បាត់ដំបងៈ បុរស​មេខ្យល់​ម្នាក់​ពាក់ព័ន្ធ​នឹង​ការនាំ​ពលករ​ប្រុស-ស្រី​ ៤ ​នាក់ បម្រុង​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ ត្រូវបាន​នគរបាល​ស្រុក​សំពៅ​លូន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រោយពី​ឃាត់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២ ធ្នូ នៅ​ភូមិ​ស្ពានយោល ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន​។

លោក​ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅលូន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ធ្នូ ថា ជនសង្ស័យ​ឈ្មោះ​ ឆុំ លឹមស្រ៊ី ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​វាលវង់ ឃុំ​តាស្តា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​។ ចំណែក​ពលករ​ជា​មនុស្សពេញវ័យ​មាន​ស្រី​ ២ ​នាក់ និង​ប្រុស​ ២ ​នាក់ ហើយ​ពួកគេ​រស់នៅ​ខេត្ត​ផ្សេងៗ​គ្នា​មិនមាន​អ្នករស់នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទេ​។

លោក​ថា​៖ «​កម្លាំង​ជំនាញ​របស់ខ្ញុំ​បាន​បញ្ជូន​ជនសង្ស័យ​ពី​ស្រុក​សំពៅលូន​ទៅ​ខេត្ត នៅថ្ងៃនេះ​ [​ថ្ងៃទី​ ២ ​ធ្នូ​]​។ ជនសង្ស័យ​ត្រូវ​ចោទ បឋម​តាមច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

លោក​ លី រ៉ុម អធិការរង​ស្រុក​សំពៅលូន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ធ្នូ ថា មុន​មាន​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​របស់​លោក​សហការ​ជាមួយ​កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៧ និង​កម្លាំង​វរសេនា​តូច​ប្រចាំការ​តាម​មាត់អូរ​ព្រំដែន​កម្ពុជា-ថៃ ស្ថិតនៅ​ចំណុច​ក្រុមទី​ ១ ភូមិ​ស្ពានយោល ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន​។ លុះ​នៅវេលា​ប្រមាណ​ជា​ម៉ោង ១ ​កន្លះ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២ ធ្នូ សមត្ថកិច្ច​ក៏​ឃើញ​ជនសង្ស័យ និង​ពលករ​ស្រី​ ២ ​នាក់​ប្រុស​ ២ ​នាក់​កំពុង​ដើរ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ប៉ុន្តែ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ចព័ទ្ធ​ចាប់ខ្លួន​មេខ្យល់​ម្នាក់​នោះ​តែម្តង​។

លោក​បន្តថា ជារឿយៗ​សមត្ថកិច្ច​របស់​លោក​តែងតែ​ធ្វើការ​ទប់ស្កាត់​ពលករ និង​ចាប់ខ្លួន​មេខ្យល់​បាន​នៅពេល​យប់ជ្រៅ​។ ​ព្រោះ​ក្រុម​មេខ្យល់​គិតថា នៅពេល​យប់​ពួកគេ​អាច​គេច​ផុតពី​ការចាប់ខ្លួន​របស់​សមត្ថកិច្ច​។ ទោះយ៉ាងណា សមត្ថកិច្ច​បាន​ដឹង​អំពី​ល្បិច​នេះ​រួច​អស់​ទៅហើយ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែ​ចុងឆ្នាំ​ ២០២១ ​នេះ រលក​នៃ​ការលួច​ឆ្លងដែន​របស់​ពលករ​ទៅ​ប្រទេស​ថៃ​ហាក់​មិនមាន​សកម្មភាព​ច្រើន​ទេ​។ រីឯ​ពលករ​ទាំង​ ៤ ​នាក់​នោះ ក្រោយ​សមត្ថកិច្ច​សាកសួរ​ចប់ បានអនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ត្រូវអនុវត្ត​វិធាន​សុខាភិបាល ៣ ​កុំ ៣ ​ការពារ ពី​ការឆ្លង​មេរោគ​កូវីដ​ ១៩ ​ឱ្យ​បាន​ខ្ជាប់ខ្ចួន​។

លោកស្រី រស់ ជីវី ស្នងការរង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ធ្នូ ថា ការឃាត់ខ្លួន​មេខ្យល់​ម្នាក់នេះ​ក៏មាន​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ឱ្យ​ចាប់ខ្លួន​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​រាល់​អំពើ ឬ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ជនសង្ស័យ គឺពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​។ ចំពោះ​ជនសង្ស័យ​ឈ្មោះ​ ឆុំ លឹមស្រ៊ី គឺ​ខាង​នគរបាល​ស្រុក​សំពៅ​លូន​មិនទាន់​បញ្ជូន​ដល់​ការិយាល័យ​ខ្ញុំ​ទេ​»៕