ភ្នំពេញៈ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ (NAA) ​លើកឡើង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ហាក់​មាន​ការភ្លេចខ្លួន​ពី​ជំងឺអេដស៍ ដោយ​ថា​មេរោគ​នេះ​មិនមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​ឡើយ ដោយសារ​ពួកគាត់​មមាញឹក​នឹង​របរ​រកទទួលទាន​ប្រកប​ការងារ ប៉ុន្តែ​ជាក់ស្តែង​មេរោគ​កំពុង​យាយី​លើ​យុវវ័យ ពិសេស​ក្រុម​បុរស​ស្រឡាញ់​បុរស ដែល​នេះ​ជា​ចំណុច​មួយ​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​។

លោក​ ទា ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​គណៈទីប្រឹក្សា​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ថ្លែង​ដូចនេះ​ក្នុង​កម្មវិធី​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​លើក​ទី​ ២៣ និង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ​ធ្នូ ២០២១ ក្រោម​ប្រធានបទ​ «​បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល​»​។

ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រួមគ្នា​ជា​សកល ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រជាជន​នៅលើ​សកលលោក ចូលរួម​រំលែក​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធ​ថ្មីៗ​ក្នុង​ការទប់ស្កាត់​ការរាលដាល​មេរោគ​អេដស៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ទិវា​នេះ​ក៏​បង្ហាញ​ពី​ការគាំទ្រ និង​យកចិត្តទុកដាក់​ដល់​អ្នកផ្ទុក និង​អ្នក​រង​ផលប៉ះពាល់​ពី​មេរោគ​អេដស៍​ក្នុង​ការទទួល​បាន​សេវា​ថែទាំ​ និង​ព្យាបាល និង​សេវា​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

លោក​ ទា ផល្លា លើកឡើង​ថា​៖ «​យើង​ឃើញថា ប្រជាពលរដ្ឋ​ដូចជា​មាន​ការរវល់​រកស៊ី​ធម្មតាៗ​របស់គាត់ ប៉ុន្តែ​គាត់​ដូចជា​រាង​ភ្លេចខ្លួន ដោយ​គាត់​គិតថា អេដស៍ ទៅ​បាត់​ហើយ ដោយ​មាន​មនុស្ស​ភាគតិច​ទេ ដែល​នៅចាំ​ និង​បាន​យកចិត្ត​ទុកដាក់​ពី​ជំងឺអេដស៍ តែ​ពួកគាត់​មាន​ការសស្រាក់សស្រាំ​ការពារ​ពី​មេរោគ​កូវីដ​ ១៩»​។

ជាមួយ​គ្នា​នេះ លោក​ ទា ផល្លា ក៏បាន​បញ្ជាក់ដែរថា កម្ពុជា​បាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ អស់​រយៈពេល​ប្រមាណ​ជា​ ៣០ ​ឆ្នាំ​មកហើយ​។ បើ​គិតពី​ធនធាន​ដែល​បាន​ចំណាយ​ក្នុង​ការធ្វើ​ការងារ​នេះ​គឺ​ច្រើនណាស់ ប្រមាណ​ជា​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការប្រយុទ្ធ​នឹង​ជំងឺ​នេះ​រយៈពេល​ ៣០ ​ឆ្នាំ​មិនទាន់​ចប់​នៅឡើយ​ទេ​។

មន្ត្រី​ជាន់ខ្ពស់​រូបនេះ​បន្ថែមថា អ្នក​ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ហើយ​បាន​ប្រើប្រាស់​ថ្នាំ​ និង​ព្យាយាម​ថែទាំ​រក្សា​សុខភាព​បាន​ល្អ​ហើយ ប៉ុន្តែ​អ្វីដែល​លោក​បារម្ភ​គឺ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​ច្រើនណាស់​ (​រាប់ម៉ឺន​នាក់​)​។

លោក​ថ្លែងថា​៖ «​ដូចនេះហើយ ដែល​យើង​ត្រូវធ្វើ​យ៉ាងណា​ត្រូវឱ្យ​ពួកគាត់​ចេញមក​ទទួល​យក​សេវា ដូចជា​យក​ឱសថ​ការពារ​ឆ្លង​មេរោគ​អេដស៍​នេះ ដែល​យើង​ត្រូវធ្វើ​ឱ្យបាន​រហូតដល់​ ១ ​ម៉ឺននាក់​ក្នុង​ឆ្នាំ​ ២០២៣​។ ប៉ុន្តែ​ពេលនេះ​យើង​ទទួល​បាន​តិចតួច​បំផុត​»​។

