កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្រុក​បន្ទាយស្រី​ដែលជា​ស្រុក​មួយ​នៃ​ខេត្តសៀមរាប​ពុំ​សូវ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​នោះទេ​។ ​ប៉ុន្តែ​ក្រោយពេល​អភិបាលស្រុក​វ័យក្មេង លោក​ ឃឹម ហ្វីណង់ ឡើង​កាន់តំណែង​កាលពី​ឆ្នាំ ​២០១៩ ​មក ស្រុក​នេះ​ត្រូវ​បាន​សាធារណជន​ទូទៅ​ចាប់​អារម្មណ៍​បន្តិច​ម្តងៗ​តាមរយៈ​ភាពលេច​ធ្លោ​នៃ​ការអភិវឌ្ឍ ដូចជា ការរៀបចំ​ដាក់​អំពូល​បំភ្លឺ​តាមផ្លូវ​សាធារណៈ ការរៀបចំ​រមណីយដ្ឋាន​​ទេសចរណ៍ ការទុក​ដាក់​សំរាម​ និង​ការលើកស្ទួយ​ជីវភាព​ពលរដ្ឋ​ជាដើម​។

នៅពេល​ឈាន​ជើង​ចូល​ទឹកដី​ស្រុក​បន្ទាយស្រី​គេ​នឹង​ឃើញ​ពន្លឺ​អំពូល​ភ្លើង​នៅតាម​ដងផ្លូវ​ដ៏ស្រស់​បំព្រង​នាពេល​រាត្រី​បង្ហាញ​ពី​សម្រស់​​ក្នុង​ភូមិ​ព្រះដាក់​ដែល​ជា​ភូមិ​គំរូ​មាន​ការរៀបចំ​តុបតែង​លម្អ​យ៉ាង​ស្រស់ស្អាត​នៅតាម​ដងផ្លូវ​។ ចំណែក​អ្នកភូមិ​វិញ ក៏​បាន​រៀបចំ​កន្លែង​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ និង​ម្ហូបអាហារ​ជាច្រើន​ប្រកប​ដោយ​អនាម័យ សណ្ដាប់ធ្នាប់ និង​ស្នាមញញឹម​រាក់ទាក់​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ផងដែរ​។

ជុំវិញ​ការអភិវឌ្ឍ​នេះ​លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់ថា ការបំពាក់​អំពូល​សូឡា​នៅតាម​ផ្លូវ និង​នៅតាម​ផ្ទះ​នីមួយៗ​ក្នុង​ភូមិ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ទេ ព្រោះ​នៅមាន​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​នៅ​ស្រុក​បន្ទាយស្រី​។

លោក​ថា​៖ «​កន្លងមក​ខ្ញុំ​មិនដែល​ចាត់ទុកថា​ជា​ស្នាដៃ​ទេ គ្រាន់តែ​ជា​ការរៃអង្គាស និង​ការកៀរគរ​គ្នា​ពី​វិស័យ​ឯកជន ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៅ​មូលដ្ឋាន​ ហើយ​គោលដៅ​ដំបូង​ដោយសារ​តែ​នៅ​ទីជនបទ​យប់​ឡើង​គឺ​ងងឹត មិន​សូវ​មាន​ភ្លើង​បំភ្លឺ​ពេល​រាត្រី​ជាពិសេស​ភ្លើង​បំភ្លឺ​នៅតាម​ផ្លូវ​សាធារណៈ​»​។

បើតាម​លោក ហ្វីណង់ មាន​បញ្ហា​សំខាន់ៗ​ចំនួន​ ២ ទី​ ១ ​គឺ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទី​ ២ ពាក់ព័ន្ធ​សុវត្ថិភាព​ក្នុង​ភូមិ​ឃុំ​។

ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​មាន​គោល​គំនិត​ថា ប្រសិន​បើ​នៅ​តាម​ផ្ទះ​នីមួយៗ​មាន​អំពូល​ ១ ​គ្រាប់​នៅមុខ​ផ្ទះ ហើយ​បើក​ឱ្យបាន​គ្រប់គ្នា​នោះ វា​ជួយ​ទាំង​សុវត្ថិភាព​ចរាចរណ៍​ផង ជួយ​ទាំង​សុវត្ថិភាព​ក្នុង​ភូមិ​ឃុំ​ផង ហើយ​ក៏បាន​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង​ដោយ​មាន​ការគាំទ្រ​ពី​សប្បុរសជន និង​អ្នកភូមិ​។

លោក​ថា គោលដៅ​ដ៏ធំ​របស់​លោក​គឺ​ការកាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព​ប្រជាជន​ ជាពិសេស​ចង់​ប្រែក្លាយ​ស្រុក​បន្ទាយស្រី​ឱ្យ​ទៅ​ជា​ក្រុង​ទេសចរណ៍​ទី​ ២ បន្ទាប់ពី​ក្រុង​សៀមរាប​។

លោក ឃឹម ហ្វីណង់ ដែលមាន​វ័យ​ ៣៨ ​ឆ្នាំ​មាន​ស្រុកកំណើត ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មាន​ឪពុក​ជា​មន្ត្រីរាជការ រីឯ​ម្តាយ​ជា​អាជីវករ​។ ​ដោយសារ​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធារ​លោក​​ ហ្វីណង់ មិនបាន​ជួប​បញ្ហា​លើ​ការសិក្សា​នោះទេ តែ​ថែមទាំង​បាន​​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ ​លោក​បាន​រៀន​ចប់​បរិញ្ញាបត្រ​ចំនួន​ ២ ​គឺ​បញ្ចប់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ (RULE) ​និង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាលា American University of Phnom Penh (AUPP)​។ ​បន្ថែម​ពីនេះ​លោក​ក៏បាន​បន្ត​យក​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សហរដ្ឋអាមេរិក និង​ធ្លាប់ជា​​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​អស់​រយៈពេល​ ១ ​ឆ្នាំ​​ផង​ដែរ​។

ដោយសារ​មាន​ចំណេះដឹង​ជ្រៅជ្រះ លោក ហ្វីណង់ បាន​ឆ្លងកាត់​បទពិសោធ​ជាច្រើន​ទាំង​ការងារ​ឯកជន និង​ការងារ​រដ្ឋ​។ ក្នុង​វិស័យ​ឯកជន​លោក​ធ្លាប់​បម្រើការ​ក្នុង​វិស័យ​ថ្នាំជក់ និង​វិស័យ​ទេសចរណ៍ ជាពិសេស​វិស័យ​បដិសណ្ឋារកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ខ្ញុំ​បញ្ចប់​មហាវិទ្យាល័យ​ភ្លាម​ខ្ញុំ​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ដែលជា​ក្រុមហ៊ុន​ថ្នាំជក់​អាមេរិចកាំង​ខ្ញុំ​បាន​ធ្វើជា​អ្នកគ្រប់គ្រង​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​នោះ ក្រោយមក​ធ្វើការ​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ទេសចរណ៍​»​។

ដោយឡែក​ចំពោះ​ការងារ​រដ្ឋ​វិញ លោក​បាន​ចាប់ផ្តើម​ពី​មន្ត្រី​ក្របខ័ណ្ឌ​ទាហាន​ ១ ​រូប​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​លោក​មិនសូវ​ស្រឡាញ់​កិច្ចការងារ​នេះ​លោក​បាន​ព្យួរការងារ​នេះ​មួយរយៈ​ហើយ​​ក្រោយមក​ទើប​ផ្ទេរ​ចូល​ក្របខ័ណ្ឌ​ផ្នែក​ស៊ីវិល​នៅ​ក្រសួង​មហាផ្ទៃ​វិញ​។

