រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បានអនុញ្ញាត​ឱ្យ​បើក​ក្លិប​អាជីវកម្ម​ហាត់ប្រាណ សកម្មភាព​ហាត់ប្រាណ​តាម​ទីធ្លា​សាធារណៈ ការហ្វឹកហាត់ និង​ប្រកួត​កីឡា​ឡើងវិញ​នៅ​ទូទាំង​ប្រទេស ដោយ​ត្រូវគោរព​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​សុខភាព​។

នេះ​បើ​យោងតាម​លិខិត​ដែល​លោក ហង់ជួន ណារ៉ុន ផ្ញើជូន​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​កាលពី​ថ្ងៃទី​ ០២ ខែធ្នូ ឆ្នាំ​ ២០២១​។

ការសម្រេច​អនុញ្ញាត​ឱ្យ​បើក​ក្លិប​អាជីវកម្ម​ហាត់ប្រាណ សកម្មភាព​ហាត់ប្រាណ​តាម​ទីធ្លា​សាធារណៈ ការហ្វឹកហាត់ និង​ការប្រកួត​កីឡា​ឡើងវិញ​នេះ​ក៏​យោងតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី​ផងដែរ​។

លោក ហង់ជួន ណារ៉ុន បាន​លើកឡើង​ថា៖ «​ទីកន្លែង​ហាត់ប្រាណ ហ្វឹកហាត់ និង​ការប្រកួត​កីឡា ត្រូវ​ពិនិត្យ​លើ​លទ្ធភាព​ផ្ទុក​ចំនួន​អ្នកចូលរួម​ឱ្យ​ស្រប​ទៅតាម​វិធានការ​សុខាភិបាល ការរក្សា​គម្លាត បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ ជាពិសេស​បន្ទប់ទឹក និង​កន្លែង​ដែលមាន​អ្នក​ប៉ះពាល់​ច្រើន​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ទីកន្លែង​ហាត់ប្រាណ ហ្វឹកហាត់ និង​ការប្រកួត​កីឡា ត្រូវមាន​ឧបករណ៍​ចាំបាច់​ទាំងឡាយ​ដែល​បម្រើឱ្យ​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ ដូចជា​អាល់កុល សាប៊ូ​លាងដៃ ម៉ាស់ ម៉ាស៊ីន​វាស់​កម្ដៅ និង​មាន​អ្នកទទួល​ខុសត្រូវ​ត្រួតពិនិត្យ វាស់​កម្ដៅ បាញ់​អាល់កុល​នៅ​គ្រប់​ច្រកចូល​។

លោក​ថា អ្នក​ដែល​អនុញ្ញាត​ឱ្យ​ចូលទៅក្នុង​ក្លិប​អាជីវកម្ម​ហាត់ប្រាណ និង​ទីលាន​ហ្វឹកហាត់ ឬ​ការប្រកួត​កីឡា គឺ​សម្រាប់តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​រួចហើយ​តែប៉ុណ្ណោះ ហើយ​កន្លែង​ហាត់ប្រាណ ហ្វឹកហាត់ និង​ប្រកួត​កីឡា ត្រូវតែ​ធានា​ថា​មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ឡើយ​៕

វីដេអូ៖