ភ្នំពេញៈ ក្នុង​សប្ដាហ៍​ទី១​ នៃ​ខែធ្នូ​នេះ ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ភាគឧត្តរ​និង​ឦសាន​នៃ​ប្រទេស​កម្ពុជា ​សីតុណ្ហភាព​អប្បបរមា​នឹងធ្លាក់​ចុះ​មក​ក្នុង​រង្វង់​ ១៥ អង្សាសេ ​ខណៈ​រាជធានី​ភ្នំពេញ ​និង​បណ្ដា​ខេត្ត​ផ្សេងទៀត​ក្នុង​តំបន់​វាលទំនាប​កណ្ដាល ​សីតុណ្ហភាព​អប្បបរមា ​នឹង​ធ្លាក់​ចុះ​មកនៅ​ចន្លោះ ​ពី​ ១៧-​១៩​ អង្សាសេ។ នេះ​បើតាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃទី ៣០ ​ខែ វិច្ឆិកា ​ឆ្នាំ​ ២០២១។

តាម​រយៈ​ការព្យាករ​នោះ ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាននិង​កំពុង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ​ដែល​បន្ត​រំកិល​ចុះ​មកក្រោម ​(ភាគខាងត្បូង)​ ជាមួយ​នឹង​ខ្យល់​មូសុង​ឦសាន​បង្កើន​ល្បឿន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។ ក្នុង​ស្ថានភាព​នេះ​ធ្វើឱ្យ​បណ្តា​ខេត្ត​ក្នុង​តំបន់​វាលទំនាប​កណ្តាល ​ចាប់ពី​ថ្ងៃទី ១​-៧​ ខែធ្នូនេះ ​«អាកាស​ធាតុ​ត្រជាក់​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​បង្គួរ»​ជាមួយ​សីតុណ្ហភាព​អប្បបរមា​ពី​ ១៧​ ទៅ​ ១៩ អង្សាសេ។ សីតុណ្ហភាព​អតិបរមា ​មាន​ពី​ ២៦ ​ទៅ​ ២៨ អង្សាសេ ​និង​មាន​ខ្យល់​បក់​នាំមក​ជាមួយ​នូវ​ធាតុត្រជាក់​ពី​តំបន់​ស៊ីបេរី​ ខណៈ​តំបន់​មាត់​សមុទ្រ​មាន​អាកាសធាតុ​ចុះ​ត្រជាក់​បន្តិចបន្តួច​ ជាមួយ​សីតុណ្ហភាព​អប្បបរមា​ពី​១៨​ទៅ​២០អង្សាសេ ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ​២៧ ​ទៅ ​២៩ អង្សាសេ។

ដោយ​ឡែក ​បណ្តា​ខេត្ត​ជាប់​ជួរភ្នំ​ដងរែក​និង​ខ្ពង់​រាប​ឦសាន ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ បានព្យាករ​ថា ​ក្នុង​អំឡុង​ពេល​១សប្ដាហ៍​នេះ ​[​ពីថ្ងៃទី ១​-៧ ​ខែ ធ្នូ ២០២១]​ អាកាសធាតុ​ត្រជាក់​នឹង​ធ្លាក់​ចុះដល់​កម្រិត​បង្គួរ ​ជាមួយ​កម្រិត​សីតុណ្ហ​ភាព​អប្បបរមា​ពី ​១៦ ​ទៅ ​១៨ អង្សាសេ ​សីតុណ្ហភាព​អតិបរមា ​មាន​ពី​២៦ ​ទៅ​ ២៨អង្សាសេ។ ក្នុង​នោះ​តំបន់​មួយចំនួន​នៅ​ខេត្ត​មណ្ឌល​គិរី ​ខេត្ត​រតនគិរី ​ខេត្ត​ព្រះវិហារ ​និង​ខេត្ត​ឧត្តរ​មានជ័យ ​«សីតុណ្ហភាព​អប្បបរមា ​ អាចធ្លាក់​ចុះ​ដល់​ រង្វង់​កម្រិត ១៥ ​អង្សា​សេ» ​ដែល​ទាមទារឱ្យ​មាន​ការយក​ចិត្តទុក​ដាក់​ថែទាំ​សុខភាព​ឱ្យបានល្អ ​ពិសេស ​សុខភាព​កុមារ ​និង​ចាស់​ជរា។

