអូ៖