ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កុំឱ្យ​មាន​ការ​បារម្ភ​ខ្លាំង​ពេក​ទា​ក់ទង​នឹង​វីរុស​កូ​វីដ ១៩ បំប្លែង​ថ្មី​ឈ្មោះ​អូ​មី​ក្រុង​នេះ ​រហូត​បាត់​ម្ចាស់​ការ ហើយ​លោក​ក៏បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​​ពិចារណា​ក្នុងការ​ដក​ចេញ​វិញ​នូវ​បម្រាម​នៃ​ការធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​ពី​ប្រទេស​ចំនួន​ ១០ នៃ​អាហ្វ្រិក​ខាង​ត្បូង ចូល​មក​កម្ពុជា​។

លោក​បាន​ថ្លែង​ដូច​នេះ​នា​ព្រឹក​ថ្ងៃទី​ ​២ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន៣៧ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន៣ នា​ខេត្ត​ព្រះ​សីហនុ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទោះបីជា​អូ​មី​ក្រុង​នេះ​មកដល់ តែ​ខ្ញុំ​សុំ​បញ្ជាក់​ថា យើង​កុំ​ស្លន់ស្លោ​ហួស កុំ​ភ័យ​ពេក​រហូត​បាត់​ម្ចាស់ការ ហើយ​ខាង​អាហ្វ្រិក​ខាងត្បូង​ក៏បាន​បញ្ជាក់​ដែរថា​វា​មិនទាន់​មាន​អី​ផង តែ​បែរជា​ប្រកាស​គ្រប់​កន្លែង​ទាំង​អស់​ហាក់​ដូចជា​បំភ័យ​មនុស្ស​គ្រប់​កន្លែង»​។

លោក ហ៊ុន សែន ក៏បាន​បន្ថែមថា ទោះជា​យ៉ាង​ណា​ក៏​កម្ពុជា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ហើយ​លោក​ថាបើ​ទុកឱ្យ​អាហ្វ្រិក​ឯកោ វា​មិនគួរ​គប្បី​ទាល់​តែសោះ ហើយ​ណាមួយ​កម្ពុជា​ក៏​មិន​មាន​ជើងហោះហើ​យ​ត្រង់​មក​កម្ពុជា​ដែរ។

លោក​បាន​បញ្ជាក់​ថា​៖ «យើង​មិនមាន​ភាពចាំ​បាច់​ក្នុងការ​កំណត់​ក្នុងការ​ហាម​ឃាត់​អ្នកដំណើរ​មកពី​អាហ្វ្រិក​ទេ ក៏ប៉ុន្តែ​យើង​អាច​មាន​តម្រូវការ​បង្កើន​ការធ្វើ​តេស្ត​ចំពោះ​អ្នក​ដំណើរ​មកពី​ប្រទេស​ទាំង​នោះ​វិញ»​៕