បាត់ដំបងៈ ប្រជាកសិករ​មួយចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការប្រមូលផល​ស្រូវ ដែល​ត្រូវ​ទឹកលិច ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ឥត​ឈប់ និង​ក៏​កំពុង​ជួប​ការលំបាក​ក្នុង​ការលក់​ផលិតផល​ស្រូវ​ចេញ​ផងដែរ ដោយសារតែ​ឈ្មួញ​ទម្លាក់​ថ្លៃ​។

តំណាង​សហគមន៍​កសិករ​នៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង​ ១ នៃ​ស្រុក​សង្កែ ខេត្តបាត់ដំបង លោក ស្វាយ ញី អាយុ​​ ៧០ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឆ្នាំនេះ​ស្រូវ​រដូវវស្សា​របស់​លោក​ផ្ដល់​ផល​ល្អ​គួរឱ្យ​កត់សម្គាល់ គឺ ៣,៥ តោន​ក្នុង ១ ​ហិកតា​។ ប៉ុន្តែ​លោក​មិន​សប្បាយចិត្ត​ប៉ុន្មាន​ទេ​នៅពេល​ដែល​ផល​ស្រូវ​លក់​មិន​ចេញ ហើយ​គ្មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​សម្រាប់​ហាល​សម្ងួត​វា​។

លោក​និយាយថា​៖ «​ស្រូវ​យើង​វា​មាន​សំណើម​ខ្លាំង ដោយសារ​វា​លិច​ទឹក ហើយ​ខ្លះ​បាន​ដួល​រាប​ទៅក្នុង​ទឹក​ព្រោះ​ដីស្រែ​របស់​យើង​វា​ជា​ដី​ទំនាប​លិច​ទឹក​។ កាលពីពេល​ច្រូតកាត់​ហ្នឹង យើង​ចុះ​ច្រូត​វា​នៅក្នុង​ទឹក​ត្រឹម​ចង្កេះ​ឯណោះ​។ យើង​ត្រូវការ​ពន្លឺ​ថ្ងៃ ដើម្បី​ហាល​សម្ងួត​វា ប៉ុន្តែ​ឥឡូវនេះ​មេឃ​វា​អាប់អួរ​មាន​ភ្លៀងរលឹម​ធ្លាក់​រហូត​រក​ធ្វើ​អី​មិនកើត​ទេ​»​។

បើតាម​លោក​ ស្វាយ ញី ក្រោយពី​ក្រុមគ្រួសារ​របស់​លោក​បាន​ប្រមូលផល​ស្រូវ​លើ​ផ្ទៃដី​ ១ ​ហិកតា​រួចមក ក្រុម​ឈ្មួញកណ្ដាល​បាន​ចុះមក​ចរចា​ទិញស្រូវ​ដោយ​ឱ្យ​តម្លៃ​ផលស្រូវ​ប្រភេទ​ផ្កា​ខ្ញី ត្រឹមតែ ៧៥០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម ខណៈ​ប្រភេទ​ស្រូវ​ដូចគ្នានេះ គេ​លក់​បាន​ក្នុងតម្លៃ​ចន្លោះ​ពី ៩៥០ ​រៀល ទៅ ១ ០៥០ ​រៀល​ក្នុង ១ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​ថា ផលិតផល​ស្រូវ​ខ្ញុំ មិន​សុទ្ធ​ល្អ ហើយ​មាន​សំណើម​ខ្លាំង ងាយ​នឹង​ផ្អួរ​ខូចគុណភាព ហើយ​ឱ្យ​តម្លៃ​ផលិតផល​ស្រូវ​របស់ខ្ញុំ​ត្រឹមតែ​ ៧៥០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម​។ តែ​ខ្ញុំ​មិន​ព្រម ព្រោះ​វា​ថោក​ពេក​»​។

ជា​ការពិត​នៅក្នុង​ទីផ្សារ​ស្រូវ​អង្ករ គេ​ឱ្យ​គុណតម្លៃ​ទៅលើ​ប្រភេទ​ផលិតផល​ស្រូវ​អង្ករ​ដែល​សុទ្ធ​ល្អ​។ ប៉ុន្តែ រហូតមក​ទល់​ពេលនេះ​កសិករ​ភាគច្រើន​នៅ​មិនទាន់​មាន​ការយល់ដឹង​ច្បាស់លាស់​ពី​ភាពខុសគ្នា​រវាង​ការប្រើប្រាស់​គ្រាប់ពូជ​ «​សុទ្ធ និង​មិន​សុទ្ធ​ល្អ​» ​នេះ​នៅឡើយ​ទេ​។

