ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ដែល​ជា​​កូនប្រុស​ច្បង​របស់​លោក និង​បច្ចុប្បន្ន​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​រូបលោក ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត ដែល​ការប្រកាស​នេះ​ធ្វើឡើង​ចំពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៣ ទិវា​កំណើត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២១​។

ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៧ ​ខ្សែ និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​ ១ និង​ទី​ ២ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ២ ធ្នូ ដែល​លោក​ថា ជា​ការឆ្លើយតប​ទៅនឹង​ក្រុមអ្នកវិភាគ និង​អ្នកប្រឆាំង​មួយចំនួន​ដែល​លើក​ឡើងជា​ដដែលៗ​ថា លោក​នឹង​រៀបចំ​ដាក់​កូនប្រុស​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​។

លោក​ ហ៊ុន សែន លើកឡើង​ថា លោក​បណ្តុះបណ្តាល​កូន​មិនមែន​ឱ្យ​ធ្វើ​ជា​មេចោរ​នោះ ទេ​។ លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្សេង​ទៀត ដែល​លោក​ជា​ឪពុក​បាន​គាំទ្រ ដោយ​កុំឱ្យ​អ្នកវិភាគ និង​អ្នកប្រឆាំង​មួយចំនួន​ពិបាក​ក្នុង​ការធ្វើការ​វិភាគ និង​បរិយាយ​ច្រើនពេក​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​អ៊ីចឹង ប្រាប់​ហែ្អង​ឱ្យ​ត្រង់ អញ​គាំទ្រ​កូន​អញ​ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ព្រោះ​ហ្អែង​វិភាគ វា​យ៉ាប់​ពេក​។ ខ្ញុំ​សុំ​ប្រកាស​ថ្ងៃនេះ​តែម្តង ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ ២ ​ធ្នូ ថ្ងៃ​ខ្ញុំ​ចាប់ផ្តើម និង​ជា​ស្ថាបនិក​កងប្រដាប់អាវុធ មិនមែន​មេទ័ព​ទេ ប៉ុន្តែ​ជា​ស្ថាបនិក​កងទ័ព និង​កាន់​ទ័ព​»​។ លោក​បន្តថា​៖ «​នៅ​ថ្ងៃ​ ២ ធ្នូ​នេះ​ជា​ថ្ងៃ​ខ្ញុំ​ចូលរួម​ក្បាលម៉ាស៊ីន អង្គការ​ចាត់តាំង នយោបាយ​ទទួលបន្ទុក​កិច្ចការ បរទេស និង​ជា​ប្រធាន​យុវជន និង​អង្គការ​មហាជន​ដទៃទៀត​។ រឿង​អី​កូន​អ្នកដទៃ​ធ្វើបាន កូន ហ៊ុន សែន ធ្វើ​មិន​បាន ប្រកាស​ឱ្យ​ច្បាស់ កុំ​ឱ្យ​វា​ពិបាក​វិភាគ​»​។

លោក សេង សារី អ្នកវិភាគ​ពី​បញ្ហា​សង្គម និង​នយោបាយ​យល់ឃើញ​ថា ចំពោះ​ការប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ពី​លោក ហ៊ុន សែន នេះ វា​ជា​រឿង​ល្អ​មួយ​សម្រាប់​អ្នកតស៊ូ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​អ្នក​ដែលមាន​និន្នាការ​ទៅ​ដណ្តើម​អំណាច​ពី​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​។

លោក​បន្តថា ជាមួយ​គ្នា​នេះ វា​កាន់តែ​ល្អ​បន្ថែម​ទៀត ដោយ​ដឹងថា បន្ទាប់ពី​លោក ហ៊ុន សែន តើ​នរណា​ជា​អ្នក​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​ងាយស្រួល​ដល់​អ្នក​នយោបាយ​កម្ពុជា ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​បេក្ខជន​ថ្មី​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​យើង​ដឹង​ច្បាស់​អ៊ីចឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត ជា​អ្នក​បន្តវេន​យើង​ដឹង​ច្បាស់​ហើយ​ថា បុគ្គលិកលក្ខណៈ​បន្ត​វេន​នឹង​យ៉ាងម៉េច រៀន​ដល់​កម្រិតណា​មាន​ទេពកោសល្យ​ដឹកនាំ​យ៉ាងម៉េច ដើម្បី​ងាយស្រួល​ដល់​អ្នកនយោបាយ​ត្រៀម​បេក្ខជន​របស់​ខ្លួន​ជា​អ្នក​បន្តវេន​ឱ្យ​ស័ក្តិសម​ជាមួយ​នឹង​គូប្រកួត​ប្រជែង​ដូច​ឯកឧត្តម​ ហ៊ុន ម៉ាណែត​»​។

