ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​ចុះពិនិត្យ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​ផ្លូវថ្នល់ និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ មុន​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២ ធ្នូ ដោយ​លោក​ចាត់ទុក​សមិទ្ធផល​ទាំងនេះ​ជា​មោទនភាព​របស់​កម្ពុជា​សម្រេច​បាន​ដោយ​ខ្លួនឯង ដែល​ខំ​សន្សំ​ប្រាក់​ក្នុង​ការកសាង​។

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​ ១ ​ខែធ្នូ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា សមិទ្ធផល​ទាំងនេះ គឺជា​មោទនភាព​របស់​កម្ពុជា​ដែល​សម្រេច​បាន​ដោយ​ខ្លួនឯង ដែល​ខំ​សន្សំ​ប្រាក់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​ទាំងនេះ​គឺ​កើតចេញ​ពី​ការខិតខំ​របស់​យើង ទាំង​ការគិត ការទទួល​ខុសត្រូវ និង​ការរក​ប្រាក់ សន្សំប្រាក់​ ដើម្បី​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​។ នេះ​ជា​មោទនភាព​ជាតិខ្មែរ​របស់​យើង ដែល​យើង​បាន​ប្រឹង​តស៊ូ​ងើបឡើង​ពី​គំនរ​ផេះផង់ ហើយ​ធ្វើឱ្យ​ទីក្រុង​មួយ​នេះ​ដែលជា​ទីក្រុង​គ្មាន​មនុស្ស​រស់នៅ​ទៅ​ជា​ទីក្រុង​ដ៏ទំនើប​មួយ​»​។

ទន្ទឹមនឹងនេះ​លោក​ថា ការអភិវឌ្ឍ​មិន​សំដៅ​តែ​លើ​បញ្ហា​ការរីកចម្រើន​ផ្នែក​ណាមួយ​នោះទេ បញ្ហា​បរិស្ថាន​ក្លាយ​ទៅ​ជា​បញ្ហា​សំខាន់​របស់​ជាតិ ហើយ​ក៏​ជា​របស់​ពិភពលោក​ដែរ​។ បើ​ទំនើប​ត្រឹមតែ​អគារ មិន​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ទំនើប​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ មិន​សំដៅ​ទៅលើ​បញ្ហា​ផ្លូវ​ទេ ទាំង​បញ្ហា​ទឹក​មុននឹង​ទម្លាក់​ចូល​សមុទ្រ ត្រូវតែ​ចម្រាញ់​ឱ្យទៅជា​ទឹកស្អាត​។ បើសិន​ជា​ធ្វើ​តែ​ផ្លូវ ច្បាស់​ណាស់ ទីក្រុង​នេះ​នឹង​ធុំក្លិន ដោយសារ​ទឹក​ដក់ និង​មាន​មូស ឬ​អាចមាន​រោគ​ផ្សេងៗ​កើតឡើង​។

លោក​បាន​បញ្ជាក់ថា បញ្ហា​បរិស្ថាន គឺ​អាទិភាព​ដ៏សំខាន់​មួយ​ក្នុង​ចំណោម​អាទិភាព​ផ្សេងទៀត​។ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​ហ៊ាន​ចំណាយ​លុយរាប់រយ​លាន​ដុល្លារ ដើម្បី​កសាង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុន​បង្ហូរ​ចូល​សមុទ្រ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​អ្នក​ដែល​មក​មុជទឹក​នៅ​ខេត្ត​ព្រះសីហនុ មិន​រង​នូវ​ហានិភ័យ​ទាក់ទិន​នឹង​ការកើត​រមាស់ ឬ​ធំ​ក្លិនស្អុយ​នៅ​សមុទ្រ​ទេ​។ សរុប​ខ្លី​មក កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ រាប់​ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ឱ្យទៅជា​ទឹកស្អាត មុន​ទម្លាក់​ចូល​សមុទ្រ ដើម្បី​ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​សមុទ្រ​»​។

បន្ថែម​ពីនេះ លោក​ក៏បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរនោះ​អាច​យក​ទឹក ដែល​ចម្រោះ​ចេញពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​យក​ទៅ​ប្រើប្រាស់ ដោយ​ឥតគិតថ្លៃ សម្រាប់​ស្រោច​ដំណាំ ឬ​ចិញ្ចឹម​ត្រី​។ លោក​ថា ស្ថានីយ​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​អ៊ីស្រាអែល ដែល​អាច​សម្លាប់​មេរោគ​បាន​យ៉ាង​ល្អ​។

