
ជនសង្ស័យ និងគ្រឿងញៀនដែលសមត្ថកិច្ចចាប់បានកន្លងមក។ រូបថត អាជ្ញាធរប្រឆាំងគ្រឿងញៀន
ភ្នំពេញៈ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ នេះ សមត្ថកិច្ចបង្ក្រាបសារធាតុញៀនគ្រប់ប្រភេទបានជិត ២ តោន និងឃាត់ខ្លួនមនុស្សបានជាង ១ ម៉ឺននាក់ក្នុងនោះមានជនបរទេសជាង ៣០០ នាក់។ នេះបើយោងតាមមន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនអះអាងដោយផ្អែកតាមរបាយការណ៍។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែធ្នូថា ផ្អែកតាមរបាយការណ៍លទ្ធផលអនុវត្តច្បាប់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន ៥ ៥៦០ ករណី ឃាត់មនុស្ស ១២ ១៩៣ នាក់ (ស្រី៧៣៦ នាក់) ក្នុងនោះ ជនបរទេសជនបរទេស ៣១០ នាក់ ស្រី ៤៥ នាក់ ដែលមាន ១៣ សញ្ជាតិ។
លោកបានបន្តថា ក្នុងកិច្ចការងារនេះសមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១ តោន ៧៤៨ គីឡូក្រាម ៧០៥,៩១ ក្រាម,កញ្ឆា ៥០ ០៨៨ ដើម,កញ្ឆាសួត ១០៤ គីឡូក្រាម ៦៩៥ ក្រាម និងសារធាតុផ្សំគីមី ១ តោន ១៣៩ គីឡូក្រាម។ បន្ថែមពីនេះសមត្ថកិច្ចបានឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២ កន្លែង (ផ្ទះ និងដី) ក្នុងនោះនៅខេត្តតាកែវ ១ កន្លែង បន្ទាយមានជ័យ ២ កន្លែង កោះកុង ១ កន្លែង ប៉ោយប៉ែត ២ កន្លែង សៀមរាប ២ កន្លែង ភ្នំពេញ ៣ កន្លែង និងខុនដូ ២ បន្ទប់នៅភ្នំពេញ។ ចំណែក គណនីធនាគារចំនួន ៩ គណនី និងសាច់ប្រាក់ចំនួន ១៦ ០៤៧,១៧ ដុល្លារ ត្រូវបានបង្កក។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា លទ្ធផលបឋមចំនួនករណីបង្ក្រាបមានការថយចុះ រីឯបរិមាណចាប់យកសារធាតុញៀនមានការកើនឡើង ក៏ប៉ុន្តែលោកថា ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលធ្វើសន្និសីទកាសែតនៅថ្ងៃទី ៦ ខែធ្នូខាងមុខនេះ។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ថ្វីដ្បិតពិភពលោក រួមទាំងកម្ពុជា ប្រឈមទៅនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ប៉ុន្តែកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជានៅតែអនុវត្តយ៉ាងក្តៅគគុក។ លោកថា៖ «ក្នុងកិច្ចការនេះយើងផ្តោតសំខាន់ទៅលើក្រុមអង្គការចាត់តាំងធំៗហើយប្រទេសជិតខាងក៏រងគ្រោះដូចគ្នាដែរ ប៉ុន្តែគេរងគ្រោះខ្លាំងជាងយើង»។
ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាលោក មាស សុវណ្ណ បានសាទរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបង្ក្រាបជនល្មើស និងដកហូតសារធាតុញៀនធ្វើជាវត្ថុតាង និងដុតកម្ទេចចោល។ ទន្ទឹមនឹងនេះលោកក៏បានជំរុញសមត្ថកិច្ចអនុវត្តឱ្យម៉ឺងម៉ាត់ទៅលើជនល្មើសតាមផ្លូវច្បាប់ និងស្រាវជ្រាវរកមេឧក្រិដ្ឋជនគ្រឿងញៀន ដែលជាមុខសញ្ញាដើមចមធំនៃបញ្ហានេះ។
លោកថា៖ «សារធាតុញៀនយើងចាប់បានហើយទុកជាភ័ស្តុតាងសំខាន់គឺមនុស្ស មានន័យថា មនុស្សដែលចាប់បាននោះចំទិសដៅអត់? ម្នាក់នោះជាឧក្រិដ្ឋជនគ្រឿងញៀនមែនដែរឬអត់? ព្រោះចាប់ភាគច្រើនបានតែអ្នកបម្រើឱ្យគេ ជាដៃជើងគេ តែបើយើងចាប់បានអ្នកនៅពីក្រោយតែម្តង គឺជាល្អកាន់តែខ្លាំង»។ លោកបានបញ្ជាក់ថា បើចាប់បានមេគ្រឿងញៀនដែលជាឫសគល់នៃបញ្ហា នោះគ្រឿងញៀននឹងឆាប់អស់ហើយនឹងឈានដល់ទីបញ្ចប់។
លោក សុវណ្ណ បានបន្តថា ក្នុងមណ្ឌលបន្សាបគ្រឿងញៀនរបស់លោកនៅឆ្នាំ ២០២១ មានអ្នកមកបន្សាបគ្រឿងញៀនជាង ៣០០ នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ១៨០ នាក់ប៉ុណ្ណោះ ខណៈអ្នកខ្លះត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបន្សាបរួចហើយ។
លោកបានបញ្ជាក់ថា៖ «គិតជា ១ ឆ្នាំនេះមានជាង ៣០០ នាក់ តែបើគិតជាប្រចាំឥឡូវនេះនៅសល់ ១៨០ នាក់ ព្រោះមានអ្នកចេញមានអ្នកចូល ចំនួននេះយើងអត់សូវទទួលផង ដោយសារបញ្ហាកូវីដ ១៩ ដោយសារយើងចង់រក្សាគម្លាត ដើម្បីកុំឱ្យមានការឆ្លងក្នុងមណ្ឌល»។
យ៉ាងនេះក្តី លោកបានព្រមានពីហានិភ័យធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ទោះបីជាពួកគេត្រូវបានបន្សាបសារធាតុគ្រឿងញៀនរួចហើយក៏ដោយ។
លោកថា៖ «អ្នកមកបន្សាបអាស្រ័យលើស្ថានភាពធ្ងន់ ឬស្រាលដែរ បើប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទត្រូវការពេលដល់ ១ ឆ្នាំ ដើម្បីបន្សាប បើស្រាល ៦ ខែអាចប្រសើរឡើងវិញ និយាយឱ្យចំទៅបើអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយប្រៀបដូចយើងរបួសស្នាមជើងដៃអ៊ីចឹង ចុះទម្រាំរបួសស្នាមខួរក្បាលប្រព័ន្ធសរសៃប្រសាទ អ៊ីចឹងវាងាយនឹងលាប់ឡើងវិញ»។
ពាក់ព័ន្ធគ្រឿងញៀននេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា អ្នកជាប់ពន្ធនាគារជាង ៣ ម៉ឺននាក់នៅទូទាំងប្រទេស មាន ៥០ ភាគរយ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ លោកថា៖ «បញ្ហានេះមិនត្រឹមតែកម្ពុជាតែឯងទេធ្វើបាន គឺត្រូវការប្រទេសអន្តរជាតិជួយសហការគ្នា»៕