ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ចាប់ផ្តើម​អនុវត្ត​គម្រោង​បោសសម្អាត​មីន នៅ​ខេត្ត​កែប ដែល​មាន​ឈ្មោះ​ថា​ «​ខេត្ត​កែប​គ្មាន​គ្រាប់មីន​» នៅ​ថ្ងៃទី​ ១ ធ្នូ ដោយ​បោសសម្អាត​មីន​ក្នុង​ចម្ការមីន ដែល​នៅសល់​ចំនួន​ ៨ ​​ចម្ការលើ​ផ្ទៃដី​ប្រមាណ​ជាង​ ១០០ ​ហិកតា ក្នុង​ខេត្ត​កែប​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា​ថា លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​គម្រោង​ «​ខេត្ត​កែប​គ្មាន​គ្រាប់មីន​» (Kep Mine-Free Province Project) នៅ​ទីបញ្ជាការ CMAC ភ្នំពេញ ជាមួយ ប្រធាន​អង្គការ NPA ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា​។

លោក​បន្ថែមថា បច្ចុប្បន្ន​ខេត្ត​កែប​នៅសល់​ចម្ការមីន​ចំនួន​ ៨ ដែលមាន​ទំហំ​ផ្ទៃដី ប្រមាណ​ជាង​ ១០០ ​ហិកតា ហើយ​ការចំណាយ​ក្នុង​ការអនុវត្ត​គម្រោង​នេះ​ខ្ទង់​ប្រមាណ​ជិត​ ២០ ​ម៉ឺន​ដុល្លារ​។ កម្លាំង​ស៊ីម៉ាក់​នឹង​ប្រើ​ពេលវេលា​យ៉ាងយូរ​ ៤ ​ខែ​ដើម្បី​បញ្ចប់​ការងារ​ក្នុង​គម្រោង​នៅ​ខេត្ត​កែប​នេះ ដើម្បី​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ជា​ខេត្ត​គ្មាន​គ្រាប់មីន​ដំបូង​គេ​។

លោក​អគ្គនាយក​ CMAC បញ្ជាក់ ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែធ្នូ នេះ​តទៅ ដែល​ជំហាន​ដំបូង​នឹងត្រូវ​ដាក់កម្លាំង​ស៊ីម៉ាក់​ចំនួន​ ៣០ ​នាក់ ដោយ​បែងចែក​ជា​ ៤ ​ក្រុម ទៅកាន់​ ៤ ​ចម្ការមីន ក្នុង​ចំណោម​ចម្ការមីន​ចំនួន​ ៨ ​នៅក្នុង​ខេត្ត​កែប​។

លោក​ថ្លែងថា​៖ «​នេះ​ជា​គម្រោង​ថ្មី​ដែល​យើង​រំដោះ​ខេត្ត​មួយៗ​ឱ្យអស់​ហ្មង​។ ម្តងនេះ​អត់​មាន​វិលត្រឡប់​វិញ​ទេ ដែលជា​យុទ្ធសាស្ត្រ គេ​ថា បោសសម្អាត​ខេត្ត​មួយណា​ឱ្យ​ចប់​ខេត្ត​ហ្នឹង​។ ខេត្ត​កែប​តូច​ជាងគេ គ្រាប់មីន​តិចជាងគេ ដែល​កាលមុន​យើង​មិន​បាន​ធ្វើ​បញ្ចប់​ដោយសារ​នៅ​តំបន់ភ្នំ តំបន់​អី តែ​ឥឡូវ​យើង​ត្រូវ​បញ្ចប់​ដើម្បី​ទៅ​អនុវត្ត​អនុសញ្ញា​បាន​ងាយស្រួល​»​។