បើតាម​លោក សេង សារី ចំពោះ​ការប្រកាស​ការគាំទ្រ​នេះ មិនមែន​លោក ហ៊ុន ម៉ាណែត ក្លាយជា​នាយករដ្ឋមន្ត្រី​នោះទេ​គឺ​ត្រូវ​ឆ្លងកាត់​សង្វៀន​ការបោះឆ្នោត ឬក៏​ឆ្លងកាត់​ការបោះឆ្នោត ដែល​វា​ជា​សង្វៀន​មួយ ដែល​បង្ហាញ​ពី​របៀបរបប​ប្រកួតប្រជែង​មួយ​តាមបែប​ប្រជាធិបតេយ្យ ដែល​គេ​ត្រូវ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​។ លោក​ថ្លែងថា​៖ «​កន្លងមក បើ​មើលទៅ​ប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្រ បាន​បង្រៀន យើង​ហើយ​ខ្លះ​ដែរ​ថា រាល់​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ម្តងៗ តែងតែ​បង្កើត​ប្រដាប់អាវុធ​។ ប៉ុន្តែ​លើក​នេះ​សង្ឃឹមថា ប្រវត្តិសាស្ត្រ មិន​ច្រំដែល និង​ការបោះឆ្នោត​ជា​ការបោះឆ្នោត​ដែល​គ្រប់ភាគី ដែល​ត្រៀម​នឹង​ចូលរួម​ការបោះឆ្នោត​ទទួល​យក​បាន​»​។

លោក​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០២១ ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហាសាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជម្នះ លើ​របប​នេះ​នៅ​ថ្ងៃទី​ ៧ មករា ឆ្នាំ ១៩៧៩​។ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រណសិរ្ស ប្រជាជន​គ្រប់​ទិស​ទី​បាន​ក្រោកឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាងធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក​ ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏ត្រចះត្រចង់​នា​ថ្ងៃ ៧ មករា ឆ្នាំ​ ១៩៧៩​។

ចំណែក​លោក ហេង សំរិន ប្រធានរដ្ឋសភា​ក៏​បាន​ថ្លែង​ដែរ​ថា មាន​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ទើប​មាន​ថ្ងៃនេះ​។ មហា​ជ័យជម្នះ ៧ មករា​ ១៩៧៩ បាន​បពា្ចប់​នូវ​សម័យកាល​ដ៏ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ដែល​ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព​ និង​ឱកាស​ដើម្បី​ស្ដារ កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​។ លោក​ថា​៖ «​ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ ​ធ្នូ​ និង​ជ័យជម្នះ​ ៧ ​មករា​ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្ដិសាស្ដ្រ​»​។

លោក ហ៊ុន ម៉ានី ប្រធានសភា​សហព័ន្ធ​យុវជន​កម្ពុជា​ថ្លែង​ថា ថ្ងៃ​ ២ ​ធ្នូ ជា​ថ្ងៃកំណើត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ប្រែក្លាយ​ពី​សមាគមយុវជន​កម្ពុជា និង​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បាន​ចាប់បដិសន្ធិ​ក្នុង​ថ្ងៃ​ ២ ធ្នូ ឆ្នាំ​ ១៩៧៨​។ លោក​ថា​ស្មារតី​នៃ​ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ ត្រៀមខ្លួន​បូជាជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ដែល​បាន​ឆ្លុះបញ្ចាំង​ក្នុង​ថ្ងៃ​ ២ ​ធ្នូ កាលពី​ ៤៣ ​ឆ្នាំមុន បាន​ដក់​ជាប់​ក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ជា​យុវជន​ជំនាន់​ក្រោយ​។ លោក​ថា​៖ «​ខ្ញុំ​សូម​ឧទ្ទិស​ទិវា​នេះ​ជូន​ដល់​អតីត​យុវជន​ទាំងអស់​ដែល​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ ដើម្បី​កសាងបាន​នូវ​សុខសន្តិភាព និង​ភាពសម្បូរ​រុងរឿង ដែល​ពួកយើង​កំពុង​មាន​សព្វថ្ងៃ​។ បើ​គ្មាន​ស្មារតី និង​ឆន្ទៈ​ប្តូរផ្តាច់​មោះមុត​នោះទេ យើង​ក៏​មិនអាច​មាន​ថ្ងៃ​នេះដែរ​»៕

វីដេអូ៖