ជុំវិញ​ការព្យាករ​អាកាសធាតុ​នេះ ​លោក​ ចាប កុយ ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ​ខេត្ត​ព្រះវិហារ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅ​ព្រឹក​ថ្ងៃទី ៣០ ​ខែ វិច្ឆិកា ​ឆ្នាំ​ ២០២១ ​អាកាស​ធាតុ​តាម​ខ្នងភ្នំ​ នៃ​ជួរភ្នំ​ដងរែក ​មាន​ភាពត្រជាក់​ខ្លាំង​ជាង​តំបន់​វាលទំនាប​ ដោយ​សីតុណ្ហភាព​អប្បបរមា ​បានធ្លាក់​ចុះ​មកនៅ​ក្នុងរង្វង់ ​១៧ អង្សា​ ខណៈ​តំបន់​មួយចំនួន​ទៀត ​ដែល​ស្ថិតនៅ​ផ្នែក​វាល​ទំនាប​ក្នុង​ខេត្តនេះ ​សីតុណ្ហភាព​អប្បបរមា ​បានធ្លាក់​ចុះមក​នៅក្នុង​ចន្លោះ​ពី​២០​-២២អង្សា​សេ​នៅ​ឡើយ។

លោក​ថ្លែងថា​៖«នៅពេល​នេះ​ផ្ទៃមេឃ​ស្រទុំ​និង​មាន​ខ្យល់​បក់​នាំមក​នូវ​ទឹកសន្សើម​ក្រាស់ ​ដែល​អ្នកស្រុក​និយម​ហៅ​ថា ​រលឹម​ផ្សែង​ក្រូច ​ហើយ​នៅលើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ​អាកាសធាតុ​ត្រជាក់ ​បានធ្លាក់​មកនៅ​ក្នុង​កម្រិត​១៧អង្សាសេ»។

បើ​តាម​លោក​ចាប កុយ ​ស្ថានភាព​នេះ ​នៅ​មិនទាន់​រងា ​ឬ​បង្ក​ផលប៉ះពាល់​ដល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ខេត្តនេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បានអះអាង​ថា ​ក្នុង​រយៈពេល ​៣-៤ ថ្ងៃ​ខាងមុខ​នេះ ​អាកាសធាតុ​នៅ​ខេត្ត​ព្រះវិហារ​ ជាពិសេស​នៅលើ​ខ្នង​ភ្នំប្រាសាទ​ព្រះវិហារ ​និង​បណ្ដា​ស្រុក​មួយចំនួន​ទៀត ​ដែល​ស្ថិត​នៅ​ក្បែរតំបន់​ជួរភ្នំ​ដងរែក​ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​ក្រោម​កម្រិត​នៃ​ការព្យាករ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​ប្រមាណ​ ១-២ អង្សាសេ។

ស្រដៀង​គ្នានេះ ​លោក ​ញើន កួន ​ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​នៅ​ខេត្ត​ឧត្តរមានជ័យ ​បាននិយាយ​ថា ​កាលពី​វេលា​ម៉ោង​៤ព្រឹក ​ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ ​តំបន់​មួយចំនួន​ក្នុង​ក្រុង​សំរោង ​ស្រុក​អន្លង់វែង ​និង ​ស្រុក​ត្រពាំង​ប្រាសាទ​ ដែល​ស្ថិតនៅ​ជាប់​ជួរ​ភ្នំ​ដងរែក ​អាកាសធាតុ​ត្រជាក់​ធ្លាក់​ចុះ​ក្នុង​រង្វង់​១៩អង្សាសេ ​គ្រា​ដែល​តំបន់​ផ្សេង​ទៀត ​នៅ​ខេត្តនេះ​ មាន​សីតុណ្ហភាព ​ក្នុង​ចន្លោះ​ពី ​២១-២២អង្សាសេ។

