ភ្នំពេញៈ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​​ព្រៃឈើ​ប្រចាំ​តំបន់​ (RECOFTC) ​នៅពេល​ថ្មីៗ​នេះ​បានចេញ​របាយការណ៍​ពិសេស​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​របៀប​រស់នៅ និង​ការគ្រប់គ្រង​ដី​ព្រៃរបស់​ប្រជាសហគមន៍​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំកន្លងមក ដែល​គេ​រំពឹងថា​​នឹង​ក្លាយជា​ឯកសារយោង​សម្រាប់​ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។

របាយការណ៍​ដែលមាន​ជាង​ ២០ ​ទំព័រ និង​ ៦ ​ជំពូក​នោះបាន​បង្ហាញ​ពី​វិធីសាស្ត្រ​គ្រប់គ្រង​ព្រៃឈើ​ផ្សេងៗ​គ្នា​របស់​ប្រជាសហគមន៍​ព្រៃឈើ​ដោយ​ផ្អែកលើ​បទពិសោធ និង​ការយល់ដឹង​របស់​ពួកគេ​។ ​វា​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ឯកសារយោង​សម្រាប់​អ្នកបង្កើត​​គោលនយោបាយ​យកទៅ​ពិនិត្យ​ពិចារណា​ចាប់​យក​ចំណុច​សំខាន់ៗ​ ដើម្បី​ដាក់​​បញ្ចូល​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេល​អនាគត​។

លោក តុល សុខជា ប្រធាន​គម្រោង​ជា​​ដៃគូ​សម្រាប់​វិស័យ​ព្រៃឈើ និង​ជលផល​នៅ​កម្ពុជា​ដំណាក់កាល​ទី​ ៣ ​ដែល​​ជា​ផ្នែក​មួយ​របស់​ RECOFTC ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា របាយការណ៍​នេះ​​មិន​ផ្ដោត​សំខាន់​លើ​បច្ចុប្បន្នភាព​នៃ​គម្រប​ព្រៃឈើ​ជាតិ​នោះទេ​។ ​ប៉ុន្តែ​ផ្ដោតលើ​ទំនាក់ទំនង​នៃ​ការរស់នៅ​ជាមួយ​ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វ​ព្រៃរបស់​ប្រជាសហគមន៍​ជនបទ​នៅ​កម្ពុជា​​មុន និង​ក្រោយពេល​បង្កើត​នូវ​គោលនយោបាយ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ព្រៃឈើ និង​បទដ្ឋាន​គតិយុត្ត​មួយចំនួន​ទៀត ព្រមទាំង​ការបែងចែក​ផលលាភ​ដែល​បាន​ពី​ការលក់​កាបូន​។

លោក​បាន​បញ្ជាក់ថា​៖ «​របាយការណ៍​នេះ​ផ្តល់នូវ​ការយល់ដឹង​ជា​មូលដ្ឋាន​អំពី​ការអភិវឌ្ឍ​គំរូ​ផ្សេងៗ​នៃ​សហគមន៍​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​សំឡេង​របស់​អ្នក​ដែល​ធ្វើការ​ផ្លាស់ប្តូរ​ជាក់ស្តែង ដូចជា ប្រជាសហគមន៍ អង្គការ​ក្រៅ​រដ្ឋាភិបាល មន្ត្រី​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។ យើង​សង្ឃឹមថា របាយកាណ៍​នេះ​នឹង​ផ្តល់នូវ​ភាពច្បាស់លាស់​បន្ថែមទៀត​អំពី​របៀប​បង្កើត​គោលនយោបាយ និង​ការអនុវត្ត​នាពេល​អនាគត »​។

