សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់​ថ្ម​តាម​ប្រាសាទ​ដល់​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទ​ ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ និង​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​ដ៏អស្ចារ្យ​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា​​ដោយសារ​កត្តា​ធម្មជាតិ និង​អាយុកាល​​នៃ​ថ្ម​បាន​ធ្វើឱ្យ​ថ្ម​តាម​ប្រាសាទ​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជាច្រើន​ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អ្នក​បន្តវេន​នាពេល​អនាគត​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា​ «​ក្នុងន័យនេះ វគ្គ​បណ្តុះបណ្តាល​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់​ថ្ម​នៅតាម​ប្រាសាទ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ជំនាញ​ជូន​ភ្នាក់ងារទេសចរណ៍​ ដើម្បី​ជា​ចំណេះដឹង​ផ្នែក​ជំនាញ​បច្ចេកទេស និង​យល់ដឹង​ពី​ស្ថានភាព​ថ្ម​ប្រាសាទ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​ទីតាំង​ផ្ទាល់​»​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ភ្នាក់ងារ​ទេសចរណ៍​ដែល​កំពុង​ធ្វើការ​ជាប់​ជាប្រចាំ​នៅតាម​ប្រាសាទ ក៏មាន​ភារកិច្ច​ចូលរួម​ជា​ចាំបាច់​ក្នុង​ការផ្តល់​ព័ត៌មាន​ឱ្យបាន​ទាន់ពេលវេលា​ដល់​អ្នកជំនាញ​អភិរក្ស ពិសេស​ទាក់ទង​នឹង​ការអភិរក្ស​ថ្ម​ផងដែរ​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ ៤ ​សប្ដាហ៍​គិត​ចាប់ពីថ្ងៃ​ទី​ ២៩ ខែវិច្ឆិកា ឆ្នាំនេះ​តទៅ​ដែលមាន​ទីតាំង​នៅ​ប្រាសាទ​ព្រះគោ​ដោយ​​មាន​សិក្ខាកាម​ចូលរួម​ ២០ ​រូប​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែងថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​ល្អ​មែនទែន ហើយ​វា​ជា​របត់​ថ្មី​ផងដែរ សម្រាប់​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ភ្នាក់ងារ​ទេសចរណ៍​។

លោក​ថា​៖ «​ចំពោះ​ការីទេសចរណ៍​​លោក​ត្រូវតែ​ផ្តល់​ទស្សនទាន​នេះ​ទៅ​ដល់​ភ្ញៀវទេសចរ​គ្រប់រូប ពីព្រោះថា​ក្នុងនាម​ជា​ប្រតិបត្តិករ ឬ​អ្នក​រកទទួលទាន​ក្នុង​វិស័យនេះ​យើង​ត្រូវតែ​ចូលរួម​ទប់ស្កាត់​ [​ការបំផ្លាញ​] ​បេតិកភណ្ឌ ក៏ដូចជា​ការលើកតម្កើង​បេតិកភណ្ឌ​របស់​ជាតិ និង​មនុស្សជាតិ​ក្នុង​សកលលោក ព្រោះ​មិនមែន​សម្រាប់​តែ​កម្ពុជា​ទេ ដោយសារ​គ្រប់​ប្រាង្គ​ប្រាសាទ​ត្រូវបាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​»​។

លោក​បាន​បន្តថា កន្លងមក​សមាគម​តែងតែ​គាំទ្រ​យុទ្ធសាស្ត្រ​នេះ ដោយ​លោក​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​រក្សា​​បាន​នូវ​បេតិកភណ្ឌ​ជាតិ​យូរអង្វែង​។

លោក​ថា​៖ «​ទន្ទឹមនេះដែរ យើង​ឃើញ​​ថា ឥរិយាបថ​នេះ​ក៏​ធ្វើឱ្យ​ការដើរ​​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ​មានតម្លៃ និង​មាន​កិត្តិនាម​ផងដែរ​»​។

ពាក់ព័ន្ធ​ការរៀបចំ​សណ្តាប់ធ្នាប់​ថ្ម​នៅតាម​ប្រាសាទ​កន្លងមក លោក វណ្ឌី សង្កេតឃើញថា នៅមាន​បញ្ហា​តិចតួច​ដោយ​តំបន់​ខ្លះ​នៅ​មិនទាន់​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​នោះទេ​។

លោក​ថា​៖ «​កន្លងមក​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ប្រាង្គ​ប្រាសាទ​ខ្លះ​មិនសូវ​​មាន​សណ្តាប់ធ្នាប់ ដោយសារ​ភ្ញៀវ​ខ្លះ​គាត់​ដើរ​ចុះឡើង​មិន​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ ហើយ​ថ្ម​ខ្លះ​មិនទាន់​បែកបាក់ មិនទាន់​បានរៀបចំ​»​។

យ៉ាងណា​ក៏ដោយ​លោក​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​កំណើន​ភ្ញៀវទេសចរ​ទៅលេង​រមណីយដ្ឋាន​អង្គរ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ទទួលភ្ញៀវ​ទេសចរ​ក្រៅប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

ដោយឡែក អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះសិរ​ទេវតា​ចំនួន​ ៦ និង​អសុរា​ចំនួន​ ៧ ​នៅ​ខ្លោងទ្វារ​តាកាវ​នៃ​ក្រុង​អង្គរធំ ក្នុង​រយៈពេល​ ១ ​ខែ​ទៀត​។

ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បាន​ឱ្យ​ដឹងថា ក្រុមការងារ​កំពុង​បង្ហើយ​ការងារ​ជួសជុល និង​ដំឡើង​ព្រះសិរទេវតា និង​​អសុរា ការងារ​បំពេញ​ថ្មភក់​ថ្មី ការងារ​ដាប់​ក្បាច់ និង​ការងារ​ដំឡើង​តួ​មេទ័ព​ទេវតា មុននឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះសិរ​នៃ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ គម្រោង​ជួសជុល​ខ្លោងទ្វារ​តាកាវ​នៃ​ក្រុង​អង្គរធំ​។

សូមជម្រាបថា ព្រះសិរទេវតា និង​ព្រះសិរអសុរា​ចំនួន​ ១៣ ​ត្រូវ​បាន​រកឃើញ​ក្នុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដែល​ក្នុងនោះ​ប្រទះឃើញ​ព្រះសិរទេវតា​ចំនួន​ ៦ (​ព្រះសិរ​ពេញ​រូបរាង​ចំនួន​ ៤ និង​ពាក់កណ្ដាល​ចំនួន​ ២) ​និង​ព្រះសិរអសុរា​ចំនួន​ ៧ (​ព្រះសិរ​ពេញ​រូបរាង​ចំនួន​ ៦ និង​ពាក់កណ្ដាល​ចំនួន​ ១)៕