ភ្នំពេញៈ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ប្រចាំ​កម្ពុជា​ (IOM) ​បាន​កោតសរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​ពលករ​ចំណាកស្រុក​នៅក្នុង​ខេត្ត​ចំនួន​ ៣ ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​បាន​ប្រមាណ ៣ ៩០០ ​នាក់​ចាប់តាំងពី​ខែកញ្ញា​មក​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​​ អង្គការ​ IOM ​កម្ពុជា​បាន​បញ្ជាក់​​ថា «​ពលករ​ចំណាកស្រុក​ប្រមាណ ៣ ៩០០ ​នាក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តបាត់ដំបង បាន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់តាំងពី​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​កាលពី​ខែកញ្ញា ឆ្នាំនេះ​មក​។

យុទ្ធនាការ​នេះ​នឹង​បន្ត​រហូត​ដល់​យ៉ាងហោចណាស់​នៅត្រឹម​ចុង​​ឆ្នាំនេះ​»​។

លោកស្រី Kristin Parco តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ IOM លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការចាក់​វ៉ាក់សាំង​យ៉ាង​ឆាប់​រហ័ស​ត្រឹមត្រូវ​ និង​សមធម៌​សម្រាប់​ទាំងអស់​គ្នា​ព្រមទាំង​ពលករ​ចំណាកស្រុក​ដោយ​មិន​គិតពី​ឋានៈ តួនាទី​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ថ្នាក់ជាតិ និង​អន្តរាគមន៍​សុខភាព​សាធារណៈ​ផ្សេងទៀត​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​​ថា​អង្គការ​ IOM អង្គការ​សុខភាព​ពិភពលោក​ (WHO) ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ​ (UNICEF) ​បាន​​ធ្វើការ​រួមគ្នា​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ថ្នាក់ជាតិ​ដល់​អ្នក​គ្រប់​លក្ខខណ្ឌ​ ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​ទាំងអស់​នៅក្នុង​ប្រទេស រួមទាំង​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ដូចជា ពលករ​ចំណាកស្រុក និង​អ្នក​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ជាដើម​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​​ថា​៖ «​នេះ​គឺជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការការពារ ពលករ​ចំណាកស្រុក និង​សហគមន៍​ក្នុង​ខេត្ត​សំខាន់ៗ​ដែល​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី​ប្រទេស​ថៃ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​។ ពលករ​ចំណាកស្រុក​ជាង ២៦០ ០០០ ​នាក់​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​មកកាន់​កម្ពុជា​វិញ ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​ក្នុង​ខែមីនា ឆ្នាំ​ ២០២០»​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ពលករ​ចំណាកស្រុក​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ តែងតែ​ប្រកប​ការងារ​មិន​ទៀងទាត់ ឬ​ក្រៅ​ប្រព័ន្ធ ដោយ​មិនមាន​ឯកសារ​ផ្លូវការ ហើយ​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​នៅ​​មាន​កម្រិត ហើយ​ការត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅក្នុង​ប្រទេស​កម្ពុជា ពលករ​ចំណាកស្រុក​ត្រូវបាន​ចាត់ទុកថា​ជា​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ ​បញ្ហាលំបាក​ផ្នែក​សេដ្ឋកិច្ច និង​ការទទួល​បាន​ព័ត៌មាន​នៅមាន​កម្រិត​ដែល​បង្ក​ទៅជា​ឧបសគ្គ​ចម្បង​ដល់​ពួកគេ​ក្នុង​ការទទួល​បាន​សេវា​សុខភាព​សំខាន់ៗ​ជាប្រចាំ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​​បាន​បញ្ជាក់ថា «​ជាមួយ​នឹង​ការគិតគូរ​ [​របស់​រដ្ឋាភិបាល​] ​ចំពោះ​ពលករ​ចំណាកស្រុក​ទាំងអស់​ក្នុង​ការទទួល​បាន​វ៉ាក់សាំង​កូវីដ​ ១៩ ​សង្ឃឹមថា ចំនួន​អ្នក​ឆ្លង និង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ​ ១៩ ​នឹង​ត្រូវបាន​កាត់បន្ថយ​»​។

ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ជាង ១២០ ០០០ ​នាក់ ហើយ​មាន​មនុស្ស​ជាង ២ ៩០០ ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចាប់តាំងពី​មាន​​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​មក​៕