ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅក្នុង​ពិធីសម្ពោធ​ផ្លូវ​ និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ ​នាព្រឹក​ថ្ងៃទី ២ ​ខែ ធ្នូ ​ឆ្នាំ ២០២១​ នេះ​បានប្រកាស​គាំទ្រ ​លោក ​ហ៊ុន ម៉ាណែត ​ដែលជាកូន​ប្រុសច្បង​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត ​នៅ​ពេល​ខាង​មុខ។​

លោក​ ហ៊ុន សែន ​ប្រកាស​គាំទ្រ ​យ៉ាង​ដូច្នេះ ​ឆ្លើយ​តបទៅ​នឹង​ការវិភាគ ​និង​ការលើកឡើង​ជាបន្ត​បន្ទាប់​ថា ​លោកនឹង​ដាក់​លោក ​ហ៊ុន ម៉ាណែត​ ឱ្យ​ធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ត។

ទោះ​ជា​យ៉ាងណា ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​ការគាំទ្រ​លោក ​ហ៊ុន ម៉ាណែត​ ឱ្យធ្វើ​ជា​នាយករដ្ឋមន្រ្តី​បន្ត​នេះ ​ត្រូវធ្វើ​ឡើងតាមរយៈការ​បោះ​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែងថា​៖ «និយាយ​ឱ្យច្បាស់​ថ្ងៃហ្នឹង​តែម្តង​ទៅ​ បណ្តុះបណ្តាល​កូន ​មិនមែន​យកមក​ឱ្យធ្វើ​មេចោរ​ទេ។ ហ៊ុន ម៉ាណែត ​ជាបេក្ខភាព​មួយ​ក្នុង​ចំណោម ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ​ហើយ ​ឪពុក​វា​គាំទ្រកុំឱ្យ​ហ្អែង​ពិបាក​វិភាគ​ពេក»៕