ភ្នំពេញៈ សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ស្នើ​ឱ្យមាន​ការហាម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ទម្រង់ ដោយហេតុថា ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​ចម្បង​មួយ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​ប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន ខណៈ​អំពើហិង្សា​ និង​ដើមហេតុ​នៃ​ការកើត​ជំងឺ​ផ្សេងៗ រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បង្កឡើង​ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។

ការស្នើ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ “​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​” ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទាំងពីរ​ខាងលើ ដើម្បី​លើក​ជា​យោបល់ បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​រួមគ្នា ក្នុង​ការហាមឃាត់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់ទម្រង់​កាលពី​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា​។ បញ្ហា​ដែល​ត្រូវបាន​លើកឡើង​នោះ​រួមមាន​គ្រោះថ្នាក់​ចរាចរណ៍ អំពើហិង្សា ការជួញដូរ​មនុស្ស ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​កើត​ជំងឺ​ផ្សេងៗ​ទៀត ដែល​សុទ្ធសឹង​តែ​បង្កឡើង​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។

អនុប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​លោកស្រី ជូ ប៊ុនអេង បាន​ថ្លែងថា គោលបំណង​នៃ​អង្គ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ស្តីពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង និង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ស្វែងរក​ការកំហិត​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែល​មូលហេតុ​នាំឱ្យ​ការសេព​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន​។

លោកស្រី​បន្តថា កម្មវិធី​នេះ​ក៏​ធ្វើឡើង​ក្នុង​គោលបំណង​បំផុស​ការយល់ដឹង និង​កង្វល់​អំពី​ផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​ចំពោះ​សង្គម ជាពិសេស​ការរំលោភបំពាន​ផ្លូវភេទ ការជួញដូរ​មនុស្ស​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ម្យ៉ាងវិញទៀត កម្មវិធី​នេះ​ក៏មាន​គោលបំណង​កំណត់​រក​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការស្នើឡើង​នូវ​យុទ្ធសាស្ត្រ​ជាតិ​ជា​អាទិភាព​សម្រាប់​ការឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​សង្គម​ដោយ​គ្រឿង​ស្រវឹង​»​។

ជាមួយ​គ្នា​នេះដែរ​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មាន​ប្រសាសន៍​ថា តាមរយៈ​កម្មវិធី​នេះ​សមាជិក​អង្គ​សិក្ខាសាលា​ទាំងមូល​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​ផ្សេងៗ​ ជាពិសេស​វិធានការ​ទៅលើ​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។

លោក​ក៏បាន​គូសបញ្ជាក់ថា ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង នាពេល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ លោក​បន្តថា​៖ «​ការប្រើប្រាស់​រង្វាន់​ទាក់ទាញ ការប្រើប្រាស់​តារា​ល្បីៗ​តាម​គ្រប់​មធ្យោបាយ​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាងខ្លាំង​ដល់​ស្ត្រី កុមារ និង​យុវជន ឱ្យប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​។

ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះដែរ កាលពី​ខែឧសភា ឆ្នាំ ២០២១ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើការ​រុះរើ​ចេញ​ជាបន្ទាន់​នូវ​ស្លាក​ប៉ាណូ​ដែល​បាន​លើក​តាំង​ផ្សព្វផ្សាយ​ពី​ផលិតផល​ស្រាបៀរ​ផ្សេងៗ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ សុំឱ្យ​មាន​ការរុះរើ​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​ទាំងអស់ ចេញ​ពី​ក្របខ័ណ្ឌ​ដែនដី​ខេត្ត​​កំពង់ស្ពឺ ដោយ​ដាក់ជំនួស​មកវិញ​នូវ​ប៉ាណូ​ទាំងឡាយណា ដែល​ជួយ​ដល់​សុខភាព​ពលរដ្ឋ​ទូទៅ ព្រោះ​ប៉ាណូ (​ស្រាបៀរ​) ទាំងនេះ វា​គ្មាន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​នោះទេ​»​។

បើតាម​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នៅក្នុង​ខេត្ត​នេះ​ត្រូវបាន​ដកចេញ​អស់ហើយ​។

យោង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានឱ្យដឹងថា ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្ក​ឱ្យ​មាន​ជំងឺ​ជាង​ ២០០ ​មុខ​រួមមាន ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ ជំងឺ​ប្រព័ន្ធ​សរសៃប្រសាទ និង​ជំងឺ​ប្រព័ន្ធ​បន្ត​ពូជ​។ លើសពីនេះ​គ្រឿង​ស្រវឹង ជា​កត្តា​ចម្បង​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ហើយក៏​ជា​កត្តា​ហានិភ័យ ជំរុញ​ឱ្យ​មាន​អំពើហិង្សា​គ្រប់​ប្រភេទ​។

សេចក្តី​ប្រកាស​បន្តថា បើតាម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​កិច្ចការនារី​បាន​បង្ហាញថា ភាព​ញឹកញាប់ និង​ភាពធ្ងន់ធ្ងរ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​កើនឡើង​ស្របគ្នា​ជាមួយ​ការកើនឡើង​នៃ​ការសេព​គ្រឿង​ស្រវឹង​របស់​ដៃគូ​។

បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​គ្រឿង​ស្រវឹង​បាន​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ប្រមាណ ៣ ​លាន​នាក់​ក្នុង​មួយឆ្នាំៗ​នៅលើ​ពិភពលោក​៕