ភ្នំពេញៈ ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ ​កំពុង​បន្ត​ការស្រាវជ្រាវ​បន្ថែម​ទៀត​លើ​ករណី​គ្រោះ​អគ្គិភ័យ​នៅ​ក្លិបកម្សាន្ត ​អេលីត ​Elite Disco Club ​កាលពី​យប់​ថ្ងៃទី ១​ ធ្នូ​ ឆ្នាំ ​២០២១ ​ដែល​យ៉ាង​ហោចណាស់​មាន​មនុស្ស​ ៣ នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រងបួស​ធ្ងន់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នេះ​បើ​តាម​លោក​ តេង ច័ន្ទណាត ​ស្នងការ​នគរបាល​ខេត្ត​សៀម​រាប។

លោក ​ច័ន្ទណាត ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា​ ជនរងគ្រោះ​ដែលបាន​ស្លាប់​ និង​រងរបួស​នៅក្នុង​គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​នោះ ​សុទ្ធតែ​ជាបុរស។ ក្នុង​នោះ​ជនរងគ្រោះ​ដែល​ស្លាប់ ​រួមមាន​ឈ្មោះ ​អ៊ឹង ស៊ីម ​អាយុ​ ៤២ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បន្ទាយឈើ ​សង្កាត់​ទឹកវិល ​ក្រុង​សៀមរាប ​ជាបុគ្គលិក​ផ្នែក​សន្តិសុខ ​ឈ្មោះ ​ធី មេសា ​អាយុ​ ៣៦ ឆ្នាំ ​មាន​ទីលំ​នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ជាបុគ្គលិក​សន្តិសុខ ​និង​ឈ្មោះ ​ឈឿន សំណាង ​អាយុ ២៦ ឆ្នាំ ​រស់នៅ​ភូមិ​ខ្នារ ​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប​ ជា​អ្នកចម្រៀង​ប្រចាំ​ក្លិប​អេលីត។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ ឈ្មោះ ​ប្រាក់ សុភ័ណ្ឌ ​អាយុ ​៤១ ឆ្នាំ ​មាន​ទីលំនៅ ​ភូមិ​តាភុល ​សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប ​ជាបុគ្គលិក​ផ្នែក​ DJ​ ប្រចាំ​ក្លិប​អេលីត។

លោក​បញ្ជាក់​ថា​៖ «ក្នុង​ជំហាន​បឋម​នេះ ​សមត្ថកិច្ច​យើង​សង្ស័យថា ​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយ​សារ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ ពី​បន្ទប់​ក្រោម​ដី​ហើយ​នៅពេល​នេះ​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​យើង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ស្វែង​រក​ការពិត»៕

វីដេអូ៖