ក្រចេះៈ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តក្រចេះ​ បាន​សម្រេច​កាត់​ឆ្វៀល​ដី ផ្ទៃដី​ទំហំ ៧ ៥០៤,៩៧ ហិកតា ជូ​ន​ប្រជាពលរដ្ឋ​ តាម​រូបមន្ត​ស្បែក​ខ្លា​ សម្រាប់​ប្រជាពលរដ្ឋ​ដាំ​ដុះ​អាស្រ័យ​ផល​បន្ត​ ខណៈដែល​​ដី​ទំហំ ២ ៦៨៦,៨៦​ហិកតា នឹងធ្វើ​ការចុះបញ្ជី​ជា​ដីឯកជន​របស់​រដ្ឋ​វិញ ដើម្បីឱ្យ​ក្រុមហ៊ុន ស៊ី អេ​ច ភី ប៊ី ឌី​វេឡុ​ប​មេន បន្ត​វិនិយោគ។

លោក កៅ ម៉ា​ឌី​ឡែ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ ខេត្តក្រចេះ ថ្លែង​នៅ​ថ្ងៃទី ២ ធ្នូ​ថា ក្រុមហ៊ុន ស៊ី អេ​ច ភី ប៊ី ឌី​វេឡុ​ប​មេន បានទទួល​ដី​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ជាង ១ម៉ឺន​ហិកតា ស្ថិតក្នុង​ឃុំ​កំពង់ចាម ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ និង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា លទ្ធផល​ក្រុមការងារ​ចុះ​វាស់វែង សិក្សា​ផលប៉ះពាល់​លម្អិត​ លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នេះ ជា​លទ្ធផល​ ក្រុមការងារ​ចម្រុះ​ បានសម្រេច​កាត់​ឆ្វៀល​ដី ជូ​ន​ប្រជាពលរដ្ឋ តាម​រូបមន្ត​ស្បែក​ខ្លា​ លើ​ផ្ទៃដី​ទំហំ ៧ ៥០៤,៩៧ ហិកតា សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ ​និង​អាស្រ័យ​ផល​បន្ត។

ចំណែក​ដី​ទំហំ ២ ៦៨៦,៨៦ ហិកតា ដែល​មិនមាន​ពលរដ្ឋ​ដាំ​ដុះ ​នឹង​ចុះបញ្ជី​ជា​ដីឯកជន​របស់​រដ្ឋ ជូន​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​បន្ត។

លោក​ថ្លែងថា ៖«ដី​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ និង​អាស្រ័យ​ផល​ជាក់ស្តែង ​មាន​ដំណាំ មានការ​រស់នៅ​ គឺ​យើង​រក្សាទុក​ឱ្យ​គាត់​ប្រើប្រាស់​បន្ត ដី​ណា​ដែល​គាត់​អត់​បាន​ដាំ​ដុះ​ទេ​ យើង​យកមក​ចុះ​ប​ញ្ជី​​ជា​ដីឯកជន​របស់​រដ្ឋ​វិញ»។

លោក កៅ ម៉ា​ឌី​ឡែ​ន ​ប្រាប់ថា ក្រុមការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ នឹង​បង្កើត​ក្រុមការងារ​ចម្រុះ​មាន​ទាំង​ថ្នាក់ឃុំ ស្រុក និង​ខេត្ត ចុះ​ធ្វើ​ព្រំដី​ នៅ​ទីតាំង​ដី​នោះ​ ដើម្បី​កុំ​ឱ្យ​ភាគី​ខាង​ក្រុមហ៊ុន និង​ភាគី​ខាង​ប្រជាពលរដ្ឋ​ច្រឡំ​ព្រំប្រទល់រៀងៗខ្លួន។

លោក​ថ្លែងថា៖ «ពេលនេះ​ យើង​កំពុង​រៀបចំ​ឯកសារ​ឱ្យ​បាន​ពេញលេញ​ដើម្បី​យកទៅ​បិទ​ផ្សាយ​ជា​សាធារណៈ ចំពោះ​ដី​ដែល​យើង​បម្រុង​នឹង​ចុះបញ្ជី​ជា​ដីឯកជន​របស់​រដ្ឋ​ហ្នឹង។ ឥឡូវ​ហ្នឹង​ ឯកឧត្តម​អភិបាលខេត្ត ​កំពុង​ឱ្យ​ក្រុមការងារ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ ចុះទៅ​ជីក​ក្រវ៉ាត់​ព្រំ​ព័ទ្ធជុំវិញ​កុំ​ឱ្យ​ពេលដែល​ក្រុមហ៊ុន​ ចុះទៅ​ធ្វើ​ឬ​ពលរដ្ឋ​អត់​ដឹង​ព្រំ​ត្រឹមណា​ លោក​អាច​កាប់​ទន្ទ្រាន​ដី​រដ្ឋ​បន្តទៀត»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​អាដហុក ថ្លែង​នៅ​ថ្ងៃទី ២ ធ្នូ​ថា ការសម្រេច​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​របស់​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ បើសិនជា​មិនមាន​ការទាមទារ​តវ៉ា ជំទាស់ ឬ​ការមិន​ពេញចិត្ត​ណាមួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទេនោះ គឺជា​រឿង​ល្អ​ព្រោះ​បាន​ឆ្លើយតប​នូវ​អ្វីដែល​ពលរដ្ឋ​ចង់បាន​ពិតប្រាកដ។