លោក​ថា​៖ «​ដោយសារ ខ្ញុំ​មាន​ឪពុក​ជា​មន្ត្រីរាជការ អតីត​មេទាហាន​ម្នាក់​ផង​នោះ​គឺ​ដំបូង​ឡើយ​ចាប់ផ្តើម​ពី​ក្របខ័ណ្ឌ​ជា​យុទ្ធជន​ម្នាក់​ក្នុង​កងយោធពល​ខេមរភូមិន្ទ ប៉ុន្តែ​ដោយសារតែ​ការងារ​នេះ ​ខ្ញុំ​គិតថា មិនសូវ​ជា​ស្រឡាញ់​ខ្ញុំ​ក៏បាន​ព្យួរការងារ​មួយរយៈ ក្រោយមក​ខ្ញុំ​ត្រូវបាន​ផ្ទេរ​ក្របខ័ណ្ឌ​ស៊ីវិល​មក​នៅ​ក្រសួង​មហាផ្ទៃ​វិញ​»​។ លោក​ថា ក្រោយមកទៀត​លោក​​ទទួល​បាន​ការតែងតាំង​ជា​នាយករង​រដ្ឋបាល​នៅ​ខេត្តសៀមរាប​ហើយក៏​បាន​កាន់​តួនាទី​នេះ​រយៈពេល​ ៥ ​ឆ្នាំ ទម្រាំ​ទទួល​បាន​ការតែងតាំង​មួយ​ជំហាន​ទៀត​ឱ្យធ្វើ​​ជា​គណៈ​អភិបាល​នៃ​អភិបាល​​ស្រុក​បន្ទាយស្រី​នាពេល​បច្ចុប្បន្ន​។

ដោយ​ផ្អែកលើ​បទពិសោធ​ការងារ​រដ្ឋ ការងារ​ឯកជន និង​មាន​បទពិសោធ​នៅក្រៅ​ប្រទេស​ផង​នោះ លោក ហ្វីណង់ ប្តេជ្ញា​ថា​នឹង​ខិតខំ​ប្រែក្លាយ​ស្រុក​បន្ទាយស្រី​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ និង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ក្នុង​ខេត្ត​សៀមរាប​។ យ៉ាងណា​ក្ដី​លោក​ថា បទពិសោធ​នៅ​ខាងក្រៅ​បាន​ផ្តល់ឱ្យ​យើង​នូវ​ភាពច្នៃប្រឌិត​មួយចំនួន ប៉ុន្តែ​ពិបាក​យក​មក​អនុវត្ត​នៅក្នុង​ស្រុក​ដោយផ្ទាល់​ ប្រសិនបើ​យើង​មិន​ស្គាល់​ពី​កាលៈទេសៈ ស្ថានភាព​នៅ​ស្រុក​យើង និង​ស្រុក​គេ​ទេ​នោះ​។

លោក​បាន​បន្ថែមថា​៖ «​ការងារ​របស់ខ្ញុំ​ដែល​ធំ​បំផុត​គឺ​ការងារ​អភិវឌ្ឍន៍​ស្រុក​បន្ទាយស្រី​ដែល​ជា​គោលដៅ​ដ៏ធំ​គឺ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និយាយ​ឱ្យ​ខ្លី ខ្ញុំ​ចង់​កាត់បន្ថយ​ភាពក្រីក្រ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ នេះហើយ​បាន​យើង​ហៅថា ជា​ការរីកចម្រើន​​ពិតប្រាកដ​»​។