ក្នុង​សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១ ធ្នូ ២០២១ ​នេះដែរ លោក​លើកឡើង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈានមុខ​មួយ ដែល​កំពុង​ផ្លាស់ប្តូរ​មុខមាត់​កម្មវិធី​អេដស៍​ពី​ការពឹង​ផ្អែកលើ​តែ​ជំនួយ​ខាងក្រៅ មក​ជា​កម្មវិធី​អេដស៍​ដែលមាន​ភាពធន់​ និង​មាន​ចីរភាព​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​យើង ស្ទើរតែ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ ទាំងស្រុង​រួច​ទៅហើយ​នៅ​ឆ្នាំ​កន្លងទៅ ទោះបីជា​យើង​ស្ថិតនៅក្នុង​បរិបទ​នៃ​ការគំរាមកំហែង​នៃ​មេរោគ​កូវីដ​ ១៩ ​យ៉ាងណា​ក៏ដោយ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើការ​កោតសរសើរ​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ដៃគូ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចរន្តជាតិ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគអេដស៍​ និង​ជំងឺអេដស៍​។

លោក​បន្ថែមថា​៖ «​យើង​ទាំងអស់​គ្នា​ត្រូវតែ​ខិតខំ​ថែមទៀត ក្នុង​ការស្វែងរក​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​បាត់​មុខ​មិនទាន់​មក​ទទួល​សេវា​ព្យាបាល និង​ការបញ្ចៀស​កុំឱ្យ​មាន​ការបោះបង់​ការព្យាបាល​របស់​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់​ចំនួន​ ១២ ០០០ ​នាក់​»​។

ទន្ទឹមនឹងនេះ លោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​សិក្សា​ស្វែងយល់​ជាប្រចាំ​នូវ​ចំណេះដឹង​ថ្មីៗ​ស្តីពី​ការបង្ការ​ការចម្លង​មេរោគអេដស៍​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ ដើម្បី​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​ ២០២៥ ​ឱ្យ​បាន​តាម​ការគ្រោងទុក​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្នុងករណី​សង្ស័យថា បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ត្រូវ​ស្វែងរក​សេវា​ផ្តល់ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល​ទាន់​ពេលវេលា​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​ទារក​»​។

លោកស្រី​ ប៊ុន រ៉ានី ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​បញ្ចប់​ការរើសអើង​គ្រប់​រូបភាព ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ​ត្រូវការពារ​ជាប្រចាំ តាមរយៈ​ការប្រើ​ស្រោមអនាម័យ​។ ជាពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​មាន​មុខរបរ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍​។

លោក​ អ៊ឹង ប៉ូលីន ទីប្រឹក្សា​គាំទ្រ​សហគមន៍​របស់​អង្គការ UNAIDS ថ្លែងថា ការរើសអើង​ចំពោះ​អ្នកជំងឺ​អេដស៍ គឺជា​រឿង​សំខាន់​ដែល​ការរើសអើង​មាន​ការរើសអើង​ពី​ខាងក្នុង និង​ខាងក្រៅ​។

លោក​ថា ការរើសអើង​ចេញពី​ខាងក្នុង គឺ​សំខាន់​ជាង​ការរើសអើង​ខាងក្រៅ ដោយសារ​តែ​នៅពេលដែល​អ្នកជំងឺ​រើសអើង​ខ្លួនឯង មិន​ព្រម​ចេញ​ទៅ​ទទួល​សេវា​ព្យាបាល នោះ​នឹង​ធ្វើ​ឱ្យ​សុខភាព​របស់គាត់​កាន់តែ​ទ្រុឌទ្រោម​។

លោក​ អ៊ឹង ប៉ូលីន ថ្លែងថា​៖ «​ការជិតស្និទ្ធ ជាមួយ​នឹង​អ្នកជំងឺ​អេដស៍ គឺ​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​ទេ ដោយសារ​មេរោគ​អេដស៍​មិន​ឆ្លង​តាមរយៈ​ការប៉ះពាល់​គ្នា ឬ​ឱបថើប ទេ​។ ដូចនេះ​វា​មិនមាន​បញ្ហា​អី ដោយ​គ្រាន់តែ​ទៅ​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកមាន​មេរោគ​អេដស៍​ធ្វើឱ្យ​យើង​ឆ្លង​នោះទេ​»​។

លោក​បន្ថែមថា នៅពេលដែល​គ្មាន​ការរើសអើង​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​នោះ​ធ្វើឱ្យ​សង្គម​យើង​ក្លាយជា​សង្គម​មួយ​ដែលមាន​ការសហការ​គ្នា មាន​លក្ខណៈ​ស្និទ្ធស្នាល​ជាមួយ​គ្នា​នោះ​នឹង​ធ្វើឱ្យ​មាន​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាមួយ​គ្នា​បានល្អ​៕