កំពង់ធំៈ ក្រុមការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​គម្រោង​រេដបូកទំរីង ចាប់បាន​រទេះក្របី​កង់ឡាន​ចំនួន ៥ ​គ្រឿង ដឹកជញ្ជូន​ឈើហុប​មូល​ ២០ ​កំណាត់ និង​រណារយន្ត​ចំនួន​ ២ ​គ្រឿង​នៅក្នុង​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ដើមខែ​ធ្នូ​នេះ​។

តាមរយៈ​ហ្វេសប៊ុក​គម្រោង​រេដបូកទំរីង បាន​ឱ្យ​ដឹងថា ក្រុមការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​គម្រោង​រេដបូកទំរីង សហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹករង​កំពង់ធំ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ភូមិ​ត្រពាំងឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ២០២១ ​នេះ​។

ជា​លទ្ធផល​ក្រុម​សមត្ថកិច្ច​ចាប់​ឃាត់​បាន​រទេះក្របី​កង់ឡាន​ចំនួន​ ៥ ​គ្រឿង ដឹកជញ្ជូន​ឈើហុប​មូល​សរុប​ចំនួន​ ២០ ​កំណាត់ ស្មើ​ប្រមាណ​ជាង​ ៨ ​ម៉ែត្រគុប និង​រណារយន្ត​ចំនួន​ ២ ​គ្រឿង​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា​ (​អូរកំពុបអំបិល​) ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

ដោយឡែក​នៅ​ថ្ងៃទី​ ២ ខែធ្នូ ក្រុមការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​គម្រោង​រេដបូកទំរីង បាន​បន្ត​ចុះ​ល្បាត​បន្ថែមទៀត នៅ​តំបន់​អូរងើយ ស្ថិតនៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ និង តំបន់​សហគមន៍​ព្រៃឈើ​រំចេក ស្ថិតនៅក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ការចុះ​ល្បាត​នៅ​ ២ ​គោលដៅ​ចុងក្រោយ​នេះ ជា​លទ្ធផល​ពុំបាន​ជួបប្រទះ​បទល្មើស​ព្រៃឈើ​ឡើយ​៕