លោក​និយាយថា៖«បើតាមការពិនិត្យ​និង​តាមដានអំពីស្ថានភាពអាកាសធាតុ ខ្ញុំអាចអះអាងថា ចាប់ពី​ម៉ោង​សូន្យ​នៃ​យប់​ថ្ងៃ​ទី១​ ខែធ្នូនេះទៅ នៅទូទាំងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមានឹងធ្លាក់​ចុះមកនៅក្រោម២០អង្សាសេ ហើយ​នៅថ្ងៃ​បន្ត​បន្ទាប់​ក្នុងរង្វង់​១សប្ដាហ៍​នេះ ​វា​នឹង​បន្តធ្លាក់​ចុះបន្ថែម​ទៀត ​រហូតដល់​កម្រិត​១៥អង្សាសេ។ ជាពិសេស​តំបន់​មួយចំនួន​នៃ​ក្រុង​សំរោង ​និង​បណ្ដា​ស្រុក​មួយចំនួន​ទៀត ​ដែល​ស្ថិត​នៅតាម​ខ្នងភ្នំ​នៃ​ជួរភ្នំ​ដង​រែក»។

បើ​តាម​លោក ​ញើន កួន ​នៅ​មុនពេល​មាន​អាកាស​ធាតុ​ត្រជាក់​មកដល់ ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ​តែងតែ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ​និង​ផ្ដល់​អំណោយ​ជាអាវរងារ ​ឬជា​សម្លៀកបំពាក់​ក្រាស់ៗ​ដល់​ចាស់ជរា ​និង​គ្រួសារ​ក្រីក្រ ​ដើម្បី​ប្រើប្រាស់​ សម្រាប់​រក្សា​ភាពកក់ក្ដៅ​នៅ​ក្នុង​រាង​កាយ។ ម្យ៉ាង​ទៀត​លំនៅឋាន​របស់​ពលរដ្ឋ​ នាពេល​បច្ចុប្បន្ន ​មាន​ភាព​រឹងមាំ ​ដែល​ធន់នឹង​អាកាសធាតុ ​មិន​ដូច​កាលពី​ជាង​ ១០ ឆ្នាំ​មុន ​លំនៅឋាន​ពលរដ្ឋ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ ភាគ​ច្រើន ​មិនមាន​ជញ្ជាំង​បាំងបិទ​គ្រប់​គ្រាន់​នោះ​ទេ។

ទោះយ៉ាង​ណា ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គ្រឹង ​ក្នុង​ឃុំ​ពូជ្រៃ ​ស្រុក​ពេជ្រាដា ​ខេត្ត​មណ្ឌលគិរី ​លោក​ឡា មី ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​អ្នកភូមិ​មួយចំនួន​ក្នុង​សហគមន៍​របស់​គាត់​ នៅតែ​មិន​ប្រើប្រាស់​អាវរងា ​សម្រាប់​រក្សា​កំដៅ​នៅ​ក្នុង​រាងកាយ​នោះ​ទេ ​តែ​ប្រើ​វិធីបុរាណ ​គឺ​ដុត​បំពក់​ភ្នក់​ភ្លើង។