អ្នកស្រី អ៊ុង សាមុត អាយុ​ ៥៨ ​ឆ្នាំ​ជា​ប្រជាកសិករ​ម្នាក់​នៅ​ភូមិ​ព្រៃព្រាល ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួកគាត់​ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ នៅពេល​ដែល​ក្រុម​ឈ្មួញកណ្ដាល​មក​ទម្លាក់​ថ្លៃ​ស្រូវ ដោយ​ប្រើ​លេស​ថា ស្រូវ «​មិន​សុទ្ធ​ល្អ​» ខណៈ​ស្រូវ​ដែល​បាន​ដាំដុះ​នោះ ជា​ប្រភេទ​ស្រូវពូជ​ «​ផ្ការំដួល​» ដែល​អ្នកភូមិ​ជាច្រើន​ជំនាន់​បាន​ដាំដុះ​វា និង​អភិរក្ស​វា​ជា​រៀង​រហូតមក​។ អ្នកស្រី សាមុត និយាយថា​៖ «​តាំងពីដើម​រៀងមក អ្នកភូមិ​ខ្ញុំ​ភាគច្រើន ប្រើប្រាស់​តែ​ពូជស្រូវ​ផ្ការំដួល​ហ្នឹង ប៉ុន្តែ​ក្រុម​ឈ្មួញ​គេ​មក​បង្អាប់ថ្លៃ​យើង គេ​ថា ស្រូវ​យើង​មិន​សុទ្ធ​ល្អ គេ​ចង់ឱ្យ​យើង​ទៅ​ទិញ​ស្រូវពូជ​របស់គេ​មក​ដាំ​ហើយ​បោះបង់​ស្រូវ​ពូជ​របស់​យើង​ចោល​។ រឿង​ហ្នឹង​យើង​ពិបាក​នឹង​ទទួល​យក​ណាស់​»​។ អ្នកស្រី សាមុត ថ្លែង​ថា ឥឡូវនេះ ក្រុម​ឈ្មួញកណ្ដាល គេ​ដើរ​ប្រមូល​ទិញ​តែ​ស្រូវ ដែល​គេ​យល់ថា ជា​ស្រូវពូជ​សុទ្ធ​ល្អ ដែល​កសិករ​មួយចំនួន​បាន​ទិញ​ពូជ​ពី​ខាង​រោង​ម៉ាស៊ីនកិនស្រូវ​មក​ដាំ​ប៉ុណ្ណោះ ដោយ​ឱ្យ​តម្លៃ​រហូតដល់​ ១ ០៥០ ​រៀល ក្នុង​ ១ ​គីឡូក្រាម ហើយ​វា​ជា​ប្រភេទ​ «​ស្រូវផ្កាខ្ញី​»​។ ចំណែក​ស្រូវ​ដែល​កសិករ​ធ្វើ​តាំងពី​ដូនតា​មក​នោះ​បើ​ចង់​លក់​ចេញ​នៅពេលនេះ ក៏​គេ​ប្រមូល​ទិញ​ដែរ តែ​គេ​ឱ្យ​តម្លៃ​ត្រឹមតែ​ ៧៥០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម​។

អ្នកស្រី​និយាយថា​៖ «​យើង​គ្មាន​ជម្រើស​ទេ ព្រោះស្រូវ​យើង​វា​សើម ហើយ​បើ​ទុក​មិន​ស្រួល​វា​នឹង​ខូចគុណភាព ដោយសារ​ឥឡូវ​ហ្នឹង​វា​គ្មាន​ថ្ងៃ​ហាល​សម្ងួត​ទេ​។ ម្យ៉ាងទៀត យើង​ក៏​ជំពាក់​ថ្លៃ​ជី​គេ​ផងដែរ​»​។ បើតាម​អ្នកស្រី សាមុត ជី​កសិកម្ម សម្រាប់​ធ្វើស្រែ បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​។ កាលពី​ឆ្នាំ​ ២០១៨ ជី​កសិកម្ម ក្នុង​មួយ​ការ៉ុង ៥០ ​គីឡូក្រាម ថ្លៃ​ ១២ ​ម៉ឺន​រៀល ប៉ុន្តែ​ឥឡូវនេះ វា​ឡើងថ្លៃ​ដល់​ ១៤-១៥ ​ម៉ឺន​រៀល ហើយ​ក្នុង​ផ្ទៃដី​ស្រូវ​ ១ ​ហិកតា ត្រូវ​ប្រើ​ជី​ជា​មធ្យម ចន្លោះ​ពី​ ៣-៤ ​ការ៉ុង​។

ចំណែក​លោក ពក អិត អាយុ​ ៦០ ​ឆ្នាំ ជា​ប្រជាកសិករ​នៅ​ភូមិ-ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ បាន​និយាយថា វិបត្តិ​អាកាសធាតុ និង​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការចំណាយ​នៅក្នុង​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​មាន​កម្រិត​ខ្ពស់ ខណៈ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​កាន់តែ​ថយចុះ ដោយសារ​ការបង្កបង្កើន​ផលស្រូវ​ក្នុង​រដូវប្រាំង និង​ក្នុង​រដូវវស្សា​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ ជួប​ប្រឈម​ការខូចខាត​ជា​បន្តបន្ទាប់​។

