ភ្នំពេញៈ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​ប្រឡាយ​មេ និង​ផ្លូវ​មួយចំនួន តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត និង​តំបន់​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ដង្កោ​នា​ថ្ងៃទី​ ២ ធ្នូ លោក​ ឃួង ស្រេង អភិបាល​រាជធានី-ភ្នំពេញ ជំរុញ​ឱ្យ​ក្រុម​ការងារ​នៃ​មន្ទីរជំនាញ​រៀបចំ​ជួសជុល​ស្ដារឡើងវិញ​ឱ្យបាន​ឆាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រងការខូចខាត​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​កាលពី​ថ្ងៃទី​ ១ វិច្ឆិកា​។

លោក​និយាយថា ស្ថានភាព​ទឹកស្ទឹង​ព្រែកត្នោត​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​កម្ពស់​ទឹក​ចេះ​តែ​កើនឡើង ដោយសារ​មាន​ការអភិវឌ្ឍ​ច្រើន​នៅតាម​បណ្ដោយ​ដង​ស្ទឹងព្រែក​ត្នោត ធ្វើឱ្យ​ទឹកហូរ​ចូលមក​ទឹកស្ទឹង​តែ​ ១ ធ្វើឱ្យ​កម្ពស់​ទឹក​កើនឡើង​ជា​លំដាប់​។ ហេតុនេះ​ហើយ​ទើប​រដ្ឋបាល​រាជធានី-ភ្នំពេញ​នឹង​លើក​ធ្វើជា​ទំនប់​នៅ​តាម​បណ្ដោយ​សណ្ត​ស្ទឹងព្រែកត្នោត​នេះ​ឱ្យបាន​ខ្ពស់ជាង​មុន ដោយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការលិចលង់​ឱ្យបាន​នៅ​ឆ្នាំក្រោយៗ​ទៀត​។

លោក​និយាយថា​៖ «​ឥឡូវនេះ​យើង​ត្រូវ​រៀបចំ​ដាក់លូ​នៅ​ផ្លូវ​បេតុង​ចូល​ទៅ​បឹង​តាម៉ាត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ម័រ និង​ភូមិ​សំបួរ សង្កាត់​ដង្កោ​ជាមុនសិន ទើប​ស្ថាបនា​ផ្លូវ​តាម​ ក្រោយ​ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​»​។

បើតាម​មន្ត្រី​ជំនាញ​ការដាក់​បណ្តាញ​លូ​នៅ​ផ្លូវ​បេតុង​ចូលទៅ​បឹង​តាម៉ាត​នេះ​គឺ​ដាក់លូ​ទំហំ​ ១,៥ ​ម៉ែត្រ ២ ​ម៉ែត្រ ហើយ​មកដល់​ពេល​នេះ ក្រុមការងារ​បាន​អនុវត្ត​ការដាក់​លូ​នេះ​បាន​ប្រវែង​ ៤៥០ ​ម៉ែត្រ​ក្នុង​ប្រវែង​សរុប​ ៧២៩ ​ម៉ែត្រ ស្មើ​ ៦០ ​ភាគរយ​។ ចំពោះ​ការងារ​ដាក់លូ​ទំហំ​ ១ ​ម៉ែត្រ ក្រុមការងារ​ដាក់លូ​បាន​ប្រវែង​ ១៩០ ​ម៉ែត្រ លើ​ផែនការ​សរុប ៩៩៦ ​ម៉ែត្រ ស្មើនឹង​ ១៥ ​ភាគរយ​។

ក្រោយពី​ពិនិត្យ​ស្ថានភាព​ការងារ​របស់​ក្រុមមន្ត្រី​ជំនាញ​នៅ​ចំណុច​ខាងលើ​នេះ​រួច លោក​ ឃួង ស្រេង បាន​បន្ដ​ចុះពិនិត្យ​ស្ថានភាព​ប្រឡាយ​ជើងឯក ស្ថិត​នៅ​ភូមិ​កំរៀង​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ​។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការរំដោះ​ទឹក​ចេញពី​ផ្លូវជាតិ​លេខ​ ៣ ​ចូលមក​បឹង​ជើងឯក​ដែល​មាន​ប្រវែង​ ១២ ​គីឡូម៉ែត្រ​។

ក្រោយ​ពិនិត្យ​ស្ថានភាព​នៅ​ទីនោះ​រួច លោក​ប្រាប់​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ​ថា​៖ «​សូម​លើក​ជា​គម្រោង​បន្ទាន់ ដើម្បី​ស្ដារឡើងវិញ គឺ​ធ្វើឱ្យ​ជ្រៅ​ជាង​មុន​នឹង​ពង្រីក​ទទឹង​ប្រឡាយ​ឱ្យបាន​ធំ​ជាង​មុន ព្រមទាំង​ធ្វើ​ស្ពាន​ឆ្លងកាត់ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​កំរៀង សង្កាត់​ព្រៃវែង​នេះ និង​ត្រូវដាក់​ទ្វារ​ទឹក​មួយចំនួន​ផងដែរ​»​។

នៅ​ថ្ងៃ​ដដែល​នោះ​លោក​ ឃួង ស្រេង ក៏បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយចំនួន​ទៀត​ផងដែរ​នៅតាម​បណ្ដោយ​ស្ទឹង​ព្រែកត្នោត ដោយ​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​ជំនាញ​ត្រូវ​បង្កើនល្បឿន​នៃ​ការស្ថាបនា​ជួសជុល​ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​ឱ្យបាន​ធំ​ខ្ពស់​ជាង​មុន និង​រឹងមាំ​ជាង​មុន​ធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​បាក់ស្រុត ឬ​ជន់លិច​ដោយ​គ្រោះ​ទឹកជំនន់​តទៅទៀត​។

ជាមួយ​គ្នា​នេះ លោក​អភិបាល​រាជធានី​ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចុះ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក​ថ្មី​នៅក្នុង​តំបន់​ផ្លូវ​ ២០០៤ និង ផ្លូវ​ ២០០២ ក្នុង​ភូមិសាស្ត្រ​សង្កាត់​អូរបែកក្អម និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី-ភ្នំពេញ ដើម្បី​រំដោះ​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​ខាងលើនេះ​ផងដែរ​៕