ភ្នំពេញៈ ក្រសួង​សុខាភិបា​ល​បាន​ហាមឃា​ត់​ការចែក​ចាយ​ ឬ​លក់​ឧបករណ៍​តេស្ត​ទឹកមា​ត់​រក​មេរោគ​កូ​វីដ ១៩ ដែល​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងហើយ​អាចជា​ផលិត​ផល​ក្លែងប​ន្លំគ្មាន​គុណភាព​ត្រឹមត្រូវ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កផ្សេងៗគ្នា​ចំនួន ៧ ​គណនី។​

ក្រសួង​បានចេញ​សេចក្តីជូន​ដំណឹង​នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ​២០២១ នេះ​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​គណនី​ចំនួន៧បា​ន​ផ្សព្វផ្សាយ​លក់​នូវ​ឧបករណ៍​តេស្ត​ទឹកមាត់​រក​មេរោគ​កូ​វីដ ១៩ ដែល​គ្មាន​លេខ​ប​ញ្ឆិ​កានិង​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល រួមមាន​ Sopheap-បោះ​ដុំ និង​លក់រាយ​ឪ​សថ​បុរាណ​ចិន, Healthcare and Beauty, មាន​លក់​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​មកពី​ប្រទេស​ថៃ, TN Online Shop, FRIENDSY, RS3 Online Shop និង ​Plus, Healthcare store and equipment supply។

អនុលោម​តាម​ច្បា​ប់ស្តីពី​ការគ្រប់គ្រ​ង​ឱសថនិង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់ ស្តីពី​ការគ្រ​ប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ ឬ​ប្រតិករ ឬ​ផលិត​ផល​ដែលមាន​គុណភាព​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​​ជំងឺ​គ្រប់ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិ​បាល។

ក្រសួង​បាន​បញ្ជាក់ថា «សូម​ប្រជា​ពលរដ្ឋ មុននឹង​ទិញ​ផលិត​ផល​ឱសថ ឬ​ប្រតិករ​គ្រប់​ប្រភេទ សូម​ពិនិត្យ​មើល​ល​តាប​ត្រ​បញ្ជិកា​ដែលមា​ន​បិទ​លើ​សម្បក​វេច​ខ្ចប់ ហើយ​លតា​ប​ត្រ​ដែល​ត្រឹមត្រូវ​គឺមាន​២ផ្នែកគឺ​ផ្នែក​ខាងលើ​មាន​ឈ្មោះ​គ្រឹះស្ថាន​អាហរ័​ណ នីហរ័ណ​ឱសថ និង​ផ្នែក​​ខាងក្រោ​ម​មាន​លេខ​ទិដ្ឋាការឬ​​បញ្ជិកា»។

ក្រសួង​សុខាភិបា​លក៏បាន​ជូន​ដំណឹង​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបា​លព្រ​មទាំង​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា ឧបករណ៍​តេស្ត​ទឹកមាត់​រក​មេរោគ​កូ​វីដ១៩ដែល​បាន​ផ្សព្វផ្សា​យ​លក់​នេះពុំមាន​ចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​ឡើយ និង​អាចជា​ផលិត​ផល​ក្លែងបន្លំ ដែល​គ្មាន​គុណ​ភាព​ត្រឹមត្រូវ​ទៀតផ​ង។​

ក្រសួង​សុខាភិ​បា​លបាន​អំពាវនាវ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខា​ភិបាលព្រមទាំង​​សាធារ​ណជន​ទាំងអ​ស់​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍​តេ​ស្ត​រហ័ស​ទាំង​នេះឡើយ ព្រោះ​ផលិតផល​​នេះ មិនអាច​ធានាបា​ន​នូវ​គុណ​ភាព​​ឡើយ។ ចំពោះម្ចា​ស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ និង​ជន​ពាក់ព័ន្ធ​ដទៃ​ទៀតត្រូវ​បញ្ឈប់​ការនាំ​ចូលឬ​ចែកចាយ​ ឬ​ផ្ស​ព្វផ្សា​យ​លក់​តេស្ត​រហ័ស​ដែល​គ្មាន​លេខ​បញ្ជិកា​ខាងលើ​ជាបន្ទា​ន់។

ក្រសួងសុ​ខា​ភិបាលនឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំងនេះនិង​​ជន​ពាក់ព័ន្ធ​ទាំង ឡាយ​ណា​ដែល​នាំ​ចូលឬ​ចែកចាយឬ​ផ្សព្វផ្សាយ​លក់ឧបករណ៍​តេស្ត​ទឹកមាត់​រក​មេរោគ​កូ​វីដ ១៩ គ្មាន​លេខ​ប​ញ្ឆិ​កា​នេះ ទៅតាម​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការគ្រ​ប់គ្រង​ឱសថ​ជា​ធរមាន​៕

វីដេអូ៖