ភ្នំពេញៈ តុលាការ​កំពូល ​នៅ​ថ្ងៃទី ១ ​ធ្នូ ​បានលើក​យក​បណ្តឹង​សារទុក្ខ​របស់​បុរស​ជាអតីតមន្រ្តី​នគរបាល​ម្នាក់​មក​ជំនុំជម្រះ​ បន្ទាប់ពី​ត្រូវបាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​បន្ថយ​ទោស​ពី ៨ ​មក ​៧ ឆ្នាំ ​ករណី​នាំ​សង្សា​អាយុ​ ១៦ ឆ្នាំ​ ឱ្យអ្នក​ផ្សេង​រួមភេទ​បន្ត ​ដែល​ប្រព្រឹត្ត​នៅរាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០១៧។ តំណាង​មហាអយ្យការ​ស្នើ​ក្រុមប្រឹក្សា​បង្វិល​រឿងនេះ​ទៅ​ឱ្យ​ឧទ្ធរណ៍​វិញ ​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបន្ថយ​ទោស។

សវនាការ​ជំនុំជម្រះ​នេះ ​មាន​សមាសភាព​ចៅក្រម ​៥ រូប ​ដែល​មាន​លោក​ចៅក្រម​ ជីវ កេង ​ជាប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ។​ជន​ជាប់ចោទ​ឈ្មោះ​ឌឹម មករា ​ហៅ តឹក​ អាយុ​ ៣៨ ឆ្នាំ ​បាន​ប្រាប់​តុលាការ ​នៅ​ក្នុង​បន្ទប់​សវនាការថា​ រូបគេ​ជា​អតីត​មន្រ្តី​នគរបាល​នៅ​ខេត្ត​ព្រៃវែង ​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី ​ឈ្មោះ​ល.ស.ហ ​អាយុ​ ១៦ ឆ្នាំ​ ជាសិស្ស​សាលា ​(ឆ្នាំ ២០១៧)។

ជន​ជាប់ចោទ​និយាយថា​៖ «ខ្ញុំ ​និង​នាង​បាន​ស្រឡាញ់​គ្នា ​និង​រស់នៅ​ជាមួយ​គ្នា​ដូចជា​ប្តី​ប្រពន្ធ​បាន​ ៥ ខែ។ ប៉ុន្តែ​អ្វី​ ដែល​នាង​ចោទ​ខ្ញុំ​ថា​ ខ្ញុំ​យក​នាង​ទៅ​លក់​បន្ត​នោះ​គឺជា​រឿង​មិន​ពិត​ទេ»។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ​នារី​រងគ្រោះ​រស់នៅ​ភូមិ​មួយ ​ក្នុង​ឃុំ​អន្សោង ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃវែង។​កាលពី​ថ្ងៃទី ១៧​ វិច្ឆិកា ​ឆ្នាំ ២០១៧ ​ជនជាប់​ចោទ​បានរួមភេទ​ជាមួយ​នាង។ បន្ទាប់មក​ជន​ជាប់ចោទ​បាននាំ​នារី​រងគ្រោះ​មក​រាជ​ធានី​ភ្នំពេញ។ អង្គហេតុ​បន្តថា​ រយៈពេល​រស់នៅ​រាជធានី​ភ្នំពេញ ​ជន​ជាប់ចោទ​បានបង្កើត​អាខោន​ហ្វេសប៊ុក​មួយ​ដោយ​ដាក់​រូបថត​របស់​នារី​រងគ្រោះ។ គ្រា​នោះ​ក៏មាន​បុរស​ម្នាក់​ឈ្មោះ​ណាំ នេត ​ទាក់ទង​ស្នេហា​ជាមួយ​នារី​រងគ្រោះ​ តាម​រយៈ​ហ្វេស​ប៊ុក ​ប៉ុន្តែ​ការសរសេរ​ឆ្លើយឆ្លង​គ្នា ​គឺ​ជនសង្ស័យ​ជាអ្នក​ដើរតួ​ជំនួស​នារី​រងគ្រោះ​ទាំង​អស់។