ប៉ុន្តែ​បើ​ការសម្រេច​កាត់​ឆ្វៀល​ដី​នោះ ធ្វើ​ឱ្យ​មាន​ការមិន​ពេញចិត្ត ដោយ​ការដោះស្រាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែមាន​ការពិនិត្យ​មើល​ឡើងវិញ​ និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋឱ្យ​បាន​សមរម្យ។

លោក​ថ្លែងថា ៖«ចំណុច​ហ្នឹង ​បើ​អាចមាន​ការជួយ​សម្រួល​ នូវ​អ្វីដែល​ជាការ​ទាមទារ ​រ​បស់​ប្រជាពលរដ្ឋ គួ​តែមាន​ការពិនិត្យ ហើយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់» ។

លោក​បញ្ជាក់ថា ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល ​លោក​មិន​គាំទ្រ​ចំពោះ​ជនខិលខូច​ ដែល​ទន្ទ្រាន​យក​ដី​មក​ធ្វើ​ការលក់​យក​កម្រៃ​ហើយ​បែរជា​ទៅ​ទន្ទ្រាន​ទីតាំង​ផ្សេងទៀត​នោះទេ ព្រោះ​ជា​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ត្រូវការ​ដី​បង្កបង្កើនផល​សម្រាប់​ប្រកប​របរផ្សេងៗក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក​ថា ចំណុច​នេះ ​អាជ្ញាធរ​គួរ​ស​ង្កេ​ត​ពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ​កិច្ចសន្យាណែនាំ​ឱ្យ​ច្បាស់លាស់​ចំពោះ​ជនខិលខូច ដើម្បីឱ្យ​ឈប់​ធ្វើ​សកម្មភាព​បែប​នោះ​បន្តទៀត និង​ត្រូវប្រគល់​ដី​ជូន​ទៅដល់​អ្នក​ដែល​ត្រូវការ​ដី​ពិតប្រាកដ​ ឱ្យ​សម​ទៅនឹង​អ្វីដែល​ជាការ​ប្រើប្រាស់​សម្រាប់​សមាជិកគ្រួសារ​របស់​ពួកគាត់។ ចំណុច​មួយទៀត​គួរតែមាន​ការយកចិត្ត​ទុកដាក់​ ស​ង្គេ​ត​ពិនិត្យ​ផងដែរ ចំពោះ​ការចូល​កាន់​កាប់​និង​ប្រើប្រាស់​ដី​ទាំងនោះ។

លោក​បញ្ជាក់​ថា៖ «គួរតែមាន​ការចាត់ចែង​ឱ្យ​ច្បាស់​អំពី​ការចូល​គ្រប់គ្រង​ប្រើប្រាស់​ដី​ទាំង​អស់ហ្នឹង អ្នកខ្លះ បានតែ​ដី​ហើយ​អត់​ប្រើ ទុកចោល​ទៅ​វា​អត់​ធ្វើ​ឱ្យ​មាន​ភាព​រីកចម្រើន។ កន្លែង​ខ្លះ​ខ្ញុំ​ចង់​ទ​ទួ​ច​ដែរ​ដូច​រឿង​ខ្លះ ផ្តល់​ដី​​តំបន់​​ដែល​គ្មាន​ជីវជាតិ ផ្តល់​ដី​ហើយ​មិនបាន​យកចិត្តទុកដាក់​ជួយ​បណ្តុះបណ្តាល​គាត់​ក្នុងការ​ប្រើប្រាស់​ដី ការដាំដុះផ្សេងៗ ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ជីវភាព ការរក​ទីផ្សារ​អីផ្សេងៗ ក៏​ជា​ចំណុច​មួយ​ដែរ ដើម្បី​បញ្ជៀ​ស​កុំ​ឱ្យ​គាត់​វិលត្រឡប់​ទៅ​នៅក្នុង​ភាពក្រីក្រ​វិញ​បាន» ៕