ភ្នំពេញៈ កម្ពុជា និង​ឡាវ​ព្រមព្រៀង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ខុសច្បាប់​ ដោយ​ជំរុញ​ការពិគ្រោះ​យោបល់​គ្នា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​បាន​ទៀងទាត់ និង​ចែករំលែក​ព័ត៌មាន​ រវាង​អាជ្ញាធរ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ព្រមទាំង​ការងារ​បោះ​បង្គោល​ព្រំដែន​បន្ថែម​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់ពី​ថ្ងៃ​ទី​ ៣០ ខែវិច្ឆិកា​ថា​៖ «​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ បាន​ព្រមព្រៀង​​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​ តាមរយៈ​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២»​។

ការព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុងជំនួប​ទ្វេភាគី​កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា រវាង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ​ថ្មី​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី​ ៣០ ខែ​​វិច្ឆិកា​ដែល​ជា​ឱកាស​នៃ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​​ថា​ «​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ឯកភាព​ជំរុញ​បន្ត​ការពិគ្រោះ​យោបល់​គ្នា​ឱ្យបាន​ទៀងទាត់​​ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត កិច្ចសហប្រតិបត្តិការ​ផ្លូវច្បាប់ និង​កុងស៊ុល ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លងដែន ការទប់ស្កាត់​ជំងឺឆ្លង និង​គ្រោះ​មហន្តរាយធម្មជាតិ​»​។

ប្រភព​ដដែល​បន្តថា នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​ឯកភាព​បន្ត​ជំរុញ​ពន្លឿន​ការបញ្ចប់​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ ២ ដែល​អាច​នឹង​ឈានដល់​ការចុះហត្ថលេខា​ក្នុង​​ពេល​ដ៏ឆាប់ៗ​ខាងមុខ​នេះ​​ស្រប​តាម​ការឯកភាព​គ្នា​ក្នុង​​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​លោក ថងលុន ស៊ីសុលីត អតីត​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ១២-១៣ ខែ កញ្ញា ឆ្នាំ​ ២០១៩​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​​ និង​ឡាវ​សម្រេច​បាន​ការខណ្ឌ​សីមា និង​បោះបង្គោល​ចំនួន​ ១២១ ​បង្គោល ស្មើនឹង​ ៨៦ ​ភាគរយ​នៃ​ខ្សែ​ព្រំដែន​រួម​។ ​រីឯ​បញ្ហា​ដែល​នៅ​សេសសល់​ភាគី​ទាំង​ ២ ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​ពន្លឿន​​ការចរចា​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ​​ សម្រាប់​ខ្សែ​ព្រំដែន​ដែល​បាន​ឯកភាព និង​ពិភាក្សាគ្នា​លើ​ការបោះបង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចន្លោះ​បង្គោល​ដែលមាន​ស្រាប់​ក្នុង​តំបន់​ដែល​បាន​ឯកភាព​គ្នា​ទាំង​ ៨៦ ​ភាគរយ​នោះ​ព្រមទាំង​ផលិត​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា​ខាងលើនេះ​។

ក្រៅពីនេះ​ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់កណ្តាល និង​ថ្នាក់​មូលដ្ឋាន​របស់ខ្លួន​អនុវត្ត​ភារកិច្ច​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​តាម​តំបន់​ព្រំដែន​កម្ពុជា-ឡាវ​ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ប្រកប​ដោយ​​សន្តិភាព មិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​។

លោក គិន ​ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១ ខែធ្នូ​ថា ជា​ញឹកញាយ ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​បាន​ក្លាយ​ទៅជា​​កន្លែង​ឆ្លងកាត់​រត់ពន្ធ​គ្រឿងញៀន​​ ដែល​ទាមទារ​ឱ្យមាន​វិធានការ​រួម​រវាង​ប្រទេស​ទាំង​ ២ ពីព្រោះ​គ្រឿងញៀន​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​សម្រាប់​ប្រទេស​ទាំង​ ២​។

ការបង្កើត​នូវ​យន្តការ​រួម​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ​ផ្សេងៗ​ដូចជា​គ្រឿងញៀន​ការជួញដូរ​មនុស្ស និង​បញ្ហា​អសន្តិសុខ​តាម​បណ្តោយ​ព្រំដែន​នេះ គឺជា​រឿង​សំខាន់​។

លោក​ ភា ​បាន​បន្តថា​៖ «​ទៅមុខ​ទៀត​ខ្ញុំ​គិតថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​នេះ​នឹង​កាន់តែ​មាន​ភាពស៊ីជម្រៅ​ទៅលើ​វិស័យ​ការពារជាតិ​លើ​វិស័យ​សន្តិសុខ​បន្តទៀត​ ពីព្រោះ​​បញ្ហា​ប្រឈម​រួម​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​មើលឃើញ​​ក្នុង​រូបភាព​ដូចគ្នា​។ បើ​កាលណា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​មើលឃើញ​ក្នុង​រូបភាព​ដូចគ្នា​ដូច្នេះ​ខ្ញុំ​គិតថា ការដាក់ចេញ​នូវ​វិធានការ​គោលការណ៍ និង​យុទ្ធសាស្ត្រ​រួមគ្នា​នេះ​គឺ​វា​ជា​លទ្ធភាព​មួយ​ដែល​អាច​ទៅ​រួច ហើយ​មាន​ការរីកចម្រើន​ទៅមុខទៀត​»៕