The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ីបូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំនេះ

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ីបូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំនេះ

Content image - Phnom Penh Post
ការបើក​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ​ពីថ្ងៃ​ទី​ ១ ធ្នូ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ីបូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំនេះ

ព្រះសីហនុៈ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​​សមុទ្រ​អាស៊ី​បូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ​ដោយ​ប្តេជ្ញា​រួមគ្នា​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ខៀវ តាមរយៈ​កម្មវិធី​គ្រប់គ្រង​ចម្រុះ​តំបន់ឆ្នេរ​ (ICM) ​និង​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​ផ្សេងៗ​​ទៀត ខណៈ​ផែនទី​បង្ហាញផ្លូវ​ PEMSEA ​ឆ្នាំ​ ២០៣០ ​នឹងដាក់​បញ្ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​រដ្ឋមន្ត្រី​ PEMSEA ​ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រទេស​ដៃគូ​ចំនួន​ ១១ ​នៅ​ថ្ងៃទី​ ២ ធ្នូ នេះ​។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តំណាង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុង​ពេល​ធ្វើជា​អធិបតី និង​​បើក​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ​នេះ​កាលពី​ថ្ងៃទី​ ១ ធ្នូ​ថា​​សមិទ្ធផល​ជាច្រើន​បានកើត​មាន​​ឡើង​តាមរយៈ​កិច្ចសហការ​ក្រោម​យន្តការ PEMSEA​។ ទាំងនេះ​បាន​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​ឆ្ពោះទៅមុខ​នៃ​របៀបវារៈ​ ដើម្បី​ធានា​បន្ថែមទៀត​នូវ​ការការពារ​សមុទ្រ​ជីវភាព​រស់នៅ​ប្រកប​ដោយ​និរន្តរភាព​របស់​ប្រជាជន និង​សេដ្ឋកិច្ច​ពណ៌​ខៀវ​​ប្រកប​ដោយ​និរន្តរភាព​ដែល​ជា​កត្តា​ជំរុញ​​ដ៏សំខាន់​នៃ​កំណើន​។ លោក​ថ្លែងថា​៖ «​យើង​ត្រូវ​កសាង​សមិទ្ធផល​ទាំងនេះ​»​។

លោក​បាន​លើកឡើង​ថា ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក​នេះ ជា​យន្តការ​សម្របសម្រួល​ដ៏សំខាន់​ សម្រាប់​អភិបាលកិច្ច​សមុទ្រ​ក្នុង​តំបន់ និង​ភាពជា​ដៃគូ​ជាពិសេស​សម្រាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ សម្រាប់​សមុទ្រ​អាស៊ីបូព៌ា​ (SDS-SEA) ​និង​យុទ្ធសាស្ត្រ​សមុទ្រ​រួមគ្នា​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៤ ​ក្នុង​តំបន់​។

PEMSEA ​បាន​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​មូលដ្ឋាន សហគមន៍​ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ និង​វិទ្យាសាស្ត្រ និង​វិស័យ​ឯកជន​។

លោក​បន្តថា បណ្តាញ​សំខាន់ៗ​ដូចជា មជ្ឈមណ្ឌល​សិក្សា​ក៏​បាន​រួមចំណែក​ដល់​ជំនាញ និង​ជំនាញ​គ្រប់គ្រង​ឆ្នេរ​របស់​ពួកគេ​ចំពោះ​គោលដៅ​រួម​នៃ​ SDS-SEA​។ ​រហូត​មក​ទល់​ពេលនេះ​ PEMSEA ​សម្រេចបាន​សមិទ្ធផល​លើ​ការ​គ្របដណ្តប់​ជាង​ ១៧% ​នៃ​​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ក្រោម​កម្មវិធី​គ្រប់គ្រង​ចម្រុះ​តំបន់ឆ្នេរ​ (ICM) ​ដែល​គ្របដណ្ដប់​ឆ្នេរសមុទ្រ​ជាង​ ៤២ ០០០ ​គីឡូម៉ែត្រ និង​ប្រជាជន​ជាង​ ១៤៦ ​លាន​នាក់ ដែល​រស់នៅក្នុង​តំបន់ឆ្នេរ និង​តំបន់​ទំនាប​ទឹក​។

លោក សាយ សំអាល់ បញ្ជាក់ថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​លទ្ធផល​នៃ​កិច្ចពិភាក្សា​​ក្នុង​មហាសន្និបាត​ជា​ប្រវត្តិសាស្ត្រ​នេះ និង​ចំពោះ​ផែនទី​បង្ហាញផ្លូវ​ PEMSEA ​ឆ្នាំ​ ២០៣០ ដែល​នឹងដាក់​បញ្ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​រដ្ឋមន្ត្រី PEMSEA ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រទេស​ដៃគូ​ចំនួន​ ១១ ​នៅ​ថ្ងៃស្អែក​ក្នុង​វេទិកា​រដ្ឋមន្ត្រី​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​ ៧ ​នេះ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ីបូព៌ា ត្រូវ​បាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា ឆ្នាំ​ ២០២១ នៅ​ព្រឹក​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ នា​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​សហប្រធាន​ក្រុមប្រឹក្សា​ភាព​ជា​ដៃគូ​សមុទ្រ​អាស៊ីបូព៌ា លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​​ព្រះសីហនុ និង​តំណាង​ប្រទេស​ជា​សមាជិក​ជាច្រើន​រូប​ទៀត តាមរយៈ​ចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​រំឭកថា កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ ប្រល័យ​ពូជសាសន៍ និង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​បញ្ចប់សង្គ្រាម និង​បាន​កសាង​អភិវឌ្ឍ​សង្គមជាតិ​ឡើងវិញ​ពី​ចំណុចសូន្យ​មក​ដល់​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ឥស្សរជន​ដ៏ឆ្នើម​បំផុត​ជា​អ្នក​ដែល​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​ដើរ​ឆ្លងកាត់​ពី​ដំណាក់កាល​ដ៏ក្តៅ​បំផុត​មកកាន់​ដំណាក់កាល​ដែលមាន​សុខសន្តិភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ​រឹងមាំ និង​ការរីកចម្រើន​ទើប​រៀបចំ​បាន​នូវ​ព្រឹត្តិការណ៍​ជាច្រើន រួមទាំង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា និង​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ទី​ ៧ ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។

