ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សកម្ម​ភាព​និង​សេវា​កម្ម​នានា ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការរៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ នៅតាម​គ្រឹះស្ថាន​សិក្សា​ឯកជន​នានា​នៅ​ទូទាំង​ប្រទេស។

យោង​តាម​សេចក្តី​ជូនដំ​ណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ បាន​ឱ្យដឹង​ថា ក្នុង​ដំណាក់កាល​នៃ​ការបើក​ដំណើរការ​ប្រទេស​ពេញ​លេញ​ឡើង​វិញ​លើ​គ្រប់​វិ​ស័​វ័យ និង​ការរ​ស់នៅ ជាមួយ​ជំងឺ​កូ​វីដ ១៩ «តាម​គន្លងប្រក្រតីភាព​ថ្មី» ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ដំណើរ​ការរៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ និង​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា។​

សេចក្តី​ជូន​ដំណឹង​នេះ​បន្តថា ដើម្បី​គាំទ្រ​ដល់​ដំណាក់​កាល​នេះ និង​យោង​តាម​អនុសាសន៍​របស់​លោក​នាយ​ក​រដ្ឋម​ន្ត្រី ហ៊ុន សែន ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​សកម្ម​ភាពនិង​សេវា​កម្ម​នានា​ ។

ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការរៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ នៅតាម​គ្រឹះ​ស្ថាន​សិក្សា​ឯកជន ក្រសួង​អប់រំ យុវ​ជន និង​កីឡា បានដាក់​ឱ្យ​ដំណើរ​ការ​ដូចតទៅ៖ ១) សកម្មភាព​កីឡា ដែលមា​ន​ការប៉ះទង្គិច ឬ​ការប៉ះ​ពាល់​រវាង​រូបរាង​កាយ​តិចតួច​ រួមមាន លំ​ហាត់​ប្រាណ ​អត្តពល​កម្ម ការ​ហែល​ទឹក កីឡា​វាយ​សី។ អាហា​រដ្ឋា​ន​និង​សេវា​ផ្តល់​អាហារ​ដែល​អាច​គ្រប់​គ្រង​ពេលវេ​លា​ចូល​ទទួល​ទាន​អាហារ​របស់​សិស្ស​មិនឱ្យ​កុះករ​និង​រក្សា​គម្លាត​សុ​វត្ថិ​ភាព​។

រីឯ​បណ្ណា​ល័យ បន្ទប់​នេត្រា-សោត​ទស្សន៍ បន្ទប់​ពិសោធន៍ ដែល​ពុំ​ប្រើប្រាស់​ប្រព័ន្ធ​ត្រជាក់ ឬ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​រួមគ្នា (ដោយ​ត្រូវ​បើក​បង្អួច​ឱ្យបាន​ទូលាយ)។ សកម្ម​ភាព​សិល្បៈ ការ​រាំ ការប្រគំ​តន្ត្រី ការសម្តែង​កាយ​វិការ ដែលមាន​ការប៉ះ​ពាល់រ​វាង​រូបរាង កាយ​តិចតួច (ដោយ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​អនាម័​យ​លើ​ឧបករ​ណ៍​ដែល​ត្រូវ​ប្រើ​ប្រាស់​រួមគ្នា)។

ចំពោះ​សេវា​ដឹក​ជញ្ជូន​សិស្សត្រូ​វបន្ត​រក្សា​គម្លាត​សុវត្ថិ​ភាព (មិន​អនុញ្ញាតឱ្យ​អង្គុយ​ជាប់​គ្នា) ការបើក​ដំណើរកា​រ​សកម្មភាព និង​សេវាកម្ម​នានា​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការរៀន​និង​បង្រៀន​ជា​លក្ខណៈ​បណ្ដុះ​ដូច​រៀបរាប់​ខាងលើនឹងត្រូវ​អនុវត្ត​ស្រប​តាម គោលការណ៍​ប្រតិបត្តិ​ស្តងដា (SOP) ស្ដីពី​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័​យ សកម្មភាព​អប់រំ​កាយ និង​កីឡា សកម្មភា​ព​សិល្បៈ និង​សេវា​អាហា​រដ្ឋា​ន​នៅតាម​គ្រឹះ​ស្ថាន​សិក្សា​សាធារ​ណៈនិង​ឯកជនក្នុង​បរិបទ​ជំងឺ​កូ​វីដ ១៩ ចុះ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​ ២០២១​ និងគោល​ការណ៍​ណែនាំ​ដទៃ​ទៀត ដែល​មាន​ជា​ធរ​មាន​។

ក្រសួង​អប់រំ​បញ្ជាក់​ថា គ្រឹះស្ថាន​សិក្សា​ឯកជន ដែលមាន​បំណង​បើក​ដំណើរ​ការ​សកម្ម​ភាព​និង​សេវា​កម្ម​ខាងលើ​ត្រូ​វ​ឆ្លងកាត់​ការ​ពិភាក្សា​ជាមួយ​មាតា​បិតា និង​អ្នក​អាណា​ព្យា​បាល​សិស្ស​ជា​មុន​​៕