ជន​ជាប់ចោទ​បាន​លួងលោម​ជន​រងគ្រោះ​ឱ្យ​រួមភេទ​ជាមួយ​បុរស​ម្នាក់​នោះ​ជាថ្នូរ​នឹង​ម៉ូតូ​១គ្រឿង។ ប៉ុន្តែ​ត្រូវ​ឪពុក​របស់ជនរង​គ្រោះ​ប្តឹងឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង។ សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង​បើក​សវនាការ​ជំនុំ​ជម្រះ ​និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ៥ ​មិនា ​ឆ្នាំ ២០១៩ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៨ឆ្នាំ​និង​បង្គាប់ឱ្យ​សង​សំណង​ទៅ​ជនរងគ្រោះ​ ២៨ លាន​រៀល។ តែ​ជនជាប់​ចោទ​មិន​សុខចិត្ត​ប្តឹង​ជំទាស់​មក​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​ហើយបាន​ត្រូវ​សាលា​ឧទ្ធរណ៍​បើក​សវនាការ ​និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី៤ ​ខែមិនា ​ឆ្នាំ២០២១ ​សម្រេច​បន្ថយ​ទោស​ពី​៨ឆ្នាំ ​មក​៧ឆ្នាំ​វិញ។

លោកស្រី ស៊ិន សុវ៉ន ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​សន្និដ្ឋានថា ​តុលាការ​ខេត្ត​ព្រៃវែង ​និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ជន​ជាប់ចោទ ​ឈ្មោះ ​ឌឹម មករា ​ពុំ​ត្រឹម​ត្រូវ​ទេ។ ព្រោះ​បើ​តាម​ជនជាប់​ចោទ​ថា ​នារី​ឈ្មោះ ​ទ.ស.ហ ​ព្រម​ព្រៀង​ស្រឡាញ់​គ្នា ​គ្មាន​អ្នកណា​បង្ខំ​អ្នក​ណា​ទេ។

លោកស្រី​ស្នើ​តុលាការ​ថា​៖ «សូម​តុលាការ​កំពូល​ពិចារណា​លើ​អង្គហេតុ ​ហើយ​ខ្ញុំ​ស្នើសុំ​ដល់​តុលាការ​ មេត្តា​ដោះលែង​កូន​ក្តី​ខ្ញុំ ​ឱ្យ​មាន​សេរីភាព​វិញ។ ព្រោះ​កូន​ក្តី​ខ្ញុំ ​និង​នារី​រងគ្រោះ​ស្ម័គ្រចិត្ត​ស្រឡាញ់​គ្នា​ទេ»។

លោកស្រី​អ៊ុក ស៊ីណាកេត ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​នារី​រងគ្រោះថា ​កូនក្តី​របស់​លោកស្រី​អះអាងថា ​ជនជាប់​ចោទ​បានរំលោភ​នាង​ ហើយ​បាន​យក​នាង​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ​ណាំ នេត ​រំលោភ​សេពសន្ថវៈ​ជាថ្នូរ​នឹង​ម៉ូតូ​១គ្រឿង។

លោកស្រី​ថ្លែងថា​៖ «តាម​ចម្លើយ​របស់​កូនក្តី​ខ្ញុំ​ថា ​ជនជាប់​ចោទ​ពិតជា​បានបង្កើត​អាខោន​ហ្វេសប៊ុក ​ហើយ​អូសទាញ​បុរស​ម្នាក់​ឱ្យ​រួមភេទ​ជាមួយ​កូនក្តី​ខ្ញុំ​ពិត​មែន។ សូម​តុលាការ​តម្កល់​ទោស​ជនជាប់​ចោទ​ តាម​សាលដីកា ​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​និង​រក្សា​សំណង​នៅ​ដដែល»។

លោក​ អ៊ុក គឹមសិទ្ធិ ​តំណាង​មហាអយ្យការ​បាន​ប្រាប់​ចៅក្រម​ថា ​សាលាឧទ្ធរណ៍​ភ្នំពេញ​ទទួល​ស្គាល់​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ​ហើយ​បន្ថយ​ទោស​ពី​ ៨ ឆ្នាំ​ មក ​៧ ឆ្នាំ​វិញ។

លោក​ថ្លែងថា​៖ «តែ​សាលា​ឧទ្ធរណ៍​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រាល​ទោស​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បង្វិល​រឿងនេះ​ឱ្យ​សាលា​ឧទ្ធរណ៍​ដើម្បី​បញ្ជាក់​ឱ្យច្បាស់​ពី​មូលហេតុ​នៃ​ការសម្រាល​ទោស​នោះ»។

ក្រោយ​ពី​ប្រើ​ពេល​ជំនុំជម្រះ​រយៈពេល​ប្រហែល​ជិត​ ១ ម៉ោង ​លោក​ចៅក្រម​ជីវ កេង ​បញ្ជាក់ថា ​សាលដីកា ​នឹង​ប្រកាស​ នៅ​ថ្ងៃ​ទី ៨​ ខែធ្នូ៕