ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បើក​វគ្គបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់ខ្លួន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២២ ខណៈ​ឆ្នាំ​ខាងមុខ សកម្មភាព​ដែល​រួមបញ្ចូល​ទាំង​អង្គភាព​ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួង អាច​នឹង​កើន​ជាង ២ ០០០ ​សកម្មភាព ដែល​នឹងត្រូវ​ធ្វើការ​ពិនិត្យ តាមដាន និង​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​។

វគ្គបណ្តុះបណ្តាល​លើក​ទី​ ២ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២២ ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ១ ធ្នូ តាម​ប្រព័ន្ធ​វីដេអូ (Zoom) ដែលមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត អនុប្រធាន​មន្ទីរ ប្រធាន​ការិយាល័យ អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ជំនាញ​សរុប​ចំនួន ៩០ ​រូប​។

លោក​ សឿន ប៊ុនលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ និង​គោលនយោបាយ​ក្រសួង​សាធារណការ​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បង្គោល​ក្នុង​ការជំរុញ​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២២ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សង្គតិភាព​ច្បាស់លាស់​។ លោក​បញ្ជាក់ថា​៖ «​ការបណ្តុះបណ្តាល​នេះ គឺ​ស្របតាម​ទម្រង់​តែមួយ​ឈាន​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ រួមទាំង​ផែនការ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល និង​ទិសដៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក​»​។

បន្ថែម​ពីនេះ លោក ប៊ុនលី ឱ្យដឹង​ទៀត​ថា កន្លងទៅ​ក្រសួង​បាន​រៀបចំ​ផែនការ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ និង​អង្គភាព​ថ្នាក់ជាតិ​ចំនួន​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​រួចមកហើយ ដែល​ឆ្នាំ​ ២០២០ មាន​ចំនួន​សរុប ៤៣៨ ​សកម្មភាព និង​ឆ្នាំ​ ២០២១ មាន​ចំនួន​សរុប ៩៣៨ ​សកម្មភាព​។ លោក​ថ្លែងថា​៖ «​ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២២ សកម្មភាព​ដែល​រួមបញ្ចូល​ទាំង​អង្គភាព​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​រំពឹងទុក​ថា នឹង​មាន​ចំនួន​កើនឡើង​សរុប​ជាង​ ២ ០០០ សកម្មភាព​ដែល​ត្រូវ​ធ្វើការ​ពិនិត្យ តាមដាន និង​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជា​ឧបករណ៍​ក្នុង​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ជូន​រាជរដ្ឋាភិបាល​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម-កម្ពុជា​បាន​ទទួលស្គាល់​ថា ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី​ផ្នែក​បច្ចេកទេស​ជា​រឿង​សំខាន់ ខណៈ​លោក​ចង់ឃើញ​ផែនការ​សកម្មភាព​ជាក់ស្តែង ដើម្បី​រក្សា​គុណភាព​ផ្លូវថ្នល់​។ «​ទន្ទឹមនឹងនោះ យើង​ចង់ឃើញ​ផែនការ​សកម្មភាព​ជាក់ស្តែង ដើម្បី​រក្សា​គុណភាព​ផ្លូវថ្នល់​ដូចជា ការអនុវត្ត​ឱ្យ​បាន​នូវ​វិធានការ​ទាំងឡាយ នៅក្នុង​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ព្រោះ​យើង​ហាក់​ឃើញ​ផ្លូវថ្នល់​ត្រូវបាន​គេ​បំពាន និង​ព្រងើយកន្តើយ នៅតាម​តំបន់​មួយចំនួន​»​។ ក្រៅពីនេះ​លោក​ថា​៖ «​ឆន្ទៈ​នយោបាយ បើកទូលាយ​ឱ្យមាន​ការចូលរួម​តាមដាន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ពី​សំណាក់​សង្គមស៊ីវីល និង​ពលរដ្ឋ​ជា​គុណសម្បត្តិ​បន្ថែម​ ដើម្បី​និរន្តរភាព​ផ្លូវថ្នល់​»៕