លោក​ថា តាមពិតទៅ​ការអភិវឌ្ឍ​ក្នុងស្រុក​ទាមទារ​នូវ​ការយក​ចិត្ត​ទុកដាក់​លក្ខណៈ​ពហុវិស័យ​មិនអាច​មើល​តែមួយ​ជ្រុង​ណាមួយ​ទេ ឧទាហរណ៍ មិនមែន​មើល​តែ​ការងារ​បរិស្ថាន ឬ​ការដាក់​​អំពូល​បំភ្លឺ​ផ្លូវ​តាម​សាធារណៈ​នោះទេ​។ ​ក៏ប៉ុន្តែ​ត្រូវ​ពិនិត្យពិច័យ​មើល​ជា​លក្ខណៈ​សកល ពោល​​គឺ​មើល​ពី​តម្រូវការ​ចាំបាច់​របស់​ស្រុក ពី​សក្តានុពល​របស់​ស្រុកពី​ចក្ខុវិស័យ​យូរអង្វែង​របស់​ស្រុក ហើយ​សក្ដានុពល​ធំជាងគេ​របស់​ស្រុក​បន្ទាយស្រី​ដែល​លោក​មើលឃើញ​គឺ​វិស័យ​ទេសចរណ៍​។

លោក​បាន​បន្តថា​៖ «​និយាយ​ដូច្នេះ មិន​បានន័យថា បន្ទាយស្រី​ប្រជាពលរដ្ឋ​ពឹង​តែ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​ទេ​គឺ​ត្រូវ​ពឹង​ទាំង​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​ដែរ​។ ​ប៉ុន្តែ​ខ្ញុំ​គិតថា ប្រសិន​បើ​បន្ត​រុញច្រាន​ផ្នែក​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា កន្លែង​ណា​ក៏​ប្រជាពលរដ្ឋ​ជា​កសិករ​ដែរ​​ហើយ​កសិកម្ម​មិនមែន​ជា​ចំណុច​ពិសេស​របស់​បន្ទាយស្រី​ទេ ដោយសារ​យើង​មិនមែន​ស្ថិត​ក្នុង​តំបន់​មួយ​ជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​កសិកម្ម​»​។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ស្រុក​បន្ទាយស្រី​ជា​តំបន់ភ្នំ​មិនមាន​ដី​ទំនាប​ច្រើន ខ្វះខាត​ទឹក ទីតាំង​ភូមិសាស្ត្រ​នៅ​ឆ្ងាយ​ពី​ព្រំប្រទល់ និង​តំបន់​នាំចេញ និង​មិនមាន​ផ្ទៃដី​ធំ​ទូលាយ ហើយ​ប្រហែល​ជា​ថ្លៃ​ដឹកជញ្ជូន​ថ្លៃ​ជាង​ថាមពល​​ដែល​មិនអាច​អនុញ្ញាត​ឱ្យ​ធ្វើ​កសិឧស្សាហកម្ម​មាន​ផលវិជ្ជមាន​ច្រើន​ទេ​។ ​រីឯ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​កសិកម្ម​កន្លងមក​គឺ​ធ្វើ​ស្រូវ​ជង្រុក ដើម្បី​ហូប​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដោយ​មិន​រំពឹង​នាំចេញ​ទេ ដូច្នេះ​បើ​រំពឹងថា​អាច​អភិវឌ្ឍ​ក្នុង​ស្រុក​តាមរយៈ​កសិកម្ម​នោះ​គឺជា​ការរំពឹង​ហួសហេតុ​ពេក​ហើយ​។

លោក ហ្វីណង់ បាន​បញ្ជាក់ថា ប៉ុន្តែ​អ្វី​ដែលជា​សក្តានុពល​សំខាន់​មិនមែន​ត្រឹមតែ​ពេលបច្ចុប្បន្ន​ទេ តែ​ទាំង​ពេលអនាគត ហើយ​អាច​ក្លាយជា​ចំណុច​កណ្តាល​ដែល​ធ្វើការ​សម្របសម្រួល​នូវ​រាល់​ធនធាន​ទាំងអស់ បូកផ្សំ​នឹង​ធនធាន​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​នោះ​​គឺ​វិស័យ​ទេសចរណ៍​។ ​«​បើ​យើង​គិតថា យក​វិស័យ​ទេសចរណ៍​មក​ដាក់​នៅ​កណ្តាល ហើយ​យើង​សម្រប​ឱ្យ​អ្វី​គ្រប់បែបយ៉ាង​រត់តាម​គន្លង​នៃ​អាទិភាព​វិស័យ​ទេសចរណ៍​វិញ​យើង​ប្រហែលជា​ទទួលផល​បាន​ច្រើនជាង​ពី​ការអភិវឌ្ឍ​ក្នុង​ស្រុក​បន្ទាយស្រី​»​។

