ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ.វ.ក-១៩) ​បាន​ធ្វើការ​ចែករំលែក​នូវ​បទពិសោធ​របស់​កម្ពុជា​ក្នុង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​ ២ នៃ​មហាសន្និបាត​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ដែល​បាន​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​ ២៩ វិច្ឆិកា ដល់​ថ្ងៃទី ​០១ ខែធ្នូ ឆ្នាំ​ ២០២១​។

ក្រសួង​សុខាភិបាល​បានឱ្យដឹង​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​នា​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​ ២ មហាសន្និបាត WHO គឺជា​កិច្ចប្រជុំ​បន្ទាន់ ពិសេស​លើក​ទី​ ២ ដែល​ប្រទេស​កម្ពុជា​ជា​សមាជិក​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ចំនួន ១៩៤ បាន​ចូលរួម​។

ក្រសួង​បញ្ជាក់ថា៖ «​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​ស្វែងរក​ផលប្រយោជន៍​ក្នុងការ​បង្កើត​អនុសញ្ញា​នៃ WHO ក៏ដូចជា​កិច្ចព្រមព្រៀង ព្រមទាំង​រៀបចំ​យុទ្ធោបករណ៍​សម្រាប់​ប្រើប្រាស់​ជា​អន្តរជាតិ ដើម្បី​ពង្រឹង​ការត្រៀម​លក្ខណៈ​ និង​ការឆ្លើយតប​បន្ទាន់ ចំពោះ​គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​»​។

នៅក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​ ២ មហាសន្និបាត WHO លោកស្រី ឱ វណ្ណឌីន បាន​ធ្វើការ​ថ្លែង​បទអន្តរាគមន៍ ដោយ​បាន​លើក​អំពី​បទពិសោធ​របស់​កម្ពុជា ក្នុង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ជាពិសេស​ការរាតត្បាត​ពី​ជំងឺ​កូវីដ​ ១៩ ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​ការត្រៀម​លក្ខណៈ​ជាមុន​។

លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ពី​ការត្រៀម​នូវ​សមត្ថភាព​ក្នុង​ការឆ្លើយតប​ពី​បញ្ហា​សុខភាព​សាធារណៈ សម្រាប់​វាយតម្លៃ​ការឆ្លើយតប​បាន​យ៉ាង​ឆាប់រហ័ស ដែល​កិច្ចការ​ទាំងនេះ​អាច​សម្រេចបាន​ដោយ​ជោគជ័យ គឺ​អាស្រ័យ​ដោយ​មាន​ការដឹកនាំ​ដ៏ល្អ និង​ប៉ិនប្រសប់​របស់​លោក​ ហ៊ុន សែន​។

លោកស្រី​ថា៖ «​ដោយសារ​ភាពជា​អ្នកដឹកនាំ​ដ៏ខ្លាំង​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​ក៏​ទទួលបាន​ជោគជ័យ គួរឱ្យ​កត់សម្គាល់​ក្នុង​កិច្ចការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​រួម​ជាមួយ​នឹង​ការសម្របសម្រួល និង​ចាត់ចែង​របស់ គ.វ.ក-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ពហុភាគី ទ្វេភាគី និង​វិស័យ​ឯកជន​»​។

ជាមួយ​គ្នា​នេះដែរ កម្ពុជា​បាន​បង្ហាញ​ពី​ការគាំទ្រ​ការពង្រឹង​ច្បាប់​និយតកម្ម​អន្តរជាតិ​ឆ្នាំ​ ២០២៥ (IHR 200g) ដែលជា​ឧបករណ៍​ច្បាប់​អន្តរជាតិ​ដ៏សំខាន់​មួយ​សម្រាប់​សន្តិសុខ សុខភាព​ពិភពលោក​ជា​ជាង​ការបង្កើត​នូវ​ឧបករណ៍​ថ្មី​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ​ស្ទួន​គ្នា​។

លោកស្រី វណ្ណឌីន បាន​បញ្ជាក់ថា​៖ «​យើង​គួរតែ​ពង្រឹង​យន្តការ ដែល​មាន​ស្រាប់​នៅក្រោម​ក្របខ័ណ្ឌ​ច្បាប់​និយតកម្ម​អន្តរជាតិ ឆ្នាំ​ ២០២៥ ជាពិសេស​គឺ​ផ្តោត​សំខាន់​ទៅលើ​សមត្ថភាព​ស្នូល​របស់​ជាតិ និង​បែប​ប្រព័ន្ធ​តាម​លក្ខណៈ​សកល​សម្រាប់​ការសង្គ្រោះ​បន្ទាន់ ផ្នែក​សុខភាព​សាធារណៈ រួមទាំង​ការពិចារណា​លើ​សារៈសំខាន់​នៃ​អភិបាលកិច្ច​ល្អ​របស់​ប្រទេស ដែល​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​គោលបំណង​បង្កើន​កម្លាំង​ដ៏ស្វាហាប់​ដោយ​ជោគជ័យ​ក្នុង​ការត្រៀម​បង្ការ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​នានា​»​។

កម្ពុជា​ក៏​ស្វាគមន៍​លើ​ការពិភាក្សា​ដើម្បី​ពិចារណា​ពី​យន្តការ​មួយចំនួន​ទៀត ដែល​នឹង​បំពេញ​បន្ថែម​ដល់​ច្បាប់​និយតកម្ម​អន្តរជាតិ​ឆ្នាំ​ ២០២៥ ដើម្បី​ឆ្ពោះ​ទៅ​រក​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល ថ្នាក់​តំបន់​ និង​ថ្នាក់​ប្រទេស​លើ​ការត្រៀមខ្លួន និង​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។

លោកស្រី​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ និង​យកចិត្ត​ទុកដាក់​របស់​ក្រុមការងារ​សម្រាប់​ការពង្រឹង​ការត្រៀម​លក្ខណៈ និង​ការឆ្លើយតប ចំពោះ​គ្រាអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

លោកស្រី បន្តថា​លើសពីនេះ​កម្ពុជា​គាំទ្រ​ដល់​ការពិចារណា​លើ​ការផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់ និង​និរន្តរភាព​លើ​ការលើកកម្ពស់​វិធីសាស្ត្រ​នៃ​រដ្ឋាភិបាល​ទាំងមូល និង​សង្គម​ទាំងមូល​ក្នុង​កិច្ចសហការ​ពហុភាគី ទ្វេភាគី និង​វិស័យ​ឯកជន​ផងដែរ​៕