ភ្នំពេញៈ ​នៅក្នុង​រយៈពេល​ ១១ ​ខែ​ក្នុង​ឆ្នាំ​ ២០២១ ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ចំនួន​ ៤ ៨០២ ​ស្លាក​ទទួល​បាន​ចំណូល​ថវិកា​ប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និង​ស្លាក​លេខ​ពិសេស​រាជធានី-ខេត្ត​ លក់បាន ២៥ ៣៦៤ លេខ​ទទួល​បាន​ចំណូល ថវិកា​ប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល​។

តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃទី ១ ខែធ្នូ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បង្ហាញ​របាយការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​ឱ្យដឹងថា ក្នុង​រយៈពេល​ ១១ ​ខែ​ចាប់ពី​ខែមករា​ដល់​វិច្ឆិកា ឆ្នាំ​ ២០២១ ក្រសួង បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​លក់បាន​ចំនួន ៤ ៨០២ លេខ ទទួល​បាន​ចំណូល​ថវិកា​ប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និង​ស្លាក​លេខ​ពិសេស​រាជធានី-ខេត្ត​លក់បាន ២៥ ៣៦៤ លេខ​ទទួលបាន​ចំណូល​ថវិកា​ប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល​។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួង ដើម្បី​ពិភាក្សា​ស្តីពី​ការរៀបចំ​វឌ្ឍនភាព​ការងារ​របស់​អនុគណៈកម្មការ​កំណត់​តម្លៃ និង​រៀបចំ​ការលក់ ឬ​ដេញថ្លៃ និង​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​ឆ្នាំ​ ២០២១ និង​ទិសដៅ​ការងារ​បន្ត ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​នៃ​អនុគណៈកម្មការ​ទាំង​ ២​។

ក្នុង​អង្គប្រជុំ​នោះ​លោកស្រី កុយ សុដានី បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​យ៉ាងជ្រាលជ្រៅ​ដល់​អនុគណៈកម្មការ​ទាំង​ ២ ដែល​បាន​រាយការណ៍​ពី​បច្ចុប្បន្ន​ការងារ ក៏ដូចជា​បញ្ជាក់បន្ថែម​អំពី​បច្ចេកទេស​ព័ត៌មានវិទ្យា និង​លទ្ធផល​ការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ជាពិសេស​បាន​កោតសរសើរ​ចំពោះ​មណ្ឌលប្រឹក្សា​យោបល់​សេវា​សាធារណៈ ដែល​បាន​ឆ្លើយតប និង​ផ្តល់ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​។

លោកស្រី​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា៖ «​សមិទ្ធផល​ការងារ​សម្រេចបាន​ទាក់ទង​នឹង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ ប្រព័ន្ធ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ ដែល​បង្ហាញ​ពី​ភាពចាស់ទុំ​ជាង​មុន​ និង​គួរតែ​លើក​យក​ទៅ​បង្ហាញ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​ឆ្នាំ​ ២០២២ ​របស់​ក្រសួង​ផងដែរ »​។

លោកស្រី កុយ សុដានី បានលើកឡើង​អំពី​ផែនការ​សកម្មភាព​ក្នុង​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន ជាពិសេស​ការអញ្ជើញ​ក្រុមហ៊ុន​នានា ឱ្យ​ធ្វើការ​ជាមួយ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​បាន​ឯកភាព​លើ​ផែនការ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ DIGITAL​។

លោកស្រី​ថ្លែងថា​៖ «​ការប្រារព្ធ​ខួប​ ២ ​ឆ្នាំ​នៃ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​លក់​លេខពិសេស​ផ្ទាល់ខ្លួន ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​នីតិវិធី​នៃ​ការលក់​ស្លាក​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​តាម​បណ្ដា​រាជធានី-ខេត្ត ដើម្បី​ជំរុញ​ការយល់ដឹង​បន្ថែមទៀត​អំពី​លេខ​ពិសេស​ផ្ទាល់ខ្លួន​ក៏ដូចជា​លេខ​ពិសេស​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​នៅតាម​រាជធានី-ខេត្ត​» ។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏​បាន​ឯកភាព​ចំពោះ​ការបណ្តុះបណ្តាល​ក្រុមការងារ​បច្ចេកទេស (Developer) ​ឱ្យ​មាន​ចំណេះដឹង​លើ​ផ្នែក​ព័ត៌មានវិទ្យា​ (IT) កម្រិត​ខ្ពស់​ផ្នែក​ដោះស្រាយ​បញ្ហា (Algorithm) និង​បញ្ញា​សិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យ​កាន់​ការងារ​ស្លាកលេខ​ពិសេស និង​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​ត្រូវ​ធ្វើ​យ៉ាងណា ក្រោយពី​បានបញ្ចប់​ការបណ្តុះបណ្តាល​នេះ ក្រុម​ការងារ​បច្ចេកទេស​ទាំងនេះ​មាន​សមត្ថភាព​ពេញលេញ​អាច​ធ្វើ​ការងារ​បានឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​៕