លោក​បាន​បន្ថែមថា ដើម្បីឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ទាមទារ​ឱ្យមាន​បរិស្ថាន​ស្អាត ដោយលោក​បាន​ពន្យល់ថា ហេតុអី​បាន​ជា​បន្ទាយស្រី​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​បរិស្ថាន​? ​ពីព្រោះ​អ្នកទេសចរ​មិនអាច​មក​លេង​ក្នុងស្រុក​ដែល​គគ្រិច​សុទ្ធតែ​សំរាម​ ឬ​ថង់​ប្លាស្ទិក​បានទេ គឺ​គាត់​ចង់បាន​កន្លែង​ស្អាត ទោះបីជា​តំបន់​ជនបទ ប៉ុន្តែ​ស្អាត​បែប​អ្នក​ជនបទ​។ ​ដើម្បី​ផ្តល់​ភាពទាក់ទាញ ចំណុច​នេះ​មានការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​បរិស្ថាន ការរស់នៅ​ស្អាត និង​ការគ្រប់គ្រង​សំរាម​បានល្អ​។

លោក ហ្វីណង់ បានបញ្ជាក់​​បន្ថែមថា ដូច្នេះ ការជំរុញ​លើ​ផ្នែក​ទេសចរណ៍ និង​កសិទេសចរណ៍​ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​ប្រែក្លាយ​ស្រុក​បន្ទាយស្រី​ឱ្យមាន​សក្តានុពល និង​មាន​ឧត្តមភាព​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ស្រុក​ដទៃ​។ «​ដូច្នេះ​យើង​ងាក​មក​ធ្វើ​ជា​កសិទេសចរណ៍ ដោយសារ​តែ​ក្រុង​សៀមរាប​នៅ​ជាប់​នឹង​កាំជណ្តើរ​ស្រុក​បន្ទាយស្រី​តែម្តង ដូច្នេះ​បើ​យើង​ធ្វើ​វា​បានល្អ យើង​អាច​ផ្គត់ផ្គង់​តម្រូវការ​នៃ​ទីផ្សារ​កសិកម្ម ព្រោះ​បន្លែ​ផ្លែឈើ​នៅ​ក្រុង​សៀមរាប​ភាគច្រើន​នាំចូល​មកពី​ខេត្ត​ដទៃ​ ឬ​ប្រទេស​ដទៃ​»​។

លោក​ចង់ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី​ធ្វើ​កសិកម្ម​មួយបែបៗ​ ដើម្បី​អនុញ្ញាត​ឱ្យ​ទេស​ចរមក​ដើរលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន ចម្ការ​របស់​គាត់ ដោយ​លោក​គិតថា កសិកម្ម និង​ទេសចរណ៍ មិនចាំបាច់​រើសយក​មួយ​ទេ យើង​អាចបង្កើត​វា​ដើរ​ក្នុងទិសដៅ​តែមួយ​សម្រេចបាន​គោលដៅ​រួម​ពាក់ព័ន្ធ​ជំរុញ​វិស័យ​ទេសចរណ៍ ហើយ​ការងារ​កសិទេសចរណ៍​នេះ​ងាយស្រួល​ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​កសិករ​ស្រេច អ៊ីចឹង​យើង​បត់បែន​តែ​បន្តិច​មក​យើង​អាចធ្វើ​បាន​។ មួយទៀត​ការងារ​កសិកម្ម​ដែល​ត្រូវ​នឹង​ទេសចរណ៍​គឺ​ចង់​ជំរុញ​កសិកម្ម​ប្រភេទ​ណា​ដែល​លក់បាន​ថ្លៃ​ដូចជា​ការដាំ​ត្រសក់ផ្អែម ឪឡឹក​លឿង​ ឬ​ដំណាំ​ដែល​ឆ្លើយតប​តម្រូវការ​ជាដើម​។