បើតាម​លោក សុខជា មុនពេល​បង្កើត​របាយការណ៍​នេះ​គឺ​ក្នុងអំឡុង​ឆ្នាំ​ ២០១៨-២០១៩ លោក និង​ក្រុមការងារ​ ៣ ​នាក់​ទៀត​បាននាំគ្នា​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ពី​ប្រភព​​ផ្សេងៗ និង​បាន​ចុះ​ជួប​ធ្វើ​បទ​សម្ភាស​ជាមួយ​ប្រជាសហគមន៍​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​មួយចំនួន​ទៀត ដើម្បី​យកមក​វិភាគ​ផ្ទៀងផ្ទាត់​ស្វែងរក​ភាពត្រឹមត្រូវ និង​ស៊ីចង្វាក់​ទៅនឹង​ស្ថានភាព​​ជាក់ស្ដែង​ដែល​សហគមន៍​នីមួយៗ​បាន​​ជួបប្រទះ​តាំង​ពីមុន​មកទល់​បច្ចុប្បន្ន ដោយ​បាន​ចំណាយពេល​ប្រមាណ​ ២ ​ឆ្នាំ​បន្ថែមទៀត​ទើប​ចងក្រង​របាយការណ៍​ពិសេស​នេះ​បាន​ជោគជ័យ និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ថ្មីៗ​នេះ​។

ក្នុង​របាយការណ៍​ពិសេស​នោះបាន​រំលេច​ពី​សកម្មភាព​របស់​សកម្មជន​ព្រៃឈើ​ម្នាក់​ក្នុងភូមិ​ចំបក់​ហោះ​ក្នុង​​ស្រុក​រវៀង ខេត្តព្រះវិហារ គឺ​លោក ឃា សុខជា ដែលជា​ទូទៅ​លោក​តែង​ណែនាំ​ឱ្យ​ទេសចរ​ជាតិ និង​អន្តរជាតិ ស្វែងយល់​ពី​សារ​ព្រមាន​នៅលើ​ដើមឈើ​​ធំៗ​ក្នុងព្រៃ​សហគមន៍​របស់គាត់ ដែល​​មាន​ខ្លឹមសារ​ថា​ «​សម្លាប់​ខ្ញុំ​ក្នុង​នាម​ការអភិវឌ្ឍ​»​។​«​តើ​អ្នកនឹង​រស់នៅ​ដោយ​គ្មាន​ខ្ញុំ​យ៉ាងដូចម្តេច​?»​។

ប្រជាជន​កម្ពុជា​ជាង​ ៨០ ​ភាគរយ​រស់នៅ​ក្នុង​តំបន់​ជនបទ​បាន​ពឹង​ផ្អែកលើ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃទៀត​។ ប៉ុន្តែ​សហគមន៍​ទាំងនេះ ជាធម្មតា​ត្រូវបាន​ទុកចោល​ពី​ការពិភាក្សា​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។ ជាលទ្ធផល​ព្រៃឈើ​ជាច្រើន​ដែល​ពួកគេ​​អាស្រ័យផល​កំពុង​រងគ្រោះ​។ ​លោក សុខជា ឥឡូវនេះ​កំពុង​រារាំង​និន្នាការ​នោះ​ក្នុង​នាម​ជា​អ្នកត្រួសត្រាយ​នៃ​ការគ្រប់គ្រង​ព្រៃឈើ​នៅតាម​សហគមន៍​។

លោក ឃា សុខជា ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ដកស្រង់​សម្ដី​មក​ចុះផ្សាយ​នៅក្នុង​របាយការណ៍​ពិសេស​នោះ​ថា​៖ «​នៅពេលដែល​ភ្ញៀវទេសចរ​មក​ទស្សនា​ជាប្រចាំ ព្រៃ​អាច​ត្រូវបាន​ការពារ​តាមរយៈ​ប្រាក់ចំណូល​ដែល​បាន​បង្កើត​។ ពេលដែល​ខ្ញុំ​ស្រមៃ​នេះ​​វា​ធ្វើឱ្យ​ខ្ញុំ​ដឹងគុណ​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​»​។

