ភ្នំពេញៈ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ក្រុមហ៊ុន MIZUDA កំពុង​អនុវត្ត​លុបបំបាត់​គំនរ​សំរាម នៅតាម​វត្ត និង​គំនរ​សំរាម​នៅតាម​បណ្តា​មហាវិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ចោមចៅ និង​មហាវិថី​ឈ្នះឈ្នះ ចាប់ពី​ថ្ងៃទី ១ ខែធ្នូ​តទៅ ដើម្បី​អនាម័យ​ និង​សោភណភាព​ស្អាត​។

លោក ប៉ាង លីដា អភិបាលរង​ខណ្ឌ​ពោធិ៍សែនជ័យ ថ្លែង​នៅ​ថ្ងៃទី​ ១ ធ្នូ​ថា ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ និង​ក្រុមហ៊ុន MIZUDA បាន​ប្តេជ្ញាចិត្ត​ថា នឹង​លុបបំបាត់​ដេប៉ូ និង​គំនរ​សំរាម​នៅក្នុង​វត្ត និង​គំនរ​សំរាម​នៅតាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ចោមចៅ និង​មហាវិថី​ឈ្នះ​ឈ្នះ ដោយ​ចាប់ផ្តើម​សកម្មភាព​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​ ១ ខែធ្នូ​តទៅ​។ សកម្មភាព​នេះ​មិន​កំណត់​ពេលវេលា​នោះទេ ពោលគឺ​ធ្វើជា​ប្រចាំ ដើម្បី​រក្សា​អនាម័យ​ធ្វើឱ្យ​មាន​សោភណភាព​ស្អាត និង​មាន​សណ្តាប់ធ្នាប់​។

លោក​ថ្លែងថា៖ «​ខាង​ក្រុមហ៊ុន MIZUDA ប្តេជ្ញាចិត្ត​ជាមួយ​ខ្ញុំ​ហើយ ក្នុង​ការលុបបំបាត់​សំរាម​នេះ ហើយ​យើង​នឹងធ្វើ​កិច្ចសន្យា​មួយទៀត ព្រោះ​ម្សិលមិញ យើង​បានធ្វើការ​សន្យា​មុខ​ព្រះសង្ឃ​រួចហើយ​។ ខ្ញុំ​ប្រាប់ថា អ្នកណា​កុហក​លោក​បាប ឱ្យ​លោក​ជួយ​ប្រសិទ្ធី​ទីតាំង​វត្ត​បើ​អ្នកណា​ហ៊ាន​បោះ​សំរាម​ក្នុង​វត្ត រកស៊ី​អត់​មានបាន​»​។

លោក ប៉ាង លីដា ប្រាប់​ថា គោលដៅ​វត្តអារាម​ដែល​នឹងត្រូវ​លុបបំបាត់​គំនរ​សំរាម​នេះ​មាន​ប្រមាណ​ ១៥ ​វត្ត​ចំណែក​ទីតាំង​វត្ត​ដែល​មាន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​ចោល​ច្រើនជាងគេ គឺ​នៅ​វត្ត​អង្គតាមិញ​ដែល​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​។ នៅ​ព្រឹក​ថ្ងៃទី​ ១ ខែធ្នូ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ចាប់ពី​ព្រំប្រទល់​ខណ្ឌ​សែនសុខ ព្រំប្រទល់​ខណ្ឌ​កំបូល​។ ជាមួយ​គ្នា​នោះ ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការភ្ញាក់រឭក​ចូលរួម​ជួយ​រក្សា​អនាម័យ និង​ទុកដាក់​សំរាម​ឱ្យមាន​របៀប ដើម្បី​ក្រុមហ៊ុន​ប្រមូល​សំរាម​ងាយ​ធ្វើការ​ប្រមូល​នៅតាម​មូលដ្ឋាន​។

លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ ថ្លែង​នៅ​ថ្ងៃ​​ទី​ ១ ​ធ្នូ​ថា ការខិតខំ​ប្រឹងប្រែង​ធ្វើការ​លុបបំបាត់​គំនរ​សំរាម ដោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​ជា​រឿង​ល្អ​មួយ ដើម្បី​កុំឱ្យ​មាន​គំនរ​សំរាម នៅ​ពាសវាល​ពាសកាល​បន្តទៀត​។ ពីមុន​មិនទាន់​មាន​សេវា​ប្រមូល​សំរាម​គ្រប់គ្រាន់ ហើយ​ការប្រមូល​នោះ​ទៀតសោត មិន​គ្រប់​ជ្រុងជ្រោយ ដែល​នាំឱ្យ​មាន​គំនរ​សំរាម​នៅ​ដោយ​កន្លែង​។ ប៉ុន្តែ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដេញថ្លៃ​ក្នុង​ការប្រមូល​សំរាម​គ្រប់គ្រាន់ និង​មាន​ការបែងចែក​តំបន់​ក្នុង​ការប្រមូល​ច្បាស់លាស់ គួរតែ​លែងមាន​ទីតាំង​គំនរ​សំរាម​នៅ​ពាសវាលពាសកាល​បន្តទៀត​។

លោក​ថ្លែងថា​៖ «​រឿង​ចោល​សំរាម​ដែលថា គំនរ​ហ្នឹង​ភាគច្រើន សេវា​ប្រមូល​សំរាម​អត់​ផ្តល់ឱ្យ​គាត់​គ្រប់​ជ្រុងជ្រោយ​ចូលដល់​តំបន់ ដែល​គាត់​រស់នៅ​ដូចជា​ផ្លូវ​តូចៗ អ៊ីចឹង ទៅ​។ ដូច្នេះ​គាត់​ត្រូវតែ​រក​វិធី​ដោះស្រាយ ព្រោះ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មិនដែល​អត់​សំរាម​ទេ គាត់​ត្រូវតែ​រក​កន្លែង​ចោល​ដោយ​ខ្លួន​គាត់ ដោយ​យកទៅ​ចោល​នៅ​កន្លែង​ណា​ដែល​គេ មាន​ទម្លាប់​គរ​សំរាម​ចោល​ជា​ឯកជន​អ៊ីចឹងទៅ​»​។

លោក ហេង យ៉ុនគូរ៉ា ឱ្យដឹងទៀតថា ទាក់ទង​ប្រព័ន្ធ​នៃ​ការប្រមូល​សំរាម​ខាង​ក្រុមហ៊ុន​គួរតែ​មាន​ការចុះ​ប្រមូល​សំរាម ឱ្យ​បាន​ទៀងទាត់ ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​រៀបចំ​ទុកដាក់ និង​យក​សំរាម​ចេញពីផ្ទះ​មក​គរទុក​នៅ​គោលដៅ ដែល​រថយន្ត​ប្រមូល​សំរាម​ទៅដល់​។

លោក​បាន​ថ្លែងថា​៖ «​ប្រព័ន្ធ​ប្រមូល​ហ្នឹង​បើ​ចង់​ប្រាប់​អ្នកស្រុក​ថា ក្នុង​ ១ ​សប្តាហ៍​គាត់​ប្រមូល​ប៉ុន្មាន​ដង​។ ដូច្នេះ​គាត់​ត្រូវ​សរសេរ​ស្លាក ដាក់​នៅ​ឡាន​គាត់​ប្រាប់ថា ថ្ងៃ​ណា​ម៉ោង​ណា ឱ្យ​ពលរដ្ឋ​ដឹង​ទៅ បើ​គេ​ដឹង​ហើយ​គេ​មិន​អនុវត្ត អាហ្នឹង​ជា​រឿង​ដែល​យើង​ឃើញថា អូខេ​គាត់​មិន​អនុវត្ត​មែន ប៉ុន្តែ​ភាគច្រើន​ឡាន​សំរាម ជួនកាល​មក​ជួនកាល​អត់​»៕

វីដេអូ៖