កំពង់ធំៈ សាលាដំបូង​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​ ២ ខែធ្នូ បានប្រកាស​ឱ្យដឹងពី​ចំណាត់ការ ចំពោះ​សំណុំរឿង​រំលោភ​កាន់កាប់​ដីព្រៃ​លិចទឹក​នៅ​បឹង​ទន្លេសាប​ចំនួន ៣៣ ​សំណុំរឿង ដែល​សាលាដំបូង​ចាត់ការ​បាន ១៩ ​សំណុំរឿង​លើ​ផ្ទៃដី​សរុប ៩២៦,៦៦៤ ​ហិកតា​ ដែលមាន​ជនល្មើស​ចំនួន​ ៣០ ​នាក់ ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ (​ក្រៅ​ឃុំ​)​។

កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ធំ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំនួន ៤០ ​ករណី ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ទន្ទ្រាន​ឈូសឆាយ​ដី​ព្រៃ​លិចទឹក និង​កាន់កាប់​ដី​ខុសច្បាប់ ដែលមាន​ផ្ទៃដី​ចំនួន​ជាង ៣ ៥៦៦ ហិកតា​។ ពាក្យបណ្តឹង​ទាំងនេះ គឺ​បានដាក់​ជា​បន្តបន្ទាប់ ចាប់តាំងពី​បទល្មើស​នេះ​បាន​កើតមានឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ​ ២០២១ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​ ៤ មាន​ក្រុង​ស្ទឹងសែន​មាន ៣ ​ករណី ស្រុក​បារាយណ៍​មាន​ចំនួន ២ ​ករណី ស្រុក​ស្ទោង​មាន ៦ ករណី និង​ស្រុក​កំពង់ស្វាយ មាន ១៩ ករណី ដែល​ក្នុង​ករណី​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ១ ​ករណី​។

អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​ឱ្យដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​ ១ ធ្នូ​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​ព្រះរាជអាជ្ញា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​ ២០១៩ ​មក​។ សំណុំរឿង​នេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ធ្វើការ​ជំនុំ​ជម្រះក្តី និង​ប្រកាស​សាលក្រម​សម្រេចសេចក្ដី​រួចរាល់​ហើយ​។

អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បន្ត​ថា ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​កាប់​រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក គិត​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២១ គឺ​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ទទួល​សំណុំរឿង​ពី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ចំនួន ៤៧ ​សំណុំរឿង ដោយ​ក្នុងនោះ មាន​សំណុំរឿង​អញ្ញាតជន (​ជន​មិន​ស្គាល់​អត្តសញ្ញាណ​) ២៥ សំណុំរឿង​។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថាប័ន​នេះ​បញ្ជាក់ថា​៖ «​ក្នុងនោះ មាន​សំណុំរឿង​អញ្ញាតជន​ចំនួន​ ២៥ ​រឿង មិនមែន​ត្រឹម​ចំនួន ៤០ ​រឿង ដូច​ការលើកឡើង​នោះទេ ហើយ​សំណុំរឿង​ទាំង​ ៤៨ ​រឿងនេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ចាត់ការ​រួចរាល់​ចំនួន ៣៣ ​រឿង​»​។

ជុំវិញ​បញ្ហា​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ក៏​ស្នើសុំ​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ខេត្តកំពង់ធំ ខិតខំ​ស្រាវជ្រាវ និង​ស្វែងរក​ឱ្យឃើញ​នូវ​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត ដើម្បី​ចាត់ការ​សំណុំរឿង​បន្ត​ផងដែរ​។

តុលាការ​បន្តថា​៖ «​សំណុំ​រឿង​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ខាងលើ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ បាន​បញ្ជូនមក ភាគច្រើន​ជា​សំណុំរឿង​អញ្ញាតជន​ (​មានតែ​សំណុំរឿង និង​វត្ថុតាង​មួយចំនួន​ប៉ុណ្ណោះ​) ដោយ​ពុំបាន​ចាប់ខ្លួន​ ឬ​ឃាត់ខ្លួន​ជនល្មើស ឬ​ជនសង្ស័យ ដែល​ករណីនេះ បាន​បង្ក​ភាពស្មុគស្មាញ​ក្នុង​ការស្វែងរក​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត និង​ទាមទារ​ពេលវេលា​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​»​។

លោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​នៅ​ថ្ងៃទី​ ២ ធ្នូ​ថា ក្នុងករណី​ដែល​តុលាការ​សម្រេច​ជា​ស្ថាពរ​លើ​បណ្តឹង​ទាំង​ ៣៣ គឺមាន​សំណុំរឿង​មួយចំនួន​បាន​ផ្តន្ទាទោស​ជន​ជាប់​ពាក់ព័ន្ធ និង​មួយចំនួន​ទៀត ត្រូវបាន​លើកលែង​ការចោទប្រកាន់​ ខណៈ​សំណុំរឿង​មួយចំនួន មិនអាច​ស្វែងរក​ជនជាប់​ពាក់ព័ន្ធ​ឃើញ ដោយសារ​តែ​បទល្មើស គឺជា​អញ្ញាតជន​។

យ៉ាងណាក្តី លោក​អះអាង​ថា គ្រប់​សំណុំរឿង​ដែល​តុលាការ​បាន​សម្រេច គឺ​បាន​រក្សាទុក​ដីព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ទាំង​នោះមក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​ដដែល​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​ចំណាត់ការ​របស់​តុលាការ គឺ​គាត់​ផ្តន្ទាទោស​ទៅលើ​ជន​ដែល​ប្រព្រឹត្ត ជនល្មើស និង​វត្ថុតាង​ទេ ចំពោះ​ដី​រដ្ឋ គឺ​នៅ​ជា​ដី​រដ្ឋ​ដដែល មិនមាន​ការបាត់បង់​អ្វី​ទេ​»​។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ២ ​ធ្នូ ដោយសារតែ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ៣០ វិច្ឆិកា លោក​ឱ្យ​ដឹងថា រដ្ឋបាលខេត្ត​នឹង​មាន​ចំណាត់ការ​ក្នុង​ការរៀបចំ​ដកហូត​ដី​ទាំង​ជាង​ ៣ ៥០០ ​ហិកតា​នេះ​ត្រឡប់​មកវិញ ក្រោយ​មាន​សេចក្តី​សម្រេច​ពី​តុលាការ​៕