ភ្នំពេញៈ កម្ពុជា ​និង​ឥណ្ឌូនេស៊ី ​ឯកភាព​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ការទូត ​រវាងប្រទេស​ទាំង ២​ និង​ប្រកាស​គាំទ្រគ្នា​ទៅវិញ​ទៅ​មក​ក្នុង​វេទិកា​ពហុភាគី​ក្នុង​ឆាក​អន្តរជាតិ​ ដើម្បី​រួមចំណែក​ដល់​ការលើក​កម្ពស់​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​នៅ​ក្នុង​តំបន់​ និង​ពិភពលោក។

ការបញ្ជាក់​ជំហរ​បែបនេះ​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ថ្ងៃទី ១ ​ធ្នូ ​នៅ​ទីស្តីការ​ក្រសួង​ការបរទេស ​រវាង​លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​និង​លោកស្រី​រ៉េតណូ អិល.ភី. ​ម៉ារស៊ូឌី ​(Retno L.P. Marsudi) ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ពី​ថ្ងៃទី ៣០ ​វិច្ឆិកា ​ដល់​ថ្ងៃទី ១ ​ធ្នូ ​ដើម្បី​លើក​កម្ពស់ ​និងធ្វើ​ឱ្យ​កាន់តែស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​ទ្វេភាគី ​និង​កិច្ចសហ​ប្រតិបត្តិការ ​រវាង​ប្រទេស​ទាំង ២។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ នា​ថ្ងៃទី ​២ ​ធ្នូ ​ថា​៖ «រដ្ឋមន្រ្តី​ការបរទេស​ទាំង២​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ស្តីពី​បញ្ហា​ផ្សេងៗ​ដែលជា​ចំណាប់​អារម្មណ៍​រួម ​និង​បញ្ជាក់​អំពី​ការគាំទ្រ​គ្នា ​ទៅវិញ​ទៅមក ​ក្នុង​វេទិកាព​ហុភាគី ​ជាពិសេស​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន ​(ASEAN) ​ដែល​រួមចំណែក​ដល់​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​នៅ​ក្នុង​តំបន់ ​និង​ពិភពលោក»។

លោក​ ប្រាក់ សុខុន ​បានរំឭក​អំពីការ​គាំទ្រ​របស់​ឥណ្ឌូនេស៊ី​ ចំពោះ​កម្ពុជា​ក្នុង​ការធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប ​លើក​ទី១៣ ​ដោយ​ជោគជ័យ ​និង​ការធ្វើ​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ២០២២។ លោកស្រី ​រ៉េតណូ អិល.ភី​. ម៉ារស៊ូឌី ​ក៏បាន​អរគុណ​ដល់​កម្ពុជា ​ចំពោះ​ការគាំទ្រ​ការធ្វើ​ជាប្រធាន​នៃ​កិច្ចប្រជុំ​ G-20 ​របស់​ឥណ្ឌូនេស៊ី ​នៅ​ឆ្នាំ២០២២​ ក្រោម​មូលបទ​ «ងើប​ឡើង​វិញ​ជាមួយ​គ្នា ​ងើប​ឡើង​វិញ​កាន់តែ​រឹង​មាំ»។

សេចក្តី​ប្រកាស​ព័ត៌​មាន​បញ្ជាក់ថា​៖ «រដ្ឋមន្រ្តី​ការបរទេស​ទាំង២ ​បានឯកភាព​ក្នុង​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ រវាង​ក្រសួង​ការបរទេស​ទាំង២ ​និង​រំពឹងថា ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-ឥណ្ឌូនេស៊ី ​លើក​ទី៥​ នឹង​ត្រូវ​រៀបចំ​ឡើង​នាពេល​ឆាប់ៗ​ខាង​មុខ​ នៅ​កម្ពុជា»។

ក្រសួង​ការបរទេស​ឱ្យដឹងថា ​លោកស្រី ​Retno L.P. Marsudi ​បានកោត​សរសើរ​កម្ពុជា​ចំពោះ​ការគ្រប់គ្រង​ជំងឺ​រាត​ត្បាត​កូវីដ១៩ ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ជោគជ័យ​ ខណៈ​កម្ពុជា​កំពុង​បើក​ឡើង​វិញ​ជាបណ្តើរៗ​នូវ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ព្រមទាំង​បានកោត​សរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏ឆាប់​រហ័ស​របស់​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ប្រភព​ដដែល​បន្តថា ​ទំនាក់​ទំនង​ទ្វេភាគី​ដ៏យូរ​អង្វែង ​រវាង​កម្ពុជា ​និង​ឥណ្ឌូនេស៊ី ​មាន​ការរីក​ចម្រើន​លើ​វិស័យ​នានា​ជាច្រើន​ រួមមាន ​វិស័យ​នយោបាយ ​ការពារ​ជាតិ ​និង​សន្តិសុខ ​ពាណិជ្ជកម្ម ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ​កសិកម្ម​ ហេដ្ឋា​រចនាសម្ព័ន្ធ​ វប្បធម៌ ​សុខាភិបាល ​ទេសចរណ៍ ​និង​ការតភ្ជាប់ ​ដោយ​ផ្អែកលើ​ស្មារតី​ នៃ​ការទុកចិត្ត​គ្នា​ យោគយល់​គ្នា ​និង​ដើម្បី​ជាផល​ប្រយោជន៍​ឱ្យគ្នា​ទៅវិញ​ទៅ​មក។

