ព្រះសីហនុៈ ​លោក​ សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ថ្លែងថា​កម្ពុជា​ប្តេជ្ញា​ចំពោះ​គោល​ការណ៍​ផែនការ​ខៀវ (Blue Print) ប្រកបដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ ដែល​មាន​ប្រទេស​ជាង​សមាជិក​ PEMSEA​ ចំនួន ១១​ បានអនុម័ត​ផែនទី​បង្ហាញផ្លូវ​ដល់​ឆ្នាំ ២០៣០ ​ក្នុងការ​គាំទ្រ​ការ​ងើប​ឡើង​វិញ​នៃ​ភាព​បៃតង និង​ពង្រឹង​អភិបាល​កិច្ច​មហា​សមុទ្រ​នៅ​អាស៊ី​បូព៌ា​។

លោក សាយ ​សំ​អាល់ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​ ២ ខែ ធ្នូ ឆ្នាំ ២០២១ នៅ​ខេត្ត​ព្រះសីហនុ៖ ​«កម្ពុជា​ប្តេជ្ញា​ចំពោះ​គោល​ការណ៍​ផែន​ការ​ខៀវ (Blue Print) ប្រកប​ដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​កា​រអភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​របស់​យើង»​។

លោក​បាន​បន្ត​ថា៖ ​«ឥឡូវនេះយើង​បាន​ឈាន​ចូល​មកដល់​ទសវត្ស​រ៍​នៃ​វិទ្យា​សាស្ត្រ​មហា​សមុទ្រ និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូ​ស៊ី ដូច្នេះ​យើង​ត្រូវ​ចេះ​ច្បាម​ចាប់​យក​ឱកាស​ទាំងអស់ ​ដែល​មាននៅ​ចំពោះ​មុខ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រួម​ជាមួយ​នឹង​ទស្សន​វិស័យ​ SDS-SEA របស់​យើង»​។

លោក​ សាយ សំ​អាល់ បញ្ជាក់​ថា ប្រវត្តិ​សាស្ត្រ វប្បធម៌​សេដ្ឋ​កិច្ច និង​សុខភាព​ក្នុង​តំបន់ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សមុទ្រ​របស់​ទាំង​អស់គ្នា​។ ដោយ​ផ្អែកលើ​របាយ​ការណ៍​សេដ្ឋ​កិច្ច​ពណ៌​ខៀវ​របស់​ PEMSEA ជាមួយ​នឹង​ទិន្ន​ន័យ​មកពី​ប្រទេស​ចំនួន​ ១០​ សេដ្ឋកិច្ច​មហា​សមុទ្រ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​តម្លៃ​ប្រហែល ១,៤ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​បាន​បញ្ជា​ក់ថា៖ ​«ក្នុងនាម​ជា​មជ្ឈ​មណ្ឌល​នៃ​ជីវចម្រុះ​សមុទ្រ​ក្នុង​ពិភព​លោក និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​មមា​ញឹក​បំផុត តំបន់​របស់​យើង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សន្តិ​សុខ​ស្បៀង ការបង្កើត​ប្រាក់​ចំណូល ​ជីវភាព​រស់នៅ ការ​កម្សាន្ត ការ​ការពារ​ច្រាំង​សមុទ្រ និង​បទ​ប្បញ្ញត្តិ​អាកាស​ធាតុ ក្នុង​ចំណោម​ប្រជាជន​ដទៃ​ទៀត មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​នៅក្នុង​ពិភព​លោក​ទាំង​មូល​ផង​ដែរ​»។

លោក​បាន​លើក​ឡើង​ថា វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ នៃ​ភាព​ជា​ដៃគូ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នាពេល​នេះ កាន់​តែមាន​សារៈ​សំខាន់​ថែម​ទៀត​នៅពេល​ដែល​បាន​ដាក់​ផែនទី​បង្ហាញ​ផ្លូវ​រួមគ្នាដើម្បី​ជួយ​ឱ្យ​តំបន់​នេះ​ឆ្ពោះទៅ​ថ្ងៃ​អនា​គត​ដ៏​ល្អ​ប្រសើរ​មួយ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧គឺ​បាន​អនុម័ត​ផែនទី​បង្ហាញ​ផ្លូវ​ដល់​ឆ្នាំ​២០៣០​ក្នុងការ​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​ភាព​បៃ​តង និង​ពង្រឹង​អភិបាល​កិច្ច​មហា​សមុទ្រ​នៅ​អាស៊ី​បូព៌ា​។

តាម​សេចក្ដី​ប្រកាស​បាន​លើ​ឡើង​ថា នៅក្នុង​ប្រវត្តិ​សាស្ត្រ​ដំបូង​ រដ្ឋមន្ត្រីនិង​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិ​បាល​មកពី​១១ ​ប្រទេស​ក្នុង​តំបន់​សមុទ្រ​អាស៊ី​បូព៌ា បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​អំឡុង​ពេល​នៃ​វេទិកា​រដ្ឋមន្ត្រី​លើក​ទី៧ និង​អង្គ​មហា​សន្និបាត​សមុទ្រ​អាស៊ី​បូព៌ាឆ្នាំ២០២១ ដោយ​បាន​សន្យា​ប្តេជ្ញាចិត្ត​ក្នុងការ​ជំរុញ​តាម​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រកប​ដោយ​និរន្តរភាព​ គោល​ដៅ​អភិវឌ្ឍន៍ (SDGs) តាមរយៈ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សម្រាប់​សមុទ្រ​អាស៊ី​បូព៌ា តាម​ផែនទី​បង្ហាញផ្លូវ​ទៅកាន់​ឆ្នាំ​២០៣០​។

លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​ថ្លែងប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​វេទិកា​រដ្ឋមន្ត្រី​លើក​ទី៧នៃ​អង្គការ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា នៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ​នៅ​ខេត្ត​ព្រះ​សីហនុ ​នៅ​ថ្ងៃទី២​ ធ្នូ​ដែរ​ថា វេទិកា​រដ្ឋមន្ត្រី​លើក​ទី៧ ​មហា​សន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ២០២១​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះចាប់​តាំងពី​ថ្ងៃទី១-២ ខែធ្នូ​នេះ គឺ​ដំណើ​ការ​បាន​ដោយ​រលូន​ហើយ​លទ្ធផល​ដែល​ទទួល​បាន គឺ​ជាទី​មោ​ទនៈ​។

លោក​ថ្លែង​ថា៖​«នៅក្នុង​កិ​ចុ្ច​ប្រជុំ​នៃ​មហា​សន្និបាត​នេះ រាប់​ចាប់​តាំងពី​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៃ​បណ្ដា​ប្រទេស​នៃ​អង្គការ​ភាពជា​ដៃគូ​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​គឺមាន​ការចេញ​នូវ​សេចក្ដី​ប្រកាស​រួមហើយ​ក៏បាន​ពិនិត្យ​ទៅលើ​ផែនការ​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០៣០ ​នៅ​ក្នុង​ការ​គ្រប់​គ្រង និង​អភិរក្ស​តំបន់​ឆ្នេរ​របស់​ខ្លួន»​។

លោក​បា​នឱ្យដឹ​ងថា​ ចំពោះ​សន្និ​សីទ​អន្តរជាតិ​របស់​រដ្ឋមន្ដ្រី PEMSEA នៅ​ថ្ងៃទី២ ខែធ្នូ​នេះ គឺបាន​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត​ផែនការ​នា​ពេល​កន្លង​ទៅ ក្នុង​ចំណោម​នៃ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ PEMSEA ទាំង១១

ប្រទេស ​ពិនិត្យ​ទៅលើ​ការគ្រប់​គ្រង និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ឆ្នេរ​សមុទ្រ ពិនិត្យ​ទៅលើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ពិនិត្យ​ទៅលើ​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​ពាក់​ព័ន្ធ​ទៅលើ​ការ​បង្កើន​សមត្ថ​ភាព និង​បង្កើន​ប្រាក់​ចំណូល​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់​ថា​៖«ចំ​ពោះកិច្ចប្រជុំ​នៅ​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​ចាត់​ទុក​ថា​ជា​ភាព​ជោគជ័​យ​សំខាន់​មួយ​ទៀត​ គឺ​ប្រទេស​ទាំង​១១ ​ដែល​ជា​សមាជិក​នៃ​អង្គការ​ PEMSEA បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួមដែល​ហៅ​ថា សេចក្ដី​ថ្លែង​ការណ៍​នៃ​រដ្ឋមន្ដ្រី​នៃ​អង្គការ​PEMSEA គឺ​សេចក្ដី​ថ្លែង​ការ​ណ៍ទីក្រុង​ព្រះ​សីហនុ ដែល​សេចក្ដី​ថ្លែង​ការ​ណ៍នេះ​ បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមា​ជិក​នៅក្នុង​ការការពា​រនិង​អភិរក្ស​សមុទ្រ​ដែល​វា​ជា​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ​រាប់រយ​លាន​នាក់​នៅ​ក្នុង​តំបន់»​។

លោក​រំឭក​ថា ក្រសួង​បរិស្ថាន បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហា​សន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១​ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ នៃ​ភាព​ជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រអាស៊ី​បូព៌ា ​ក្រោម​ប្រធាន​បទ «បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាល​ភាព​សមុទ្រ ​មនុស្ស ​និង​សេដ្ឋ​កិច្ច» ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​២ ខែធ្នូ​ឆ្នាំ២០២១ ​នា​ខេត្ត​ព្រះ​សីហនុ​។

លោក​បាន​បញ្ជាក់​ថា គោល​បំណង​សំខាន់ៗនៃ​កា​ររៀប​ចំ​មហា​សន្និ​បាត​សមុទ្រ​រួមមាន​ ទី១ ចែក​រំលែក​មេរៀន​ជា​បទពិសោធ​ តាម​ដាន​វឌ្ឍនភាព​ការងារ​កន្លងមក ​និង​ពង្រីក​បន្ថែម​នូវ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ​ជាតិ និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ។ទី២ បង្កើត​និង​រៀបចំ​ឡើង​វិញ​នូវ​យន្ត​ការ​គ្រប់​គ្រង​ដែល​មាន​ស្រាប់ ​និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់​តាម​រយៈ​បច្ចេក​វិទ្យា នវានុវត្តន៍ កា​រវិនិ​យោគ និង​ហិរញ្ញ​ប្បទាន ដើម្បី​បន្ត​និរន្ត​រភាព​នៃ​បរិស្ថាន​តំបន់​ឆ្នេរ និង​សមុទ្រ និង​ទី៣ កំណត់​នូវ​ផែន​ទី​បង្ហាញ​ផ្លូវ​ដ៏​ច្បាស់​លាស់​មួយ ​សម្រាប់​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទសត្សរ៍​ខាង​មុខ ដោយ​អនុ​លោម​ទៅតាម​ផែនការ​១ទស​វត្សរ៍​របស់​អង្គការ​សហប្រជា​ជាតិនៃ​វិទ្យា​សាស្ត្រ​មហា​សមុទ្រ របៀបវារៈ​របស់​អង្គ​ការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ ​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុនិង​ក្របខ័ណ្ឌ​ជីវចម្រុះ​សកល​ក្រោយ​ឆ្នាំ២០២០ ព្រម​ទាំង​បណ្តា​ក្រប​ខ័ណ្ឌ​ពាក់​ព័ន្ធ​នានា​៕