ភ្នំពេញៈ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​របស់​លោក សម រង្ស៊ី លើ​ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការមិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​នយោបាយ​នោះ​ថា អ្វីដែល​លោក​ធ្វើ គឺ​ធ្វើ​ដោយ​ឆន្ទៈ​ពិតប្រាកដ​របស់លោក មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​លោក​ឡើយ​។

លោក កឹម សុខា ដែល​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​ក្រោម​ការចោទប្រកាន់​ពីបទ​ «​ក្បត់ជាតិ​» ​នៅ​ឡើយ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ជាថ្មីទៀត​នៅ​ថ្ងៃទី​ ១ ធ្នូ​ឆ្នាំ​ ២០២១ ​ថា​៖ «​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាច​ធ្វើ​បាន ទៅតាម​លទ្ធភាព​កាលៈទេសៈ និង​ដោយ​ឆន្ទៈ​ពិត​របស់​ខ្ញុំ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​ខ្ញុំ​ឡើយ ជាពិសេស​អ្វីដែល​ខ្ញុំ​ផ្សព្វផ្សាយ​ក្នុង​ផេច​ផ្លូវការ​របស់ខ្ញុំ​»​។

ជាមួយ​គ្នា​នេះ លោក កឹម សុខា បាន​បង្ហាញ​របាយការណ៍​សកម្មភាព​មួយចំនួន ដែល​លោក​បានធ្វើ​កាលពី​អំឡុង​ខែវិច្ឆិកា​កន្លងមក ដោយ​មាន​ចូលរួម​កិច្ចការ​សាសនា​ជួប​ជាមួយ​នឹង​មន្ត្រី​ទូត​ប្រចាំ​នៅ​កម្ពុជា និង​សកម្មភាព​មួយចំនួន​ទៀត ដោយ​មិន​មាន​អ្នកណា​មក​បង្ខិតបង្ខំ ឬក៏​គំរាមកំហែង​នោះទេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក​ ចាន់ ចេន ​ជំនួយការ​ផ្ទាល់ និង​ជា​អ្នកធ្វើ​របាយការណ៍​ពី​សកម្មភាព​របស់​លោក កឹម សុខា ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃទី​ ១ ខែធ្នូ​។ ប៉ុន្តែ​លោក​បាន​បង្ហោះ​របាយការណ៍​សកម្មភាព​របស់​លោក កឹម សុខា ប្រចាំខែ​វិច្ឆិកា​ថា សម្រាប់​សកម្មភាព​សង្គមកិច្ច សាសនា លោក កឹម សុខា បាន​នាំយក​បច្ច័យ​ និង​ទេយ្យវត្ថុ​ទៅ​ចូលរួម​បុណ្យ​កឋិនទាន​ចំនួន​ ៣ ​នៅ​ខេត្ត​តាកែវ ត្បូងឃ្មុំ បាត់ដំបង និង ជូន​ម៉ាស់​ការពារ​ជំងឺឆ្លង​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដោយផ្ទាល់​ចំនួន​ ៤ ​កេះ​ (១ ​ម៉ឺន​ម៉ាស់​)​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​សកម្មភាព​ការទូត​វិញ​លោក កឹម សុខា បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​នៃ​ប្រទេស​អូស្ត្រាលី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហគមន៍ អឺរ៉ុប និង​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​។

តាមរយៈ​សកម្មភាព ហ្វេសប៊ុក​លោក កឹម សុខា បាន​ផូស្ត​ព្រះរាជសារ​ព្រះមហាក្សត្រ​ផ្ញើជូន​លោក ផូស្ត​សារ​អបអរសាទរ ទិវា​ខួប​លើក​ទី​ ៦៩ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការសោយ​ទិវង្គត​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា លោក​ កឹម សុខា បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា រហូត​មក​ដល់​ពេលនេះ លោក សម រង្ស៊ី និង​សហការី​នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​របស់​លោក​ទៅប្រើប្រាស់​ភ្ជាប់​ជាមួយ​នឹង​សកម្មភាព​នានា​ដែល​ពុំមាន​ការអនុញ្ញាត​ ឬ​គាំទ្រ​ពី​រូបលោក​។