លោក​បន្ថែមថា ក្រៅពី​ការងារ​ទាំងនោះ ការផ្តល់សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​គឺជា​កត្តា​សំខាន់​មួយទៀត ដែល​លោក​កំពុង​យកចិត្ត​ទុកដាក់​ផងដែរ ដូចជា ការដោះស្រាយ​នូវ​ទំនាស់​ដីធ្លី ការពង្រឹង​នូវ​សេវាសាធារណៈ ព្រោះថា ប្រជាពលរដ្ឋ​ត្រូវការ​រស់នៅក្នុង​តំបន់​មួយ​ដែល​ទទួលបាន​ភាពកក់ក្តៅ ដោយ​មាន​អារម្មណ៍​ថា អាជ្ញាធរ​បម្រើ​ពួកគាត់​។

លោក​ថ្លែងថា​៖ «​ទាំងអស់នេះ បើ​យើង​ធ្វើ​បាន​ល្អ ទើប​ជា​ស្នាដៃ​ពិតប្រាកដ សមិទ្ធផល​ពិតប្រាកដ​របស់​ស្រុក​។ ទន្ទឹមនឹងនោះ ក៏មាន​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​យើង​ចាប់យក​វិស័យ​ទេសចរណ៍​ជា​គោល​សូម្បីតែ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ជា​តម្រូវការ ហើយ​យើង​ផ្តល់​អាទិភាព​ដល់​តំបន់​ដែលមាន​ភ្ញៀវទេសចរ​ទៅមុន​ដែរ យើង​មិនគួរ​វិនិយោគ​តំបន់​ដែល​មិនមាន​ភ្ញៀវទេសចរ​ទៅដល់​ទេ​ដោយសារ​ធនធាន​យើង​នៅមានកម្រិត​»​។

លោក ហ្វីណង់ បាន​បន្ថែមថា មួយ​ជំហាន​ទៀត​គឺ​ការកៀរគរ​អ្នកវិនិយោគ​មក​ស្រុក​បន្ទាយស្រី​តាមរយៈ​ការផ្សព្វផ្សាយ​ច្រើន​ពី​សក្តានុពល​ស្រុក​មាន​តំបន់​ទេសចរណ៍​ដោយ​លោក​មាន​ជំនឿ​ថា គោលដៅ​ចុងក្រោយ​គឺ​ចង់ឱ្យ​អ្នកវិនិយោគ​ចូល​​មក​ស្រុក​បន្ទាយស្រី ពីព្រោះ​មាន​តែ​អ្នកវិនិយោគ​ទេ ដែល​អាចបង្កើត​ការងារ​និង​មុខរបរ ទើប​អាចមាន​ប្រាក់ចំណូល​ដល់​សហគមន៍​។

លោក​បញ្ជាក់ទៀត​ថា​៖ «​ក្រៅពីនេះ ស្រុក​បន្ទាយស្រី​ក៏​មាន​ការជំរុញ​បង្កើត​ឱ្យ​មាន Master Plan ផងដែរ ដោយ​យើង​ត្រូវការ​ជា​ជំនួយ​បច្ចេកទេស​ច្រើន ព្រោះ​ការបង្កើត​ Master Plan វា​មាន​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់​ត្រូវមាន​ចំណេះដឹង បច្ចេកទេស ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់ ព្រោះ​បើសិនជា​យើង​មិនមាន​ផែនទី​ដើម្បី​គូសវាស​ផ្លូវ​ដើរ​របស់​យើង​ទេ នោះ​ការអភិវឌ្ឍ​អាច​ច្របូកច្របល់​អាច​បាត់​នូវ​អត្តសញ្ញាណ បាត់នូវ​ចំណុច​ពិសេស​របស់​ស្រុក​»​។

