The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយករដ្ឋមន្ត្រី៖ ខេត្ត​​ព្រះសីហនុ​គឺជា​មោទនភាព​ដែល​នឹង​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី៖ ខេត្ត​​ព្រះសីហនុ​គឺជា​មោទនភាព​ដែល​នឹង​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច

Content image - Phnom Penh Post
ទិដ្ឋភាព​ផ្លូវ​មើល​ពីលើ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

នាយករដ្ឋមន្ត្រី៖ ខេត្ត​​ព្រះសីហនុ​គឺជា​មោទនភាព​ដែល​នឹង​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច

ព្រះសីហនុៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​រហូតដល់​ជាង ៣២០ លាន​ដុល្លារ​ត្រូវបាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អធិប្បាយ​ថា គឺជា​មោទនភាព ខណៈ​ដែល​ខេត្ត​មួយ​នេះ​នឹងធ្វើ​ឱ្យមាន​ការកើនឡើង​នូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ចំនួន ៣៧ ខ្សែ និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​ ១ និង​ទី​ ២ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២ ធ្នូ លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​មោទនភាព ដែល​កម្ពុជា​បានសម្រេច​កសាង​នូវ​សមិទ្ធផល​ដ៏ធំ​នេះ​ឡើង​។

លោក​ថា​៖ «​នេះ​ជា​លើកដំបូង ដែល​យើង​ប្រើការ​វិនិយោគ​ផ្ទាល់​រហូតដល់​ជាង ៣០០ ​លាន​ដុល្លារ នៅក្នុង​ទីក្រុង​ ១ ប៉ុន្តែ​ការងារ​នេះ វា​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​ធ្វើ​សម្រាប់​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​យើង​ចង់ឱ្យ​កសាង​ខេត្ត​មួយ​នេះ ទៅជា​ពហុ​បំណង​ដែល​នឹង​ទៅជា​ខេត្ត​ដែល​នាំមុខ​ទៅដោយ​ការកើនឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។

លោក​បាន​គូសបញ្ជាក់ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​នេះ គឺជា​រឿង​ចាំបាច់​បំផុត ខណៈ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បោះទុន​វិនិយោគ និង​សាងសង់​អគារ​ខ្ពស់ៗ នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។ លោក​ថា​៖ «​ក្រោយពេល​របប​ប៉ុលពត​ដួលរលំ​ទៅ ខេត្ត​ព្រះសីហនុ​វា​កម្សត់ ពុំ​មាន​អ្វី​ប្រើប្រាស់​នោះទេ ប៉ុន្តែ​ថ្ងៃនេះ​ខេត្ត​ព្រះសីហនុ​បាន​ប្តូរ​មុខមាត់​យ៉ាង​ធំ ដែល​អគារ​កម្ពស់​រាប់​សិប​ជាន់ បានកើត​យ៉ាងច្រើន​នៅក្នុង​ទីក្រុង​មួយ​នេះ វា​ស័ក្ដិសម​ជាមួយ​នឹង​ការដែល​យើង​ត្រូវធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​រឹងមាំ​»​។

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ម្សិលមិញ​។ រូប SPM

ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ទៀតសោត វា​មិន​ត្រឹមតែ​តម្រូវការ​ទៅលើ​ផ្លូវ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ជំនាញ​ចំនួន​ ៨ ក៏បាន​រៀបចំ​ប្រព័ន្ធ​លូ​បង្ខូរទឹក​ និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុន​ចាក់​ចូល​ទឹកសមុទ្រ​ ដែល​ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​កិច្ចការពារ​បរិស្ថាន​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ឱ្យដឹង​ដែរ​ថា សមិទ្ធផល​នេះ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​តាម​គម្រោង​នឹងមាន​សមិទ្ធផល​ជាច្រើន​ទៀត ដែល​ត្រូវ​បាន​កសាង​ឡើង ប៉ុន្តែ​ដោយសារ​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ- ១៩ ទើប​រដ្ឋាភិបាល​សម្រេច​បង្វែរ​ប្រាក់​សន្សំ​បាន យក​ទៅ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ដំណាក់កាល​កូវីដ​។ លោក​ថា​៖ «​មកដល់​ពេល​នេះ យើង​បាន​ចំណាយ​ប្រាក់​សន្សំ​របស់​យើង​ជាង ២ ៥០០ លាន​ដុល្លារ ដើម្បី​យក​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​ដំណាក់កាល​កូវីដ បើសិន​ជា​មិនមាន​កូវីដ​ទេ យើង​មាន​សមត្ថភាព​មកដល់​ពេលនេះ ខ្ញុំ​ប៉ាន់ស្មាន​ថា ប្រាក់​សន្សំ​របស់​យើង មិនតិច​ជាង ៥ ​ពាន់​លាន​ដុល្លារ​ទេ​»​។

យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន សង្ឃឹម​ថា បន្ទាប់ពី​ការបើក​ប្រទេស​ឡើងវិញ​នេះ សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ ខណៈ​លោក​សង្កេតឃើញ​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចំណូល​ជាតិ​មាន​ការកើនឡើង​យ៉ាងច្បាស់​ទាំង​នៅ​កំពង់ផែ​ផ្នែក​គយ ព្រោះ​តម្រូវការ​ក្នុង​ស្រុក​ច្រើន តម្រូវការ​នាំចូល​ក៏​កើនឡើង​។

