សៀមរាបៈ ក្រុម​សមត្ថកិច្ច​នគរបាល កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​លើ​ករណី​អគ្គិភ័យ នៅ​ក្លិប​កម្សាន្ត អេលីត Elite Disco Club កាលពី​យប់​ថ្ងៃទី​ ១ ធ្នូ ឆ្នាំ​ ២០២១ ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​ ៣ ​នាក់​ស្លាប់​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​លោក​ តេង ច័ន្ទណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​។

លោក​ស្នងការ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ និង​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​នោះ សុទ្ធតែ​ជា​បុរស​។ ជនរងគ្រោះ​ដែល​ស្លាប់ រួមមាន​ឈ្មោះ​ អ៊ឹង ស៊ីម អាយុ​ ៤២ ​ឆ្នាំ មាន​លំនៅ​ភូមិ​បន្ទាយឈើ សង្កាត់​ទឹកវិល ក្រុង​សៀមរាប ជា​បុគ្គលិក​ផ្នែក​សន្តិសុខ ឈ្មោះ​ ធី មេសា អាយុ​ ៣៦ ​ឆ្នាំ​មាន​លំនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជា​បុគ្គលិក​សន្តិសុខ និង​ឈ្មោះ​ ឈឿន សំណាង អាយុ​ ២៦ ​ឆ្នាំ​រស់នៅ​ភូមិខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជា​អ្នកចម្រៀង​ប្រចាំ​ក្លិប​អេលីត​។ ចំណែក​ជនរងគ្រោះ​រង​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ ឈ្មោះ​ ប្រាក់ សុភ័ណ្ឌ អាយុ​ ៤១ ​ឆ្នាំ​មាន​លំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ជា​បុគ្គលិក​ផ្នែក DJ ប្រចាំ​ក្លិប​អេលីត​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ជំហាន​បឋម​នេះ សមត្ថកិច្ច​យើង​សង្ស័យថា អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ពី​បន្ទប់ក្រោមដី ហើយ​នៅពេល​នេះ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​យើង​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​ ដើម្បី​ស្វែងរក​ការពិត​»​។

បើតាម​លោក​ ច័ន្ទ ណាត កងកម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​ជួប​ឧបសគ្គ​មួយចំនួន​ក្នុង​អំឡុងពេល​នៃ​ការចុះ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ ដោយសារ​ទីតាំង​ដែល​ឆេះ​នោះ ស្ថិត​នៅ​ក្រោម​ដី និង​មាន​ច្រកចេញចូល​តូច​មួយ ដែល​មិនអាច​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​ខាងក្នុង​បាន​។

លោក​ថា​៖ «​ការពន្លត់​អគ្គិភ័យ​ចេញពី​បន្ទប់ក្រោមដី​នៃ​អគារ​ដ៏ធំ​មួយ ដែលមាន​ច្រកចេញចូល​តែមួយ​នោះ វា​មិន​ងាយស្រួល​ទេ​។ ប៉ុន្តែ​ក្រុមការងារ​យើង​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ក្នុង​កិច្ច​អន្តរាគមន៍​ពន្លត់​វា រហូត​បាន​ជោគជ័យ​ដោយ​មិនឱ្យ​ឆេះ​រាលដាល​បន្តទៅ​ផ្នែក​ផ្សេងទៀត​»​។

លោក​បន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេល​ជាង​ ៣ ​ម៉ោង ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​ ១៩:៣០ ដល់​ម៉ោង​ ២២:៥០ ទើប​រលត់​អស់​ទាំង​ស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១០ ​គ្រឿង​មកពី​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​នៅ​ទូទាំង​ខេត្ត​សៀមរាប​។ ក្នុងនោះ​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ៣ ​គ្រឿង ពី​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ១ ​គ្រឿង កងរាជអាវុធហត្ថ​ខេត្ត​ ២ ​គ្រឿង អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ១ ​គ្រឿង អាជ្ញាធរ​អប្សរា ២ ​គ្រឿង និង​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ១ ​គ្រឿង​។

ខណៈ​សមត្ថកិច្ច​នគរបាល​កំពុង​បន្ត​ស្រាវជ្រាវ រក​មូលហេតុ​នៃ​ការឆេះ​នេះ សព​ជនរងគ្រោះ​ទាំង​ ៣ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ពួកគេ​មក​ស្នើសុំ​នាំយក​ទៅ​ធ្វើបុណ្យ​នៅតាម​ផ្ទះ និង​វត្តអារាម​ក្នុង​ភូមិ-សង្កាត់ របស់​ពួកគេ​រៀងៗ​ខ្លួន​អស់​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើតាម​តំណាង​ម្ចាស់​ក្លិប​អេលីត ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​។

