ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​ចុះ​អនុស្សរណៈ ជាមួយ អង្គការ ហេឡែន ខេលល័រ ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ កម្មករ​នៅតាម​បណ្តា​រោងចក្រ​មួយចំនួន​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

គម្រោង​ចុះ MOU នេះ​ត្រូវ​បានលើក​ឡើង​ក្នុងឱកាស​ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង បានអនុញ្ញាត​ឱ្យ​លោកស្រី Gwyneth Cotes តំណាង​ប្រចាំ​ប្រទេស អង្គការ ហេឡែន ខេលល័រ ​អន្តរជាតិ​ចូលជួប​សម្តែង​ការគួរសម ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​ការងារ​លើ​ការសាកល្បង​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ​មួយចំនួន​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា​។

ក្នុង​ជំនួប​នោះ​លោក អ៊ិត សំហេង បាន​គាំទ្រ​ចំពោះ​អង្គការ ហេឡែន ខេលល័រ ដែល​បាន​ផ្តួចផ្តើម​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ ខណៈ​លោក​បាន​ស្នើឱ្យ​មាន​ការរៀបចំ​ជា​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) ​ជា​ផ្លូវការ​រវាង​ភាគី​ទាំង​ ២ ដើម្បី​ធ្វើឱ្យ​គម្រោង​នេះ​អនុវត្ត​ទៅ​ទទួល​បាន​ប្រសិទ្ធភាព និង​ជោគជ័យ​រួម​។ លោក​បន្តថា គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ​សង្គម​មួយ​ដែល​មិនអាច​ខ្វះ​បាន ដែល​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ពិតជា​ជួយ​ជំរុញ​បន្ថែម​ដល់​និរន្តរភាព​សកម្មភាព​របស់​អង្គការ​តទៅ​មុខទៀត​។

លោក​បញ្ជាក់ថា​៖ «​មួយ​វិញទៀត​ចំពោះ​គម្រោង​នេះ​ក៏​ជា​ការផ្ញើ​សារ​មួយ ទៅកាន់​ទីផ្សារ​បញ្ជា​ទិញ​អន្តរជាតិ​ធំៗ​ផងដែរ​អំពី កិច្ច​គាំពារ លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​»​។ គម្រោង​នេះ​នឹង​ធ្វើ​នៅ​តាម​រោងចក្រ មិនមែន​អនុវត្ត​នៅតាម​សហគមន៍​ទេ ព្រោះ​រោងចក្រ គឺជា​ទីកន្លែង​អាជីវកម្ម​មួយ ដែលមាន​ការគ្រប់គ្រង​ពី​និយោជក និង​មាន​ម៉ោង​ធ្វើការ​ច្បាស់លាស់​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ពី​វិបត្តិ​កូវីដ​ ១៩ ដែល​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​គ្រប់​វិស័យ​ជាពិសេស​សម្រាប់​វិស័យ​ការងារ ជា​វិស័យ​មួយ​ដែល​ជួប​នូវ​ការលំបាក ធ្វើឱ្យ​កម្មករនិយោជិត​បាត់បង់​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល ខិតខំ​ដោះស្រាយ​តាមរយៈ​វិធានការ​ឧបត្ថម្ភ​ជា​កញ្ចប់​។

លោក​ថា​៖ «​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើសរើស​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ជា​គន្លឹះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពស៊ាំ​នៅក្នុង​សហគមន៍ ហើយ​អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​»​។

នាឱកាស​នោះដែរ លោកស្រី Gwyneth Cotes បាន​ជម្រាបជូន​លោក អ៊ិត សំហេង ថា អង្គការ ហេឡែន ខេលល័រ ជា​អង្គការ​មនុស្សធម៌ មិនមែន​រដ្ឋាភិបាល ដែល​បាន​កំពុង​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា ដោយ​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ អង្គការ​កំពុង​រៀបចំ​ដំណើរការ​សាកល្បង គម្រោង​លើកកម្ពស់​សុខភាព​ និង​អាហារូបត្ថម្ភ ស្ត្រី និង​កុមារ​នៅ​តាម​បណ្តា​រោងចក្រ​មួយចំនួន​តាមរយៈ​ការគាំទ្រ​ថវិកា​របស់​គម្រោង GIZ-MUSEFO ដើម្បី​រួមចំណែក​លើកកម្ពស់ សុខភាព ផលិតភាព និង​សេដ្ឋកិច្ចកម្ពុជា​»​។ លោកស្រី​បាន​ថ្លែងអំណរគុណ​​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ដែល​នឹង​មាន​ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការអនុវត្ត​គម្រោង​នេះ​។

បើតាម​លោកស្រី Gwyneth Cotes កម្មវិធី​នេះ​នឹង​ផ្តោតលើ​ការអប់រំ​ដល់​បុគ្គលិក កម្មករ កម្មការិនី​អំពី​សារៈសំខាន់​នៃ​សុខភាព និង​អាហារូបត្ថម្ភ​ដូចជា​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​ក្នុង​ការលើកកម្ពស់​សុខភាព និង​ការពារ​ជំងឺ​ផ្សេងៗ អត្ថប្រយោជន៍​ការបរិភោគ​អាហារ​ចម្រុះ ដែលមាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​ដើម្បី​សុខភាព​ និង​ថាមពល​មាំមួន​។ ការថែទាំ​សុខភាព​ពេល​លម្ហែ​មាតុភាព និង​ក្រោយ​សម្រាលកូន ការអប់រំ​ស្តីពី​ការចិញ្ចឹម​ទារក និង​កុមារ​តូច​ក្នុង​អំឡុង​ពេលធ្វើការ​ ដើម្បី​ឱ្យ​កូន​របស់​ពួកគេ​មាន​សុខភាព​ល្អ​។

លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួង​ការងារ​បាន​ថ្លែងថា ការគ្រោង​ចុះ​អនុស្សរណៈ​យោគល់​គ្នា​នេះ គឺ​ដើម្បីឱ្យ​ក្រសួង​អាច​សហការ​គ្នា​ជា​ផ្លូវការ​ក្នុង​ការរៀបចំ​គោលការណ៍​ណែនាំ​រួម ដើម្បី​ធ្វើជា​វេទិកា​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

លោក​ថា​៖ «​នេះ​ជា​ការចាប់ផ្តើម​ដោយសារ​គម្រោង​របស់គាត់ បាន​សាកល្បង​បណ្តើរៗ​ហើយ គ្រាន់តែ​ធ្វើជា​គម្រោង​សាកល្បង​តិចតួច ហើយ​ដើម្បីឱ្យ​គម្រោង​នេះ ដំណើរការ​ទៅ​ទទួល​ការគាំទ្រ​ទាំង​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស និង​ភាគី​និយោជក នៅ​តាម​រោងចក្រ​សហគ្រាស អ៊ីចឹង MOU នេះ យើង​នឹង​ធ្វើការ​ឱ្យបាន​លឿន​ឆាប់​បំផុត ដើម្បី​អាច​ដំណើរការ​ការងារ​របស់​យើង​ឱ្យទាន់​ពេលវេលា​»៕