លោក​បញ្ជាក់ថា​៖ «​លើសពី​នេះ​ទៅ​ទៀត ជាក់ស្តែង​លោក សម រង្ស៊ី និង​សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង​ជាពិសេស​ថ្មីៗ​នេះ គឺ​ការត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ ឬ នៅ​ពីក្រោយ​ការដឹកនាំ​គណបក្ស​នយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​»​។

លោក​ កឹម សុខា បាន​លើកឡើង​ថា​៖ «​ទង្វើ​របស់​ពួកគេ​សបញ្ជាក់​ឱ្យឃើញថា សម រង្ស៊ី និង​ កឹម សុខា ​មិនមែន​ជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់​នេះ​មិនមាន​ការគាំទ្រ ឬ ជា​ជំហរ​របស់ខ្ញុំ​ឡើយ​»​។

បន្ទាប់ពី​លោក​ កឹម សុខា ​បាន​សរសេរ​សារ​បែបនេះ នៅក្នុង​ថ្ងៃ​ដដែល​នោះ លោក សម រង្ស៊ី បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់ទុក​សេចក្តីថ្លែងការណ៍​លោក កឹម សុខា ​ថា​៖ «​គឺជា​លទ្ធផល​នៃ​ការគំរាមកំហែង​ពី​សំណាក់​លោក ហ៊ុន សែន ​ដែល​ភ័យខ្លាច​ជាទីបំផុត ចំពោះ​ឯកភាព​នៃ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ហើយ​ដែល​ចាប់​យក​លោក កឹម សុខា ធ្វើ​ជា​ចំណាប់ខ្មាំង​របស់គាត់​»​។

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែធ្នូ​ថា​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ​បាន​ដល់​ដំណាក់កាល​មួយ​ចែកផ្លូវ​គ្នា​ដើរ​ហើយ បន្ទាប់ពី​លោក​ កឹម សុខា ប្រកាស​ឱ្យ​លោក​ សម រង្ស៊ី បញ្ឈប់​យកឈ្មោះ និង រូបលោក ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​នយោបាយ​។

លោក​បន្តថា គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេ​រំលាយ​កាលពី​ចុងឆ្នាំ ២០១៧ ប៉ុន្តែ នៅមាន​ស្មារតី​គាំទ្រ​។ បើទោះបី លោក កឹម សុខា នៅ​ជា​ប្រធាន​គណបក្ស​នេះ ប៉ុន្តែ​មិនសូវ​បាន​ធ្វើ​សកម្មភាព​ច្រើន​ដូច​លោក សម រង្ស៊ី​នោះទេ ដែល​ធ្វើឱ្យ​ការកៀរគរ​កម្លាំង និង​ការគាំទ្រ នៅ​មាន​កម្រិត ដោយសារ​តែ​អ្នក​នៅក្បែរ​លោក កឹម សុខា បាន​ដើរ​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​។ បើតាម​លោក ឯម សុវណ្ណារ៉ា នាពេល​បច្ចុប្បន្ន​តម្លៃ​នយោបាយ​ភាគច្រើន គឺ​ស្ថិត​នៅ​លើ​លោក សម រង្ស៊ី ព្រោះ​លោក​ សម រង្ស៊ី បាន​ធ្វើ​​សកម្មភាព​នយោបាយ និង​មាន​រចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ច្រើនជាង​លោក កឹម សុខា​។

