ភ្នំពេញៈ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង លើកឡើង​ពី​អត្ថប្រយោជន៍​ម៉ូតូ​អគ្គិសនី E. bike ភ្ជាប់​ជាមួយ​សេវា​រថយន្តក្រុង ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​នេះ បន្ទាប់ពី​បានដាក់​ឱ្យ​ដំណើរការ​ជាង ១០ ​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ម៉ូតូ​អគ្គិសនី E. bike ភ្ជាប់​ជាមួយ​សេវា​រថយន្តក្រុង ត្រូវ​សាលា​រាជធានី​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា​ដំណាលគ្នា​នឹង​ការបើក​ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​សេវា​រថយន្តក្រុង​ បន្ទាប់ពី​បាន​ផ្អាក​មួយរយៈ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក អ៊ាង សុខឃីម អភិបាល​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ថ្លែង​នៅ​ថ្ងៃទី ១ ធ្នូ​ថា ការដាក់​ប្រើប្រាស់​ម៉ូតូ-អគ្គិសនី E. bike ភ្ជាប់​ជាមួយ​សេវា​រថយន្តក្រុង ក្នុង​ពេលនេះ គឺមាន ១១ ​គោលដៅ​នៅតាម​ចំណត​ឡានក្រុង ដោយមាន​ម៉ូតូ​អគ្គិសនី ចំនួន ៧៥ ​គ្រឿង​។ ក្នុងពេល​ខាងមុខ E. bike នេះ​នឹង​ពង្រីក​ខ្លួន​ឱ្យបាន​ ២៥០ ​គ្រឿង​។ លោក​ថា​៖ «​របៀប​ប្រើប្រាស់ E. bike នេះ គឺ​មិនមាន​បើក​ឱ្យ​យើង​ទេ គឺ​យើង​បើក​វា​ដោយ​ខ្លួនឯង បន្ទាប់ពី​ចុះ​ពី​រថយន្តក្រុង​ទៅ​។ យើង​ចង់​ជិះ​ក៏​ជិះ​ហើយ​បើ​យើង​មិន​ចង់​ជិះ​ក៏​អត់​ទៅ ហើយ​ពេល​ជិះ​ហើយ យើង​យកទៅ​ទុក​នៅ​ណា​ក៏បាន​ព្រោះ​ក្រុមហ៊ុន គេ​មាន​បុគ្គលិក​របស់គេ​ទៅ​ប្រមូល​យកមក​ទុក​នៅ​កន្លែង​ដើម​វិញ​»​។

លោក​បន្ថែមថា​៖ «​សម្រាប់​សេវា​ប្រើប្រាស់ E. bike នេះ គឺ​ដូចជា​គេ​គិត​ ៤ ​សេន​ (​ជាង ១៦០ រៀល ក្នុង​ ១ ​នាទី​) ដោយ​ដាក់​លុយ​ដូច​កាត​ទូរស័ព្ទ​របស់​យើង​អ៊ីចឹង​។ យើង​ដាក់​លុយ​ក្នុង​ម៉ាស៊ីន​គេ​ទៅ ហើយ​យើង​បញ្ជា​តាម App ទាំង​ការបញ្ឆេះ និង​ធ្វើដំណើរ ក្រុមហ៊ុន គេ​តាមដាន​មើល តាម App ហ្នឹង​»​។

ចំពោះ​សារប្រយោជន៍ E. bike វិញ​លោក​ សុខឃីម មើលឃើញ​ថា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​មធ្យោបាយ​ផ្ទាល់ខ្លួន ខណៈ​ការចំណាយ​លើ​សេវា​នេះ ហើយ​មធ្យោបាយ​នេះ គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រោះតែ​ការចូលរួម​ប្រើប្រាស់​សេវា​នេះ គឺ​រួមគ្នា​។ «​សារប្រយោជន៍​របស់​វា​គឺ​ជួយ​ឱ្យ​អ្នកដំណើរ​បាន​ទៅដល់​គោលដៅ ដោយ​សុវត្ថិភាព​មាន​ន័យថា បន្ទាប់ពី​គាត់​ចុះ​ពី​រថយន្តក្រុង​ទៅ​គាត់​មាន​មធ្យោបាយ សម្រាប់​ធ្វើដំណើរ​បន្តទៅ​ដល់​គោលដៅ ឬ​ផ្ទះ​របស់គាត់ ដែលជា​កន្លែង​ដែល​រថយន្តក្រុង​យើង​ទៅ​មិន​ដល់​»​។

លោក​ មូល ស៊ុយហេង ​គ្រូបង្រៀន​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាន​លើកឡើង​ថា E. bike នេះ គឺ​ជា​មធ្យោយ​បាយ​ថ្មី​មួយ​ដែល​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស​។

លោក​បន្តថា​៖ «​ការប្រើប្រាស់​វា គឺ​កាត់បន្ថយ​ចំណាយ និង​ជួយ​បរិស្ថាន​បាន​ច្រើន​។ ខ្ញុំ​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ឱ្យ​ចូលរួម​ប្រើប្រាស់​មធ្យោបាយ E. bike នេះ​ដើម្បីឱ្យ​គាត់​មាន​ឱកាស​សន្សំសំចៃ​ថវិកា​ផង និង​បរិស្ថាន​ផង​»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ឡើង​ថា ចំណុច​គន្លឹះ​នៃ​ការប្រើប្រាស់ E. bike គឺ​បង្ក​ភាពងាយស្រួល តម្លៃ​ធូរ​ថ្លៃ និង​មាន​គ្រប់​ទីកន្លែង​។ «​ដើម្បីឱ្យ​ពលរដ្ឋ​ប្រើប្រាស់ E. bike នេះ​ត្រូវឱ្យ​ពលរដ្ឋ​ស្គាល់ និង​ដឹង​ពី​សេវា​នេះ ដោយមាន​ការលើកទឹកចិត្ត និង​មាន​គំរូ​ពី​មនុស្ស​សំខាន់ៗ​...​។ បន្ថែម​ពីនេះ​គឺ​ត្រូវ​ប្រាកដ​ថា​មធ្យោបាយ​នេះ​អាច​ជំនួស​មធ្យោបាយ​ផ្ទាល់ខ្លួន​គាត់​បាន និង​ផ្តល់​ផលចំណេញ​ដល់​គាត់​»៕

វីដេអូ៖