មណ្ឌលគិរីៈ ​មាន​មនុស្ស​ប្រុស​ស្រី ៤ នាក់​​ បាន​ស្លាប់​នៅ​នឹង​កន្លែងកើត​ហេតុ និង​បុរស​ម្នាក់​រងរបួស​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថ​យន្ត​ ​បុក​គ្នា​ជាមួយ​គោយន្ត​កន្ត្រៃ​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៩ យប់​ថ្ងៃទី ៣០ វិច្ឆិកា ​នៅ​ចំណុច​ភូមិ រ​វ៉ា​ក់ ឃុំរ​យ៉ ស្រុកកោះ​ញែក។

លោក យឹម ចិន្តា នាយ​នគរបាល​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត មណ្ឌលគិរី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១ ធ្នូថា ភាគី​ខាង​រថយន្ត​ដែល​ស្លាប់​​មាន​ឈ្មោះ ជឹម សុធា​រ៉េត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជា​សិស្ស​សាលា និង​ស្ត្រី​ម្នាក់ទៀត​ ត្រូវជា​បងថ្លៃ​ឈ្មោះ​ ស៊ីម ស្រី​ឌឿ​ន អាយុ ២០ ឆ្នាំ​ ជា​បុគ្គលិក​បម្រើការ ​នៅ​​ក្រុមហ៊ុន​កា​ពី​តូ​ល។ ពួកគេរស់នៅ​ភូមិតា​ប្រុក ឃុំចំការអណ្តូង ស្រុកបា​ធាយ ខេត្តកំពង់​ចាម។

ចំណែក​ជនរងគ្រោះ​ស្លាប់​ ខាង​ភាគី​គោយន្ត​កន្ត្រៃ​ មានឈ្មោះ ឡាយ សុខ​វ៉ាត ភេទ ប្រុស អាយុ ២៥ ឆ្នាំ និង ប្អូន​បង្កើត​ឈ្មោះ ឡាយ លាភ ភេទ ប្រុស អាយុ ១៧ ឆ្នាំ។ ពួកគេ​ជា​កសិករ រស់នៅ​ភូមិ​ឈូក ឃុំតា​ប្រុក ស្រុកចំការ​លើ ខេត្តកំពង់ចាម។

លោក​ប្រាប់ថា៖ «ពេលនេះ សមត្ថកិច្ច​ខ្ញុំ​ នៅ​មិនទាន់​ទទួល​ពាក្យបណ្តឹង​ ពី​ខាង​ភាគី​ណាមួយ​នៅឡើយ​ទេ។ ប៉ុន្តែ​ប្រហែលជា​ភាគី​ជនរងគ្រោះ​ទាំងសងខាង​ ជាប់រវល់​ធ្វើបុណ្យ​ ទើប​មិនឃើញ​ដាក់ពាក្យ​ប្តឹង។ រឿងនេះ​យើង​កំពុង​រងចាំ​ទទួល​បណ្តឹង​ ពី​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ»។

លោក ច​ន្តា បាន​រៀបរាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា មុនពេល​​កើតហេតុ​ នៅវេលា​ម៉ោង​ប្រហែល ​៩​ យប់​​​ ថ្ងៃទី ៣០ វិច្ឆិកា គេ​បានឃើញ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ទម្ងន់១តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ​២​ B.N ៧២១៥ (ជា​រថយន្ត​ដឹក​អីវ៉ាន់​បញ្ញើ)ជិះ​គ្នា៣នាក់​ ប្រុស២នាក់ និង​ស្រី​ម្នាក់។

ចំណែក​ភាគី​ខាង​គោយន្ត​ បើកបរ​គ្នា ២ នាក់។ ភាគី​ទាំង ២ បាន​បើកបរ​ក្នុង​ទិសដៅ​ស្រប​​គ្នា​ចេញពី​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ខេត្ត ស្ទឹងត្រែង។

លុះ​បើក​ដល់​ចំណុចកើតហេតុ​ រថយន្ត​បាន​បើក​ក្នុង​ល្បឿន​លឿន​ ទៅបុក​នឹង​គោយន្ត​កន្ត្រៃ​ពីក្រោយ ​បណ្តាលឱ្យ​មនុស្ស​ជិះ​ក្នុងកា​បី​ន​រថយន្ត​ត្រូវ​កៀប​ស្លាប់២នាក់ភ្លាមៗ រីឯ​បុរស​អ្នកបើកបរ​រថយន្ត​ ត្រូវរបួស​ស្រាល។

ដោយឡែក​យុវជន២នាក់​ ដែល​ជិះ​នៅលើ​គោយន្ត​វិញ​ ក៏ត្រូវ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ​ដែរ ដោយសារ​រថយន្តបុក​រុញ​បណ្តាលឱ្យ​ខ្ទា​តមនុស្ស និង​ក្រឡាប់​គោយន្ត។

បើតាម​លោក ចិន្តា ថា៖ «ខាង​ឡាន​បើក​ល្បឿន​លឿន​ពេក ហើយ​ខាង​ភាគី​គោយន្ត​វិញ ​គ្មាន​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​ដែល​អាច​ខាង​ភាគី​រថយន្ត​មើលមិនឃើញ ព្រោះ​យប់​ងងឹត។ សំណុំ​រឿងនេះ​យើង​បានធ្វើ​របាយការណ៍​បញ្ជូន​ទៅ​តុលាការ​ហើយ​ដែរ»។

លោក​បញ្ជាក់ថា ចំពោះ​វត្ថុតាង​ទាំងអស់​ គឺ​សមត្ថកិច្ច​របស់លោក​ បាន​ផ្ញើទុក​នៅ​ទីកន្លែង​ក្រុមហ៊ុន​មួយ ​ដែល​មាន​​ទីតាំង​នៅក្បែរ​ក​ន្លែ​ង​កើតហេតុ​បណ្តោះអាសន្ន​សិន ព្រោះថា​ ពី​កន្លែងកើតហេតុ​ ទៅ​ស្រុក​កោះ​ញែក​មាន​ចម្ងាយផ្លូវ​​ឆ្ងាយ ហើយ​បើ​ដឹក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ក៏មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយដែរ​ ដូច្នេះ​សម្រេច​ផ្ញើ​នៅ​ទីនោះ​សិន​ទៅ៕