បើតាម​លោក​ ហេង រតនា ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ ​នេះ ស៊ីម៉ាក់​បាន​រកឃើញ​ និង​យកទៅ​កម្ទេចចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ​ជិត​ ៧ ​ម៉ឺន​គ្រាប់ បោសសម្អាត​រំដោះ​ផ្ទៃដី​បាន​ជាង​ ៨៣ ​គីឡូម៉ែត្រ​ក្រឡា​។ បន្ទាប់ពី​បោសសម្អាត​នៅ​ខេត្ត​កែប ស៊ីម៉ាក់​នឹង​បន្ត​ចុះទៅ​បោសសម្អាត​ជា​បន្តបន្ទាប់​ទៀត​នៅ​ខេត្តតាកែវ ខេត្ត​កំពត ឬ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​យ៉ាងណា ពេលនេះ​ស៊ីម៉ាក់​កំពុង​សិក្សា​លម្អិត​អំពី​បញ្ហា​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ​នៅឡើយ​។

លោក​ថា​៖ «​កម្លាំង​ស៊ីម៉ាក់​មាន​មហិច្ឆតា​បន្ត​ភារកិច្ច​បោសសម្អាត តំបន់​រងផលប៉ះពាល់​គ្រាប់មីន​ឱ្យ​ក្លាយជា​ខេត្ត​គ្មាន​គ្រាប់មីន សម្រាប់​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ ព្រះសីហនុ និង​ខេត្តកោះកុង ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០២២ ​តទៅ​។ ស៊ីម៉ាក់​ក៏​បន្ត​ខិតខំ​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មីន និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា​អស់​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រឹម​ចុងឆ្នាំ​ ២០២៥»​។

ហ្វេសប៊ុក​អង្គការ NPA នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា សរសេរថា ក្រោម​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័រវេស​អង្គការ​ប្តេជ្ញា​គាំទ្រ​ជួយ​ប្រទេស​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ដោយ​បច្ចុប្បន្ន​បាននិង​កំពុង​ចាប់ផ្តើម​ជំហាន​ដំបូង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មីន​ និង​ស៊ីម៉ាក់​ដើម្បី​ធ្វើការ​កម្ចាត់មីន​ឱ្យអស់​នៅ​ខេត្ត​កែប​។

ហ្វេសប៊ុក​ដដែល​សរសេរ​ថា​៖ «​ថ្ងៃនេះ​យើង​បានចាប់ផ្តើម​ជំហាន​ដំបូង​ដោយ​ធ្វើការ​ជាមួយ អាជ្ញាធរ​មីន-Cambodian Mine Action Authority និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា-CMAC​ដែលជា​អាជ្ញាធរ​ និង​ប្រតិបត្តិករ​ជាតិ​នៃ​សកម្មភាព​កំចាត់មីន​កម្ពុជា ក្នុង​ការចុះ​ទស្សនកិច្ច ចម្ការមីន​ដែល​សេសសល់​ក្នុង​ខេត្ត​កែប ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន និង​រៀបចំ​ផែនការ​ការងារ​ដើម្បីឱ្យ​ខេត្ត​កែប​ក្លាយជា​ខេត្ត​ដែល​គ្មាន​មីន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​»​។

លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន ថ្លែង​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា​ថា ដោយមាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អាជ្ញាធរ​មីន​បាន​ទំនាក់ទំនង​ជាមួយ​សហគមន៍​ផ្តល់ជំនួយ​មួយ​ចំនួន​ដែល​ថ្មីៗ​នេះ​ប្រទេស​ហុងគ្រី​ផ្តល់ជំនួយ​បោសសម្អាត​បាន​ ១ ​ចម្ការមីន​ក្នុង​ខេត្ត​កែប​។

លោក​ថា​៖ «​យើង​បាន​គោលការណ៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ឱ្យខិតខំ​រក​ធនធាន ដើម្បី​ទៅ​បញ្ចប់​ខេត្ត​ហ្នឹង​។ អ៊ីចឹង​យើង​បាន​មក​គ្រប់គ្រាន់​ហើយ​។ ឥឡូវ​យើង​កំពុង​ពង្រាយ​កម្លាំង​របស់​ស៊ីម៉ាក់​ ដើម្បី​បោសសម្អាត​ឱ្យបាន​ចប់​។ អ៊ីចឹង​ពេល​យើង​ចប់​យើង​នឹង​ប្រកាស​ខេត្ត​ហ្នឹង​មុនគេ​ជា​ខេត្ត​អត់​មាន​មីន​»៕