លោក​ថ្លែងថា​៖ «​ការចែក​ផ្លូវ​គ្នា​ហ្នឹង​ពី​ណា​ចេញ​មុន​ពី​ណា​វាយប្រហារ​ទៅលើ​សង្គ្រោះជាតិ​ច្រើន អាច​រង​ផលប៉ះពាល់​ច្រើន និង​រង​ការដក​សេចក្តី​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា ករណី​លោក សម រង្ស៊ី និង​លោក កឹម សុខា ចែកផ្លូវ​គ្នា​ដើរ​នៅពេល​នេះ​នឹងមិន​អាច​វិល​បញ្ចូល​គ្នា​វិញ​បានទេ ប៉ុន្តែ​បើ​បាន​ក៏ត្រូវ​ប្រើពេល​យូរ​ដែរ​។ ទោះជា​យ៉ាងណា អ្វីដែល​ត្រូវធ្វើ​បន្ត​គឺ​លោក កឹម សុខា ត្រូវ​ស្នើឱ្យ​តុលាការ​បន្ត​នីតិវិធី​ឱ្យបាន​លឿន និង​ជំរុញ​ឱ្យ​អ្នកគាំទ្រ​របស់​គាត់ ដំណើរការ​គណបក្ស​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បន្ត​ជីវភាព​គណបក្ស​ឱ្យ​ដូច​កាលពី​មុន​ឆ្នាំ​ ២០១២​។

លោក​បន្តថា ចំពោះ​លោក សម រង្ស៊ី​មិនអាច​ចូលរួម​ប្រឡូក​ក្នុង​នយោបាយ​បានទេ ព្រោះ​លោក សម រង្ស៊ី ជាប់​បណ្តឹង​នៅ​តុលាការ​មាន​ចំនួន​ច្រើន និង​មានការ​បំពាន​ទៅលើ​ព្រះមហាក្សត្រ និង​មកលើ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្វី​ដែល​លោក សម រង្ស៊ី ​អាច​ធ្វើ​បាន​គឺ​ជំរុញ​ឱ្យ​ក្រុម​របស់​គាត់ ដំណើរការ​គណបក្ស​ភ្លើងទៀន​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ជា​រឿង​មួយ​ល្អ ប្រសិនបើ​ពួកគាត់​វិល​ទៅរក​គណបក្ស​រៀងៗ​ខ្លួន​ហើយ​ធ្វើ​នយោបាយ ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ទៅ វា​សុខ​សប្បាយ​ទាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ហើយ​ប្រទេស​ជាតិ​ក៏​មិន​ត្រូវបាន​សម្លឹង​ឃើញថា ធាក់​ថយ​ប្រជាធិបតេយ្យ​ដែរ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា បាន​សរសេរ​នៅលើ​ទំព័រ Twiter ថា លោក​ កឹម សុខា ដែល​ជា​ឪពុក​របស់​កញ្ញា​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ ដើម្បី​ប្រាប់​ទៅ​ដៃគូ​បោកប្រាស់​របស់​លោក (​លោក សម រង្ស៊ី​) ឱ្យ​បញ្ឈប់​យក​រូប​លោកឪពុក​របស់​កញ្ញា ដើម្បី​កេងចំណេញ និង​បោកប្រាស់​សាធារណជន​តទៅទៀត​។

កញ្ញា​សរសេរថា​៖ «​ភាព​ជា​ដៃគូ​ត្រូវបាន​បញ្ចប់​យ៉ាង​មាន​ប្រសិទ្ធភាព នៅពេល​ដែល​ដៃគូ​របស់គាត់ (​លោក សម រង្ស៊ី​) បាន​អំពាវនាវ​ឱ្យ​គណបក្ស និង​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​បោះបង់ចោល​គាត់ (​កឹម សុខា​) ​នៅពេល​ដែល​គាត់​បាន​ជាប់​ពន្ធនាគារ​ និង​នៅពេល​ដែល​ (​លោក សម រង្ស៊ី ) ​ដឹកនាំ​យុទ្ធនាការ​មួយ ដែល​ពោរពេញ​ដោយ​ការបោកប្រាស់​»៕

វីដេអូ៖