តាម​របាយការណ៍​នេះ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​បានផ្តល់​ប្រយោជន៍​ច្រើន​ដល់​ពួក​ឥស្សរជន ប៉ុន្តែ​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​សហគមន៍​បាន​បង្កើត​ក្តីសង្ឃឹម​នៃ​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​ការអភិវឌ្ឍ​មិន​ស្មើភាព​ជាច្រើន​ទសវត្សរ៍​។

យ៉ាងណា នៅ​កម្ពុជា បញ្ហា​ប្រឈម​ជា​មូលដ្ឋាន​នៅតែមាន​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការអនុវត្ត​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ពាក់ព័ន្ធ គុណភាព​អន់​នៃ​ដីព្រៃ​ដែល​បាន​បែងចែក​ដល់​សហគមន៍ និង​លទ្ធភាព​ទទួល​បាន​ប្រយោជន៍​មិន​ស្មើគ្នា​។

យ៉ាងណាក្ដី ប្រជាសហគមន៍​ព្រៃឈើ​ក្នុង​ស្រុកបុរី​អូរស្វាយសែនជ័យ ខេត្ត​​ស្ទឹងត្រែង លោក គង់ វុទ្ធី បាន​​ថ្លែងថា ព្រៃ​សហគមន៍​របស់គាត់​បាន​ចៀស​ផុតពី​និន្នាការ​នេះ ដោយសារ​មាន​ការដើរល្បាត​ជាប់​រហូត ប៉ុន្តែ​​សហគមន៍​ជាច្រើន​នៅ​ទូទាំងប្រទេស​នៅតែ​បារម្ភ​ពី​អនាគត ។

លោក វុទ្ធី ជឿជាក់ថា ការអភិវឌ្ឍ​​ដែល​មិនអាច​គ្រប់គ្រង​បាន​អាច​បើកព្រៃ​សហគមន៍​ដល់​ការទន្ទ្រាន​យក​ដី​ខ្នាតតូច និង​ការកាប់​ឈើ​ខុសច្បាប់​ជាពិសេស​ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​​យល់ព្រម​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភូមិ​។ ​ដោយ​គ្មាន​ថវិកា​សម្រាប់​ដើរល្បាត​ប្រជាសហគមន៍​ខ្លាច​ថា​ «​ព្រៃសហគមន៍​នឹងមិន​ស្ថិតស្ថេរ​»​។

នៅក្នុង​របាយការណ៍​ពិសេស​នោះ លោក គឹម សារិន នាយករង​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​បាន​​ថ្លែងថា ប្រជាពលរដ្ឋ​មួយចំនួន​ភ័យខ្លាច​ថា​ព្រៃឈើ​សហគមន៍​គឺជា​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ ដើម្បី​យក​ដី​របស់​ពួកគេ​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ដែល​ពួកគេ​ធ្វើ ពួកគេ​មាន​ការភ្ញាក់ផ្អើល​ដោយ​បាន​រកឃើញ​សហគមន៍​រស់នៅ​ក្នុង និង​ក្បែរ​តំបន់​ការពារ និង​ប្រើប្រាស់​ព្រៃឈើ​សម្រាប់​ជា​អាហារ ឈើ ថ្នាំពេទ្យ និង​ប្រាក់ចំណូល​»​។

យោងតាម​កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ ២០១០ បានកំណត់​គោលដៅ​ព្រៃឈើ​សហគមន៍​ចំនួន ២ ​លាន​ហិកតា​នៅ​ឆ្នាំ​ ២០២៩ ។ នេះ​គឺជា​តំបន់​ដែល​នៅ​សេសសល់ បន្ទាប់ពី​គោលដៅ​​ត្រូវ​បានកំណត់​សម្រាប់​ប្រភេទ​ព្រៃឈើ​ផ្សេងទៀត​រួមទាំង​ព្រៃឈើ​ការពារ​ និង​ផលិតកម្ម​៕