លោក អិត ដែលមាន​ដីស្រែ​ ៥ ​ហិកតា​និយាយថា​៖ «២ ​ឆ្នាំ​នេះ ផលស្រូវ​របស់ខ្ញុំ ប្រមូល​បាន​ក្រោម​ ៤ ​តោន ក្នុង​ ១ ​ហិកតា ព្រោះ​ក្នុង​រដូវប្រាំង​ជួប​ប្រឈម​កង្វះ​ទឹក​ស្រោចស្រព​រង​ការខូចខាត​ប្រមាណ​ ២០ ​ភាគរយ​ហើយ​ក្នុង​រដូវវស្សា មាន​ជំនន់​ទឹកភ្លៀង ជន់​លិច​ខូច​អស់​ប្រមាណ​ ៣០ ​ភាគរយ​ទៀត​។ ប៉ុន្តែ​វា​សំណាង​ដែរ នៅពេល​ប្រមូល​ផល ខាង​រោង​ម៉ាស៊ីនកិនស្រូវ​គេ​ចុះ​ប្រមូល​ទិញ ដល់​ទីកន្លែង​ [​វាលស្រែ​] ក្នុង​តម្លៃ​ ៩៥០ ​រៀល​ក្នុង ១ ​គីឡូក្រាម​»​។

បើតាម លោក អិត ពូជស្រូវ ដែល​លោក​យកមក​ដាំដុះ​នោះ គឺជា​ប្រភេទ​ស្រូវ «​សែន​ក្រអូប​» ដែល​លោក​ទិញ​ពី​ខាង​រោង​ម៉ាស៊ីន​កិនស្រូវ​នៅក្នុង​ស្រុក​មង្គលបុរី​ហើយ​វា​ជា​ស្រូវ​ដែល​ត្រូវបាន​គេ​បន្សុទ្ធ​តាម​បទដ្ឋាន​ស្ដង់ដា​បចេ្ចកទេស​កសិកម្ម​។ លោក​ថ្លែងថា​៖ «​ពូជស្រូវ​ហ្នឹង​ជា​ស្រូវ​មិន​ប្រកាន់​រដូវ វា​ផ្ដល់​ផល​ជា​មធ្យម ពី​ ៤ ​ទៅ​ ៥ ​តោន ប៉ុន្តែ​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យ​គ្រោះរាំងស្ងួត​ក្នុង​រដូវប្រាំង និង​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា វា​បាន​ធ្វើឱ្យ​ប៉ះពាល​ដល់​បរិមាណ​ផលស្រូវ​របស់​យើង​។ ទោះ​យ៉ាងណា ផល​ស្រូវ​ដែល​យើង​ផលិត​បាន គឺ​ងាយស្រួល​លក់​»​។

ជុំវិញ​ការប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​នេះ​ផងដែរ ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅក្នុង​ឃុំ​សឿ លោក ជា ទី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់​ពេលនេះ ខាង​រោង​ម៉ាស៊ីនកិនស្រូវ​របស់លោក​បាន​ប្រមូល​ទិញស្រូវ​ពី​កសិករ និង​ឈ្មួញកណ្ដាល​នៅ​ទូទាំង​ស្រុក​មង្គលបុរី​បាន​ប្រមាណ​ជាង​ ២០ ​តោន​ហើយ ដោយ​ទិញ​ចូលក្នុង​តម្លៃ​ចន្លោះ​ពី ៨០០ ​រៀល ទៅ​ ១ ១៥០ ​រៀល​ក្នុង ១ ​គីឡូក្រាម អាស្រ័យ​ទៅ​លើ​ប្រភេទ​ស្រូវពូជ​សុទ្ធ​ល្អ ឬ​ស្រូវ​ចម្រុះ​ប្រភេទ​ [​មិន​សុទ្ធ​]​។

លោក​ថ្លែងថា​៖ «​យើង​ចុះ​ចរចា​តម្លៃ ហើយ​ប្រមូល​ទិញ​ដល់​វាលស្រែ​របស់​កសិករ​តែម្ដង ដោយ​មិន​ចាំបាច់​ឱ្យ​ពួកគាត់​លំបាក​នៅក្នុង​ការដឹកជញ្ជូន​នោះទេ គឺ​ច្រូត​ហើយ​ភ្លាម ទិញ​ភ្លាម ទាំង​សើម​តែម្ដង ព្រោះ​នៅ​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​យើង មាន​ម៉ាស៊ីន​សម្ងួត​ស្រូវ​ផងដែរ​»​។

បើតាម​លោក ជា ទី កសិករ​ភាគច្រើន​ធ្វើ​ស្រូវ​ចម្រុះ​ប្រភេទ​ក្នុង​ដីស្រែ​តែមួយ​។ វា​ជា​បញ្ហា​នៅពេល​យក​ផលិតផល​ស្រូវ​នោះ មក​ផលិត​ជា​អង្ករ សម្រាប់​លក់​បន្ត​នៅលើ​ទីផ្សារ ដែល​ធ្វើឱ្យ​អតិថិជន​មិន​សប្បាយចិត្ត ហើយ​គិតថា​ជា​អង្ករ​ក្លែងក្លាយ​ប៉ះពាល់​គុណភាព​ស្រូវ​អង្ករ​ដែល​សុទ្ធ​ល្អ​៕