បុរស​ជា​តំណាង​ម្ចាស់​ក្លិប​នោះ​ប្រាប់ តាមរយៈ​ទូរស័ព្ទដៃ​ថា នៅពេល​នេះ​ពួកគាត់​ជា​តំណាង​ភាគី​ម្ចាស់​ក្លិប​ «​កំពុង​ជាប់រវល់​ផ្ដល់​ចម្លើយ​ដល់​សមត្ថកិច្ច​ជុំវិញ​ករណី គ្រោះ​អគ្គិភ័យ​នេះ​»​។ នៅពេល​រួច​រវល់​កិច្ចការ​នេះ ពួកគាត់​ជា​តំណាង ម្ចាស់​ក្លិប​នឹង​ទៅ​ជួប​សួរសុខទុក្ខ និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ជនរងគ្រោះ​ទាំងអស់ ដើម្បី​រៀបចំ​ពិធី​បុណ្យសព​ទៅ​តាម​ប្រពៃណី និង​ទៅ​ជួប​សួរសុខទុក្ខ​ជនរងគ្រោះ ដែល​រងរបួស​នៅ​មន្ទីរពេទ្យ ដើម្បី​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​ផងដែរ​។

លោក​ ឈឿន វណ្ណា អាយុ​ ២១ ​ឆ្នាំ​ដែល​ជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​ជា​តារាចម្រៀង​ឈឿន សំណាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ សព​បងប្រុស​គាត់​កំពុង​រៀបចំ​ពិធី​បូជា​នៅ​វត្ត​គោកខ្មោច​។ លោក​ថា លោក​ និង​ក្រុម​គ្រួសារ មិន​ចង់បាន​សំណង​អ្វី​ពី​ម្ចាស់​ក្លិប​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​បងប្រុស​ខ្ញុំ​គាត់​ស្លាប់​ទៅហើយ​។ ចំណែក​ម្ចាស់​ក្លិប ក៏​រង​ការខូចខាត​ច្រើន​ណាស់ដែរ បើ​ប្ដឹង​ទាមទារ​សំណង ទៀត​នោះ វា​ដូចជា​អាក្រក់​ពេក​ណាស់ ព្រោះ​ខ្ញុំ​ជឿថា គ្មាន​នរណាម្នាក់​ចង់ឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នោះទេ​។ ប៉ុន្តែ​បើ​ភាគី​ម្ចាស់​ក្លិប គាត់​មាន​សទ្ធា​ចង់​ជួយ​ជា​ថវិកា សម្រាប់​ដោះស្រាយ​ការចំណាយ​ផ្សេងៗ សម្រាប់​ពិធី​បុណ្យសព​បងប្រុស​ខ្ញុំ​នោះ ខ្ញុំ​និង​ក្រុមគ្រួសារ​រីករាយ​នឹង​ទទួលយក​»​។

លោក​ វណ្ណា និយាយថា​៖ «​បងប្រុស​ខ្ញុំ​ឈ្មោះ​សំណាង​នេះ គឺ​គាត់​ជា​មនុស្ស​ល្អ​ខ្លាំងណាស់​។ គាត់​មិន ដែល​ប្រព្រឹត្ត​កំហុសឆ្គង​អ្វី​ជាមួយ​យើងខ្ញុំ​ជា​ប្អូនៗ​ និង​ឪពុកម្ដាយ​នោះ ទេ​។ គាត់​ដឹង​តែ​ពី​ខំធ្វើការ​រកប្រាក់ ជួយ​ដល់​ការរៀនសូត្រ​របស់​ប្អូន ដោយ​មិន​គិតពី​ពេលវេលា​យប់​ ឬ​ថ្ងៃ ឡើយ​ហើយ​អំពើ​ល្អ​របស់គាត់​យើង ខ្ញុំ​រៀប​រាប់មិនអស់​ឡើយ​»៕

បើតាម​លោក​ វណ្ណា សមត្ថកិច្ច​នៅ​មិនទាន់​ប្រាប់​ឱ្យបាន​ច្បាស់​ថា ករណី​ឆេះ​ក្លិប​កម្សាន្ត​នោះ បណ្ដាល​មកពី​អ្វី​ឱ្យ​ច្បាស់​នោះទេ គ្រាន់តែ​ដាក់​ការសង្ស័យ​ទៅលើ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ប៉ុណ្ណោះ​៕