ទន្ទឹមនឹង​នេះដែរ​លោក​បាន​កោតសរសើរ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សហការី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ដំណាក់កាល​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​។

លោក​បញ្ជាក់ថា​៖ «​ព្រោះនេះ​គឺជា​ស្នាដៃ​កូន​ខ្មែរ​ទាំងស្រុង ដោយ​គ្មាន​លាយឡំ​ជាមួយនឹង​ជំនួយ​បច្ចេកទេស​ ឬ​ជំនួយ​ថវិកា​ពី​បរទេស​ណា​ទេ យើង​ធ្វើ​ខ្លួនឯង​ទាំងអស់ ជោគជ័យ​នេះ អ្នក​ដែល​ទទួល​ផល​ពិតប្រាកដ គឺ​ប្រជាជន​ក្នុង​ទីក្រុង​ព្រះសីហនុ នេះ​តែម្តង អ្នកទទួលផល​មុនគេ​»​។

លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងថា ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៧ ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏ថ្លៃថ្លា​បំផុត​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣០ ខែ សីហា ឆ្នាំ​ ២០១៩ ដើម្បី​កែលម្អ​ខ្សែ​ផ្លូវមេ យុទ្ធសាស្ត្រ​នៃ​ប្រព័ន្ធ​នគរូបនីយកម្ម គមនាគមន៍ ដឹកជញ្ជូន​សេដ្ឋកិច្ច ធុរកិច្ច និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោភណ​ភាព​របស់​ខេត្ត​។ លោក​បញ្ជាក់ថា​៖​ «​ការស្ថាបនា​ផ្លូវ​នេះ​បាន​ចូលរួមចំណែក​ដ៏ធំធេង​នៅក្នុង​ការសម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​នៅក្នុង​ផែនការ​រាជរដ្ឋាភិបាល​រៀបចំ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ ២០៣០ សំដៅ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ដែលជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ ប្រកប​ទៅដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុបំណង មជ្ឈមណ្ឌល​កំណើន​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត និង​ការធ្វើ​សមាហរ័ណកម្ម​តាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​»​។

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ​ ២០១៩​និង​បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២១​។ គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប ៨៤ គីឡូម៉ែត្រ និង​មាន​ផ្ទៃក្រឡា​សរុប ១៤ ៧០ ៥១១ ម៉ែត្រការ៉េ សាងសង់​ដោយ​អង្គភាព និង​ក្រុមហ៊ុន​ចំនួន​ ៨ និង​បែងចែក​ចេញ​ជា​ ៣ ​ប្រភេទ រួមមាន មហាវិថី​ចំនួន ៣ ​ខ្សែ ប្រវែង ២០,៨ ​គីឡូម៉ែត្រ វិថី​ចំនួន ១៥ ​ខ្សែ ប្រវែង ៥០,៣ គីឡូម៉ែត្រ និង​អនុវិថី ១៩ ​ខ្សែ ប្រវែង ១២, ៨ គីឡូម៉ែត្រ ដើម្បី​ធានា​ការជំរុញ​តភ្ជាប់ និង​បញ្ចៀស​ការកកស្ទះ​នៅ​ផ្លូវជាតិ​លេខ​ ៤ ដោយបាន​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ៥៣៣ គ្រឿង​។ ខ្សែ​ផ្លូវ​នីមួយៗ​មាន​ធ្វើ​ពី​បេតុង​សរសៃដែក​ និង​ក្រាល​ដោយ​កម្រាល​កៅស៊ូ​ប៊ូទីម​មាន​បណ្តាញ​លូទឹក​ភ្លៀង និង​លូទឹក​​កខ្វក់​ផ្សេងគ្នា ចិញ្ចើមផ្លូវ និង​ខឿន​ថ្មក្រានីត ផ្លូវ​ថ្មើរជើង និង​សម្រាប់​ជន​មាន​ពិការភាព និង​ផ្លូវ​ជិះ​កង់​ក្រាល​ថ្ម​ក្រានីត​។ ដើម្បី​តភ្ជាប់​ផ្លូវ​ទាំងអស់ គម្រោង​ក៏បាន​សាងសង់​ស្ពាន​ចំនួន ៩ ​កន្លែង​ប្រវែង​សរុប​ ២៩០ ម៉ែត្រ​ផងដែរ​។

បើតាម​លោក ជា សុផារ៉ា ហេដ្ឋារចនាសម្ព័ន​ទាំងនេះ​បាន​ចំណាយ​ថវិកា​សរុប​ជាង ៣២៤ ​លាន​ដុល្លារ ក្នុងនោះ​ថវិកា​របស់​រាជរដ្ឋាភិបាល​ ៣១០ ​លាន​ដុល្លារ ក្រៅពីនោះ​ជា​ថវិកាបដិភាគ​ពី​វិស័យ​ឯកជន​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