ប្រទេស​ឥណ្ឌូនេស៊ី​ ធ្លាប់​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​កងទ័ព​ ក៏ដូចជា ​វគ្គបណ្តុះ​បណ្តាល ​ដល់​កង​យោធ​ពលខេមរភូមិន្ទ ​និង​អង្គភាព​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក ​ប្រាក់ សុខុន ​បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១ ​ខែធ្នូថា ​កិច្ចប្រជុំ​ទ្វេភាគី ​រវាង​លោក​និង​លោកស្រី ​Retno L.P. Marsudi​ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ផ្លែផ្កា។ លោក​បង្ហាញ​ នូវ​ក្តីរំពឹង ​ដោយ​សុទិដ្ឋិ​និយម​ថា​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២​ នឹង​បន្ត​រីកចម្រើន​រហូត។

ក្នុង​ជំនួប​ជាមួយ​លោកស្រី​ Retno L.P. Marsudi ​កាលពី​ថ្ងៃ​ទី ៣០​ វិច្ឆិកា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កោត​សរសើរ​តួនាទី​ដ៏សកម្ម​របស់​ឥណ្ឌូនេស៊ី ​ក្នុង​វេទិកា​តំបន់ ​និង​អន្តរជាតិ​នានា។ ​លោក​បានថ្លែង​អំណរគុណ​ដល់​ប្រទេស​ឥណ្ឌូ​នេស៊ី​ ដែល​បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា។ លោក​លើកឡើងថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅកម្ពុជា​ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​បន្ថែម​ទៀត​ក្នុង​ទំនាក់​ទំនង ​រវាង​កម្ពុជា ​និង​ឥណ្ឌូនេស៊ី។

លោក​ ហ៊ុន សែន ​និង​លោកស្រី ​Retno L.P. Marsudi ​បានជជែក​គ្នា​អំពី​បញ្ហា​តំបន់ ​និង​អន្តរជាតិ​ក្នុង​ពេល​ថ្មីៗនេះ​ដែល​ជាកង្វល់​រួម ​ក្នុង​ការរួម​ចំណែក​ដល់​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព ​នៅ​ក្នុង​តំបន់ ​និង​ពិភពលោក។

លោក​​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ២ ​ខែធ្នូថា ​ឥណ្ឌូនេស៊ី​ គឺជា​ «បងធំ»​ មួយ​នៅ​ក្នុង​អាស៊ាន។ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់​ខ្ពស់​ឥណ្ឌូនេស៊ី​នៅ​ពេលនេះ ​គឺជា​ចំណែក​មួយ​នៃ​ការរឹត​បន្តឹង​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២។ ជាពិសេស​ក្នុង​កាលៈទេសៈ​ខាង​មុខ​ដែល​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូរវេន​ គឺ​ក្នុង​ឆ្នាំ ២០២២។

លោក​ថ្លែងថា​៖ «ក្នុង​នាម​ជាសមាជិក​ដែល​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហ្នឹង ​ខ្ញុំជឿថា ​ឥណ្ឌូនេ​ស៊ី​នឹង​ព្យាយាម​ Engage ​[ចូលរួម]​ ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ដើម្បី​ធានាបាន​នូវ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ច​ការងារ​អាស៊ាន​ដូច​អ្វី​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ​ចង់បាន ​ក៏ដូចជា​ចូលរួម​ចំណែក​នៅក្នុង​ការដោះស្រាយ​បញ្ហា​ទាំង​នៅ​ក្នុង​តំបន់ ​និង​បញ្ហា​មួយចំនួន​ទៀត​នៅ​ក្នុង​ពិភពលោក ​ដែល​មាន​ភាព​ពាក់ព័ន្ធ​គ្នា​ចាក់ស្រេះ​ដូច​ពេល​បច្ចុប្បន្ន​នេះ ​បាទ»៕