ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ចំនួន​ ៣០ ​រូប​ទៅ​បន្ត​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ហុងគ្រី ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៦ ​វិច្ឆិកា​ឱ្យដឹងថា កម្មវិធី​អាហារូបករណ៍​នេះ ផ្តល់​អាហារូបករណ៍​ចំនួន ៥ ​ប្រភេទ​ដែល​ក្នុងនោះ​មាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ ១០ ​កន្លែង​លើ​មុខជំនាញ​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ធម្មជាតិ​។ ថ្នាក់បណ្ឌិត​ ៤ ​កន្លែង លើ​មុខជំនាញ​ណា​ក៏បាន​ជា​ភាសា​ហុងគ្រី ឬ​អង់គ្លេស ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ១០ ​កន្លែង លើ​មុខជំនាញ​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និង​វិទ្យាសាស្ត្រ​ធម្មជាតិ​។

ក្រៅពីនេះ​ក៏​ផ្តល់ជូន ២ ​កន្លែង​លើ​ការសិក្សា​មួយ​ចប់​ក្នុង​មុខជំនាញ​ណាមួយ​ក៏បាន និង​អាហារូបករណ៍​រយៈពេល ១០ ​ខែ ៤ ​កន្លែង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស ដល់​និស្សិត​ដែលមាន​សញ្ញាបត្រ​ឯកទេស​រួច​។

យោងតាម​សេចក្តី​ជូនដំណឹង​ដដែល បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រជែង​យក​អាហារូបករណ៍​ត្រូវ​ដាក់ពាក្យ​តាម​អនឡាញ​នៅលើ​គេហទំព័រ apply.stipendiumhungaricm.hu ឬ www.stipendiumhungaricum.com ឱ្យបាន​មុន​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២២​។ បន្ថែម​ពីនេះ​បេក្ខជន​ក៏​តម្រូវឱ្យ​ចុះឈ្មោះ​នៅឯ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៅ​អគារ​លេខ​ ៨០ មហាវិថី​ព្រះ​នរោត្តម រហូតដល់​ថ្ងៃទី​ ២១ ​មករា ឆ្នាំ​ ២០២២​។

ក្រសួង​អប់រំ នឹង​រៀបចំ​ធ្វើការ​ប្រឡង​លើ​វិញ្ញាសា​ភាសា​អង់គ្លេស និង​វប្បធម៌​ទូទៅ ចំពោះ​ថ្នាក់​ក្រោយ​ឧត្តមសិក្សា មធ្យមសិក្សា​ និង​វិញ្ញាសា ភាសា​អង់គ្លេស និង​គណិតវិទ្យា​សម្រាប់​ថ្នាក់​ឧត្តមសិក្សា ផ្អែកលើ​ចំនួន​បេក្ខជន ដែល​បានដាក់​ពាក្យ​។ កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការប្រឡង និង​មណ្ឌល​ប្រឡង​នឹង​ជម្រាប​ជូន​នៅពេល​ក្រោយ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដៃគូ​អភិវឌ្ឍន៍​រួមមាន​ប្រទេស​ហុងគ្រី​បាននិង​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​កម្ពុជា តាមរយ:​គ្រប់​រូបភាព ដូចជា​ការផ្តល់​ឱកាស​អាហារូបករណ៍​ដែល​ផ្នែក​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន និង​អនាគត​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ឱកាស​អាហារូបករណ៍​ដែល​ឆ្លើយតប​ទៅនឹង​ការអប់រំ​ពលរដ្ឋ​សកល​ដែល​មានបំណង​ចូលរួម​ពង្រឹងសមត្ថភាព​សិស្សនិស្សិត​គ្រប់​កម្រិត​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​សកល​ដែលមាន​ចរិយា​សម្បទា វិជ្ជា​សម្បទា បំណិនសម្បទា និង​គុណតម្លៃ​ឆ្លើយតប​នឹង​បរិបទ​ជាតិ តំបន់ និង​ពិភពលោក​»​។

កញ្ញា វ៉ា វិសិដ្ឋម៉ូល្លីកា និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ទៅកាន់​ប្រទេស​ហុងគ្រី​កាលពី​ឆ្នាំ​ ២០១៩ ថ្លែងថា គោលបំណង​របស់​កញ្ញា​ចំពោះ​ការសិក្សា​នៅក្រៅ​ប្រទេស​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​។

កញ្ញាបន្តថា​៖ «​អាហារូបករណ៍​ហ្នឹង​ពិតជា​មានន័យ​មែនទែន សម្រាប់​រូបខ្ញុំ និង​ប្រទេស​ខ្មែរ ពីព្រោះ​ខ្ញុំ​រៀន​នូវ​ជំនាញ​សិក្សា​អន្តរជាតិ​។ ដូច្នេះ​នៅពេល​ដែល​ខ្ញុំ​រៀន​ពី​ច្បាប់​អឺរ៉ុប ច្បាប់​ផ្សេងៗ​របស់គេ​ហ្នឹង​វា​ជួយ​ពេលដែល​ខ្ញុំ​ទៅ​ខ្មែរ​វិញ​ហ្នឹង​ខ្ញុំ​នឹង​អាច​ចែករំលែក​អ្វីដែល​ខ្ញុំ​បាន​សិក្សា​រៀនសូត្រ​នៅទីនេះ ទៅ​ប្រទេស​ខ្មែរ និង​ជួយ​ប្រទេស​ខ្មែរ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​»​។

បើតាម​លោក រស់ សុវាចា ចាប់តាំងពី​ឆ្នាំ​ ១៩៨០ ដល់​ឆ្នាំ ២០២០ និស្សិត​កម្ពុជា​ចំនួន​ ២៧៥ ​នាក់​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ហុងគ្រី​។ ជាមួយ​គ្នា​នេះ កាលពី​ឆ្នាំ​ ២០២០ មាន​និស្សិត កម្ពុជា​សរុប​ចំនួន ៤២១ ​នាក់ ទទួល​បាន​អាហារូបករណ៍​ពី​ប្រទេស​ផ្សេងៗ​ក្នុង​នោះ​ក៏មាន​និស្សិត​កម្ពុជា​ចំនួន ១៥ ​នាក់​ផងដែរ​ទទួល​បាន​អាហារូបករណ៍​ពី​ប្រទេស​ហុងគ្រី​៕

រ៉ូ គឹមឡុង