លោក​បញ្ជាក់​ឱ្យដឹងថា វេទិកា​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏មាន​សារៈសំខាន់​ដែល​ផ្តល់​ឱកាស​ដល់​បណ្តា​ខេត្ត-ក្រុង តំបន់ឆ្នេរ​ទាំងអស់​នៅក្នុង​តំបន់​អាស៊ីបូព៌ា ជាពិសេស​បណ្តា​ខេត្ត-ក្រុង តំបន់ឆ្នេរ ដែល​ជា​សមាជិក​ថ្នាក់ក្រោមជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា​បាន​ចូលរួម​ជា​រៀងរាល់​ឆ្នាំ ចែករំលែក​នូវ​ស្មារតី ចំណេះដឹង បទពិសោធ និង​សមិទ្ធផល​ថ្មីៗ​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខេត្ត-ក្រុង​នៃ​តំបន់ឆ្នេរ​នីមួយៗ​សំដៅ​ប្រមូលបាន​ធាតុចូល​សំខាន់ៗ​ពី​ប្រទេស​ជា​សមាជិក ក្នុង​ការថែរក្សា និង​អភិវឌ្ឍ​បរិស្ថាន​សមុទ្រ និង​មហាសមុទ្រ​ឱ្យ​ស្ថិតស្ថេរ​ប្រកបដោយ​និរន្តរភាព​។

លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បានឱ្យដឹងថា វេទិកា​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា (PNLG) ត្រូវបាន​រៀបចំឡើង ៣ ​ឆ្នាំ​ម្តង ដើម្បី​កោះប្រជុំ​ភាគី​គ្រប់​មជ្ឈដ្ឋាន​ពី​ឥស្សរជន​ថ្នាក់ខ្ពស់​រហូតដល់​សហគមន៍​មូលដ្ឋាន ដើម្បី​តាមដាន​វឌ្ឍនភាព ធ្វើការ​ចែករំលែក​មេរៀន បទពិសោធ​ដែល​បានមកពី​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់ សមុទ្រ​អាស៊ីបូព៌ា (SDS-SEA) ក្នុង​តំបន់​។ លោក​ថ្លែងថា​៖ «​ហេតុនេះ យើង​អាច​កំណត់​ឱកាស​សម្រាប់​អន្តរាគមន៍ និង​កិច្ចសហការ​ក្នុង​តំបន់​ដោយ​ពិចារណា​លើ​ការច្នៃប្រឌិត​ថ្មី​បំផុត និង​របកគំហើញ​ក្នុងការ​គ្រប់គ្រង វិធីសាស្ត្រ បច្ចេកវិទ្យា បទប្បញ្ញត្តិ ការវិនិយោគ និង​ហិរញ្ញវត្ថុ​ផងដែរ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ធ្វើឡើង​ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែធ្នូ នៅ​ខេត្ត​ព្រះសីហនុ​។ មុននឹង​ពិធី​បើក​ជា​ផ្លូវការ​នៃ​មហាសន្និបាត​នេះ​ក៏​មាន​កិច្ចប្រជុំ​បណ្តាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ប្រទេស​សមាជិក​នៃ​អង្គការ​ភាពជា​ដៃគូ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ រដ្ឋបាលខេត្ត ជាប់មាត់​សមុទ្រ​ទាំង​ ៤ របស់​កម្ពុជា រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង និង​កែប​។
លោក​បាន​ឱ្យដឹងថា មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ក្រោម​ប្រធានបទ​ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែធ្នូ នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​គឺជា​លើក​ទី​ ១ ដែល​កម្ពុជា​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​ ៧ ចាប់តាំងពី​ការចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា (PEMSEA) នៅ​ឆ្នាំ​ ១៩៩៤​។ មហាសន្និបាត​ដែលមាន​រយៈពេល ២ ថ្ងៃនេះ​ដោយ​បាន​ប្រព្រឹត្ត​ទៅដោយ​​មាន​ការចូលរួម​ផ្ទាល់ និង​ការចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA​។

លោក​បាន​ថ្លែងថា មុននឹង​បើក​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ជា​ផ្លូវការ​នៅ​រសៀល​ម៉ោង ១ មាន​ការបើក​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ការជាតិ​នៃ​បណ្តា​ខេត្ត​របស់​ប្រទេស​សមាជិក PEMSEA ដែល​ក្នុង​នោះ រដ្ឋបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ ៤ ​របស់​កម្ពុជា រួមមាន​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត កោះកុង និង​កែប​។ នៅថ្ងៃនេះ វេលា​ម៉ោង​ ១ ​រសៀល​នឹងមាន​ពិធី​បើក​មហាសន្និបាត​ជា​ផ្លូវការ ដែល​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នឹង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ជា​អធិបតី និង​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