ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ជាង ៦០ នាក់ ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ ដោយ​គ្រាន់តែ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប មាន​ការរំលោភបំពាន​ដីព្រៃ​លិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ជាង​ ១ ​ម៉ឺន​ហិកតា​។

កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត​ជុំវិញ​បឹងទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្ក្រាប​បទល្មើស​កាប់ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី និង​បញ្ជា​ឱ្យ​ចាប់ខ្លួន​ភ្លាមៗ​ដោយ​ដកហូត​ទ្រព្យសម្បត្តិ​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ ក្រោយ​ទទួលបាន​របាយការណ៍​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ធ្នូ​ថា មកដល់​ពេល​នេះ​ក្រុមការងារ​ខេត្ត​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជន​ជាប់​ពាក់ព័ន្ធ​ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​របាយការណ៍​ទូទាំង​ស្រុក​ជាប់​នឹង​បឹង​ទន្លេសាប​បាន​បង្ហាញថា ផ្ទៃដី​ជាង​ ១២ ០០០ ហិកតា ក្នុងចំណោម​ផ្ទៃដី​ជាង ២០ ​ម៉ឺន​ហិកតា​ក្នុង​តំបន់​ ៣ ត្រូវបាន​រំលោភបំពាន​។

លោក សុខ លូ បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ភ្លាមៗ​នេះ គឺមាន​មនុស្ស​ ៧ ​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ចូនទៅ​តុលាការ​ដោយសារ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ ខណៈ​ក្រុម​ការងារ​បន្ត​ស្រាវជ្រាវ​បន្ថែម ដើម្បី​ដកហូត​ដី​ដែល​បាន​បាត់បង់​ត្រឡប់មកវិញ​។ លោក​ថា​៖ «​តាម​ការប្រជុំ​វាយតម្លៃ​ក្នុង​គណៈកម្មការ និង​ស្រុក​ដែល​រាយការណ៍​មកនេះ គឺ​ឃើញ​មាន​ល្បាក់ ១២ ០០០ ​ហិកតា ជារួម​។ ប៉ុន្តែ​យើង​គិត​ករណី​​មិនទាន់​ច្បាស់​ថា មាន​ការកាន់កាប់​ពី​ឆ្នាំ​ណា ដល់​ឆ្នាំ​ណា​ទេ នៅក្នុង​តំបន់​ទាំងនោះ គ្រាន់តែ​យើង​បាត់​ក្នុង​ល្បាក់​ប៉ុណ្ណឹង​»​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ឱ្យដឹង​ក្នុងពេល​ចុះ​ពិនិត្យ​ព្រៃ​លិចទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​ថ្ងៃទី​ ៣០ វិច្ឆិកា​ថា អាជ្ញាធរ​ខេត្ដ​សៀមរាប​បាន​រកឃើញ​ព្រៃ​លិច​ទឹក​ជាង ១០០ ​ហិកតា នៅ​ខាងជើង​បឹងទន្លេសាប​ស្ថិតនៅ​ក្រុង​សៀមរាប​ត្រូវ​បាន​កាប់​ទន្ទ្រាន​យក​ដី ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន និង​ធ្វើការ​ជួញដូរ​។ ក្នុង​បទល្មើស​នេះ អាជ្ញាធរ​បាន​កំណត់​មុខសញ្ញា និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​ ៥០ ​នាក់​បញ្ចូន​ទៅ​តុលាការ ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដីព្រៃលិច​ទឹក​ប្រហែល​ ១០០ ​ហិកតា​ត្រូវ​បាន​មនុស្ស ៤៧ ​នាក់​កាប់​ទន្ទ្រាន​យក​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក​ម្ល៉េះ​នេះ​គ្រាន់តែ​ក្នុង​ក្រុង​សៀមរាប​មួយ​ទេ​។ ក្រោយពី​រកឃើញ និង​កំណត់​ជនល្មើស​ហើយ អាជ្ញាធរ​បាន​ប្ដឹងទៅ​តុលាការ​រួចហើយ​ដែរ​។ យើង​នៅ​ឱ្យ​អាជ្ញាធរ​ស្រុក​ទាំង​ ៥ ជាប់​បឹង​ទន្លេសាប​នេះ​ចុះ​ពិនិត្យមើល​បន្ថែមទៀត​»​។

បើតាម​លោក​ ទៀ សីហា ដីព្រៃ​លិចទឹក​នៅ​ខាងជើង​បឹងទន្លេសាប​ជាប់​ខេត្ដ​សៀមរាប​មាន​ជាង ១២ ​ម៉ឺន​ហិកតា ក្នុងនោះ​មាន​នៅ​ក្នុងស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​ក្រឡាញ់​។ លោក​បន្តថា​៖ «​ក្នុងនោះ​យើង​បាន​កាត់ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានធ្វើការ​បង្កបង្កើនផល​ជាក់ស្តែង​ក្នុង​តំបន់​អភិរក្ស​លិចទឹក​ចំនួន ៨ ៦៨៦ ​ហិកតា ចំនួន​ ៥ ​ស្រុក ស្មើនឹង​ ១៨ ​ឃុំ (​ក្រឡាញ់ ពួក បាគង សូទ្រនិគម និង​ស្រុក​ជីក្រែង​)»​។

លោក ជាវ តាយ អភិបាលខេត្ត​ពោធិ៍សាត់​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ធ្នូ​ថា រដ្ឋបាល​ស្រុក​ដែល​ស្ថិត​នៅជាប់​តំបន់​បឹង​ទន្លេសាប មាន​ស្រុក​បាកាន ស្រុក​ក្រគរ និង​កណ្តៀង កំពុង​បន្ត​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​។ ចំពោះ​លទ្ធផល​នៃ​ការកាប់​ទន្ទ្រានព្រៃ​លិចទឹក ក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុង​ស្រុក​ទាំងនោះ នៅ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ដែល​មិន​ទាន់​អាច​ដឹងថា មាន​ប៉ះពាល់​កម្រិតណា​នោះទេ​។

ប៉ុន្តែ​លោក ជាវ តាយ ​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ច្បាស់​នៅឡើយ​ដែរ គ្រាន់តែ​ក្នុង​របាយការណ៍​ផ្ទៃដី​ទាំងមូល​ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប នៅ​តំបន់​ ២ មាន​ជាង ៩ ​ម៉ឺន​ហិកតា និង​តំបន់​ ៣ មាន​ជាង ១៣ ០០០ ហិកតា​។ ជា​របាយការណ៍​ជាក់លាក់ យើង​នឹង​ពិនិត្យមើល​ឡើងវិញ​»​។

កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ដកហូត​ដោយផ្ទាល់​លើ​ផ្ទៃដី​ជាង ២ ០០០ ​ហិកតា ដែល​ស្ថិតក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ខណៈ​លោក ហ៊ុន សែន បាន​ប្រកាស​ថា ដី​ទាំង​ជាង​ ២ ០០០ ហិកតា​នេះ គឺ​សុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត​។

រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​កាលពី​ឆ្នាំ ២០១១ ដើម្បី​កំណត់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ដោយ​តំបន់​ ១ តំបន់​ ២ និង​តំបន់​ ៣ ហើយ​ក្នុង​តំបន់​ ៣ គឺជា​តំបន់​មួយ ដែល​បាន​កំណត់ដោយ​ព្រំប្រទល់​ច្បាស់លាស់​ព្រោះ​ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ហាមឃាត់​ដាច់ខាត ការរំលោភបំពាន​៕