ស្រុក​បន្ទាយស្រី​មាន​ផ្ទៃដី​ប្រហែល​ ៦០០ ​គីឡូម៉ែត្រ​ការ៉េ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ ៥ ​ម៉ឺន​នាក់​ និង​មាន​ ៣៦ ​ភូមិ ដោយ​ចែកចេញ​ជា ៦ ​ឃុំ ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​គឺជា​កសិករ​។ ក៏ប៉ុន្តែ​លោក ហ្វីណង់ ឱ្យដឹងថា ឥឡូវនេះ​ប្រជាពលរដ្ឋ​បាន​ផ្លាស់ប្តូរ​ទម្លាប់​ច្រើន​ដោយ​កំពុង​បត់បែន​មកជា​កសិទេសចរណ៍ និង​មួយចំនួន​ទៀត​ងាក​មក​វិស័យ​ទេសចរណ៍​។

លោក ឃឹម ហ្វីណង់ បានឱ្យដឹង​ទៀតថា នៅ​ស្រុក​បន្ទាយស្រី​មាន​ចំណុច​ពិសេស​ច្រើន​ពាកព័ន្ធ​ទេសចរណ៍វប្បធម៌ ដោយ​ក្នុងនោះ​មាន​ប្រាសាទ​ ២​ ​សំខាន់ៗ​គឺ​ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទបន្ទាយសំរែ​ដែលជា​ប្រាសាទ​សុទ្ធ​តែមាន​ក្បាច់រចនា​ស្អាតៗ​។

ទន្ទឹម​នោះ​មាន​តំបន់​ពិសេស​ផ្សេងទៀត​ដូចជា ភ្នំ​គូលែន​ជា​តំបន់​ទេសចរណ៍​បែប​វប្បធម៌​សម្បូរបែប​រង្វង់​មូល​បរិមណ្ឌល​បន្ទាយស្រី​ និង​តំបន់​ទេសចរណ៍​បែប​សហគមន៍​ជាច្រើន​ទៀត ដែល​កំពុង​ស្រូប​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​។

ក្នុងនាម​ជា​អភិបាលស្រុក​បន្ទាយស្រី​ដែល​ត្រូវ​បាន​ប្រកាស​ចូលកាន់​តំណែង​នេះ​កាលពី​ខែតុលា ឆ្នាំ​ ២០១៩ លោក ឃឹម ហ្វីណង់ មាន​ចក្ខុវិស័យ​ចង់ឃើញ​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក មាន​ការងារ​ធ្វើ​មាន​ប្រាក់ចំណូល​សមរម្យ និង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏សំខាន់​មួយ​ក្នុង​ខេត្តសៀមរាប​។

លោក​ថា​៖ «​មែនទែន​ទៅ​យើង​ចង់ឱ្យ​ស្រុក​បន្ទាយស្រី​ក្លាយជា​ទីក្រុង​ទី​ ២ ​ក្នុង​ខេត្តសៀមរាប​ ប៉ុន្តែ​នៅ​រក្សា​អត្តសញ្ញាណ​របស់ខ្លួន​ច្បាស់លាស់ យើង​មិនទាន់​ចង់ឱ្យ​ក្លាយជា​ទីក្រុង​ទំនើប​ទេ​យើង​ចង់ឱ្យ​ក្លាយជា​ទីក្រុង​បែប​បន្ទាយស្រី ដែល​អ្នកទីក្រុង​នៅ​ភ្នំពេញ អ្នកទីក្រុង​នៅ​សៀមរាប​អាច​មក​កម្សាន្ត​ជាមួយ​ទេសភាព​ដ៏ស្រស់ត្រកាល​»៕