លោក​ឱ្យដឹង​ដែរ​ថា នៅមាន​ទីក្រុង​មួយចំនួន​ទៀត​ចាំបាច់​ត្រូវតែ​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដូចជា​នៅ​ខេត្តកោះកុង កំពត និង​ខេត្ត​កែប និង​សូម្បីតែ​ខេត្ត​នៅជាប់​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប ក៏ត្រូវ​មាន​ដែរ ដើម្បី​ធានា​កិច្ចការពារ​បរិស្ថាន​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ទៀតថា សមិទ្ធផល​ដែល​ត្រូវបាន​កសាង​ទាំងនេះ គឺ​សម្រាប់​ដោះស្រាយ​ជូន​មនុស្ស​ជំនាន់​នេះ​ផង និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ផង​។ លោក​ប្តេជ្ញា​ខិតខំ​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការរីកចម្រើន ទោះបី​ធនធាន​នៅមាន​កម្រិត​ក៏ដោយ​។

អំឡុងពេល​ធ្វើដំណើរ​ទៅពិនិត្យ​ត្រង់​ផ្លូវបំបែក ដែល​បាន​សរសេរ​អក្សរ​ធំៗ​ថា​ «​ខ្មែរ​ធ្វើបាន​» លោក​បាន​ពន្យល់ថា អត្ថន័យ​នេះ គឺ​មិន​សំដៅ​សម្រាប់​លើកកម្ពស់​តួនាទី​របស់​លោក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នោះទេ​។

លោក​ថ្លែងថា​៖ «​អត្ថន័យ​ «​ខ្មែរ​ធ្វើបាន​» គឺ​សំដៅ គ្របដណ្ដប់​ទាំងអស់​តាំងពី​បុរាណកាល​មក ឧទាហរណ៍ ខ្មែរ​អាច​កសាង​ប្រាសាទ​អង្គរវត្ត​បាន ខ្មែរ​អាចដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​បាន​។

ក្រៅពីនេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ពន្យល់​អត្ថន័យ​ថា អ្វី​ទៅជា​សិលា​ចាំ​ស្នេហ៍ និង​ដើមឈើ​ចាំ​ស្នេហ៍ ដែល​លោក​បាន​ដាក់ឈ្មោះ​នាពេល​កន្លងមក​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​ចំណុច​នេះ ខ្ញុំ​ចង់​សំដៅ​ទៅលើ​ភាពគង់វង្ស​ជា​អមតៈ​របស់​វា ដែល​ខ្ញុំ​ចង់​និយាយ​សំដៅ​គ្របដណ្តប់​ទៅលើ​សន្តិភាព​របស់​ប្រទេស​ដែល​មិន​ត្រូវឱ្យ​បាត់បង់​ឯករាជ្យ អធិបតេយ្យ​ជាតិ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក ហើយ​ទឹកដី​របស់​យើង​ក៏​មិន​ត្រូវ​ឱ្យ​បាត់បង់​ទេ ទោះបី​អ្នកណា​គំរាមកំហែង បំផ្លាញ​ក៏ដោយ​»​។

លោក​ យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចំណាយ​ថវិកា​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្រុង​ព្រះសីហនុ​ឱ្យមាន​ភាពលេចធ្លោ​។ លោក​ក៏បាន​ជំរុញ​ដល់​ស្ថាប័ន​ជំនាញ ត្រូវ​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​រឹងមាំ ចៀសវាង​បាត់បង់​ទំនុកចិត្ត​ពី​សាធារណជន​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គួរតែ​គោរព​តាម​ស្តង់ដា កុំឱ្យ​ប្រជាពលរដ្ឋ​រអ៊ូ​ថា ធ្វើ​ហើយ​មិនទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ខូចបាត់​។ អ៊ីចឹង​អ្វីដែល​សំខាន់​ត្រូវតែ​គិត​អំពី​គុណភាព​។ បើ​ខ្វះ​ការត្រួតពិនិត្យ​ច្បាស់លាស់ នោះ​ភាពជឿជាក់​ទៅលើ​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការកសាង​នេះ​នៅតែ​ជា​បញ្ហា​»៕

វីដេអូ៖