លោក​ឡា មី ​និយាយថា​៖«ខ្ញុំ​និង​ក្រុមគ្រួសារ ​បានរៀបចំ​រួចជា​ស្រេច​នូវ​អាវរងារ ​និង​ថ្នាំពេទ្យ​មួយចំនួន ​សម្រាប់​ព្យា​បាល​ជំងឺ​ ដែល​បង្កឡើង​ពី​អាកាស​ធាតុ​ត្រជាក់​នេះ ​ប៉ុន្តែ​អ្នកភូមិ​ខ្ញុំ​មួយចំនួន​ពួកគាត់​មិន​ប្រើប្រាស់​វា​ទេ។ ពួកគាត់​នៅតែ​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី ​និង​ដុត​បំពក់​ភ្លើង ​ដើម្បី​កំដៅ​រាងកាយ ​ហើយ​ប្រើប្រាស់​ថ្នាំ​ឫសឈើ ​ដែល​រកបាន​ពី​ក្នុង​ព្រៃ​សហ​គមន៍​ និង​ព្រៃ​ការពារ​ដែនជម្រក​សត្វ»។

ប៉ុន្តែ​វិធីដុត​បំពក់​ភ្នក់​ភ្លើង​ដើម្បី​កំដៅ​រាងកាយ​នេះ ​អាចបង្ក​ជាគ្រោះ​អគ្គិភ័យ​កើតឡើង​នាំឱ្យ​ខូចខាត​ផ្ទះសម្បែង ​និង ​បង្កជា​ភ្លើង​ឆេះព្រៃ​បាន ​ប្រសិនបើ​ខ្វះ​ការប្រុង​ប្រយ័ត្ន ​ព្រោះ​ក្នុង​រដូវរងា​នេះ ​មានខ្យល់​បក់​ខ្លាំង។ នេះ​បើ​តាម​លោក​នេត វន្ថា ​ប្រធាន​នាយកដ្ឋាន​បង្កា ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ។

លោក​ថ្លែង​ថា​៖«បើ​អាច​ចៀសវាង​បាន ​ក្នុង​រដូវរងា​នេះ ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទីជនបទ ​គួរបញ្ឈប់​ការដុត​បំពក់​ភ្លើង​សម្រាប់​កំដៅ​រាងកាយ ​ហើយ​ប្ដូរ​មក​ស្លៀកពាក់​អាវរងា​ទាំងអស់​គ្នា។ ព្រោះ​ភ្នក់ភ្លើង​វា​អាចបង្ក​ជាអគ្គិភ័យ​ឆេះ​ឆាប​រាល​ដាល​ជា​ភ្លើង​ឆេះព្រៃ ​និង​ឆេះ​ផ្ទះសម្បែង ​ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត ​ប្រសិនបើ​ខ្វះ​ការប្រុង​ប្រយ័ត្ន»។

ក្នុង​រដូវរងា ​បទល្មើស​ធនធាន​ធម្មជាតិ ​អាចនឹង​កើត​មាន​ច្រើន​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ ​ព្រោះ​វា​ជារដូវកាល​មួយ ​ដែល​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិភាគ​ឦសាន ​និយម​ចូលទៅ​រក​ប្រមូល​ផល​និង​អនុផល​ព្រៃឈើ ​តាម​បែប​ប្រពៃ​ណី​របស់​ពួកគេ ​ហើយ​ក្រុម​ជនឱកាស​និយម​មួយចំនួន ​តែងតែ​លួចបន្លំ​ធ្វើសកម្មភាព​កាប់​បំផ្លាញ​ព្រៃ ​និង​បរបាញ់​សត្វព្រៃ។​នេះ​បើ​តាម​លោក​ផាន់ សុផាត ​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ ​ខេត្ត​មណ្ឌលគិរី ​ទទួលបន្ទុក​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។

លោក​ថ្លែងថា​៖«ថ្វីដ្បិត​អាកាសធាតុ​ត្រជាក់​បានមក​ដល់ ​ប៉ុន្តែ​វា​មិនមែន​ជាឧបសគ្គ​សម្រាប់​ការចុះល្បាត​ព្រៃ ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នោះ​ទេ។ ព្រោះ​ក្រុមការងារ​យើង​បានទទួល​អំណោយ​ជាអាវរងា ​ពី​សម្ដេច​តេជោ ​រួចរាល់​ហើយ»៕